ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចចម្រុះដែលឈរជើងនៅក្នុងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបបានឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ ពាក់ព័ន្ធករណីលួចដឹកជញ្ជូនសំណាកសត្វព្រៃដ៏កម្រឆ្លងដែនខុសច្បាប់ កាលពីវេលាម៉ោង១១ និង១៥នាទីយប់ ថ្ងៃទី០៤ តុលា ២០១៥ ស្ថិតនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាប។
លោក គង់ សុខផល្លាគុណ ប្រធានការិយាល័យត្រួតពិនិត្យគយនៃព្រលានយន្តហោះខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់នៅរសៀលថ្ងៃទី០៦ តុលានេះថា ជនសង្ស័យមានឈ្មោះ Vu le thuy ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម បានដឹកឆ្អឹងសត្វព្រៃតាមជើងយន្តហោះលេខOZ.737(អីន ជន.សៀមរាប) ដោយចេញដំណើរនៅថ្ងៃទី២ តុលាពីប្រទេសអង់កូឡានៃទ្វីបអាហ្វ្រិក ឆ្លងចូលប្រទេសអេចូពី រួចចូលប្រទេសកូរ៉េ និងបន្តដំណើរមកដល់ប្រទេសកម្ពុជានៅវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០៤ តុលា ហើយត្រូវសមត្ថកិច្ចឆែកឆេរ និងឃាត់ខ្លួននៅវេលាម៉ោង១១ និង១៥នាទីយប់ ក្នុងនោះមានវ៉ាលីចំនួន២ទម្ងន់៥២គីឡូក្រាម ចំណែកទម្ងន់វត្ថុតាងទម្ងន់៤៥.៦គីឡូក្រាម ដែលមានកំណាត់ភ្លុកដំរី ចំនួន១៥ដុំ ទម្ងន់៤៣គីឡូក្រាម ចុងកន្ទុយដំរីក្រៀមចំនួន១១កន្ទុយ ទម្ងន់១.៩គីឡូក្រាម ចង្គូមខ្លា និងក្រញាំខ្លាចំនួន០.២គីឡូក្រាម។
លោកបន្តថា តាមការសួរចម្លើយជនសង្ស័យបានសារភាពថា នៅប្រទេសអាហ្វ្រិកមិនមានទោសនោះទេ ទើបគាត់ទិញនាំមកលក់តែម្តង ជនសង្ស័យបានបញ្ជាក់ថា ខ្លួនគេជាអ្នកកាន់អីវ៉ាន់ឲ្យគេទេ។ លោកបន្ថែមថា ជនសង្ស័យត្រូវបានបញ្ជូនមកកាន់តុលាការខេត្តដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕


ចែករំលែកព័តមាននេះ