រាជធានីភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោធ្វើការឃាត់ខ្លួនតាមបណ្ដឹងរបស់ស្ត្រីម្នាក់ ដែលមានប្ដីរួចហើយ ដោយបានចោទប្រកាន់ថាបុរសនោះបានចាប់នាងរំលោភសេពសន្ថវៈរហូតបានសម្រេចដល់ទៅ២ដងនៅក្នុងយប់តែមួយ ខណៈពេលផឹកស្រាស្រវឹងហើយប្តីរបស់នាងមិននៅ ។
បុរសជាកម្មករសំណង់រូបនេះត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង៤ និង៤០នាទីល្ងាច ថ្ងៃទី៥ តុលា ២០១៥ នៅចំណុចក្នុងការដ្ឋានសំណង់មួយកន្លែងស្ថិតក្នុងភូមិព្រៃសកើត សង្កាត់ព្រៃស ខណ្ឌដង្កោ និងត្រូវបានគេស្គាល់ថាឈ្មោះ ហ៊ល សុខុន អាយុ៣៥ឆ្នាំ ស្នាក់នៅបណ្តោះអាសន្នក្នុងការដ្ឋានសំណង់ខាងលើ និងមានស្រុកកំណើតនៅក្នុងភូមិទ្រា ឃុំកញ្ចុំ ស្រុកពារាំង ខេត្តព្រៃវែង ។ ចំណែកស្ត្រីដែលចោទប្រកាន់ថាត្រូវគេចាប់រំលោភនោះមានអាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ជាមួយគ្នា និងមានស្រុកកំណើតនៅភូមិភូមិវាល ឃុំគ្រោះ ស្រុករមាសហែក ខេត្តស្វាយរៀង ។
ស្ត្រីរូបនោះបានប្រាប់ឲ្យប៉ូលិសដឹងថា កាលពីល្ងាចថ្ងៃទី៤ តុលា ២០១៥ ក្រោយពេលបញ្ចប់ការងារ នាងរួមជាមួយមនុស្សមួយក្រុមក្នុងនោះមានជនសង្ស័យម្នាក់ផងដែរបាននាំគ្នាទិញស្រាថ្នាំផឹករហូតដល់វេលាម៉ោង១១យប់ទើបឈប់ ។ បន្ទាប់មកនាងបានដើរត្រឡប់ទៅដេកនៅកន្លែងស្នាក់នៅរបស់ខ្លួននៅក្នុងការដ្ឋានសំណង់ ហើយក៏លង់លក់លែងដឹងខ្លួន លុះដល់កន្លះម៉ោងក្រោយមកស្រាប់តែជនសង្ស័យបានដើរចូលទៅធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈដោយបានគំរាមមិនឲ្យស្រែក និងបានសន្យាថាឲ្យលុយនាង១០ម៉ឺនរៀលទៀតផង ។ ពេលនោះដោយសារការភ័យខ្លាចមានគ្រោះថ្នាក់ នាងមិនហ៊ានស្រែកឡើយបណ្តោយឲ្យជននោះរំលោភរហូតបានសម្រេចចំនួន២ដងជាបន្តបន្ទាប់ ទើបជនសង្ស័យនោះបានដើរចេញទៅក្រៅបាត់ស្រមោលតែម្ដង ។ លុះដល់ថ្ងៃទី៥ តុលា ២០១៥ ដោយមិនអាចលាក់បាំងបាន នាងបានយករឿងនោះប្រាប់ប្តីទាំងអស់ ទើបបុរសជាប្ដីបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃសឲ្យចាប់ខ្លួនជននោះ ដើម្បីចាត់ការតាមច្បាប់ ។
ក្រោយពេលចាប់ខ្លួន ជនសង្ស័យបានសារភាពប្រាប់ប៉ូលិសថា នៅមុនពេលកើតហេតុ ខ្លួននិងស្ត្រីរងគ្រោះពិតជាបានផឹកស៊ីជាមួយគ្នាមែនដោយមានមិត្តភក្ដិរួមការងារផឹកជាមួយដែរ ហើយក្រោយពេលឈប់ផឹកក៏ទៅរកកន្លែងដេករៀងៗខ្លួន ដោយឡែករូបគេនៅតែម្នាក់ឯងហើយត្រូវបានស្ត្រីរងគ្រោះហៅឱ្យទៅជួយយាមកំដរនាងព្រោះប្តីរបស់នាងមិននៅរវល់ទៅលេងស្រុកកំណើត ។ ពេលនោះខ្លួនក៏ព្រមទៅ លុះពេលទៅដល់បន្ទប់ស្ត្រីនោះបានចាប់អូសដៃខ្លួនឲ្យចូលក្នុងបន្ទប់គេងជាមួយនាង និងបានរួមរ័កគ្នារហូតបានសម្រេច២ដង ដែលជាការត្រូវរ៉ូវគ្នាសោះ មិនគួរណានាងយករឿងនឹងទៅប្រាប់ប្តី ប្តឹងប៉ូលិសឱ្យឃាត់ខ្លួនគេបែបនេះសោះ ។
ពេលនេះប៉ូលិសកំពុងសាកសួរជនសង្ស័យ និងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ