រដ្ឋាភិបាលអីុស្រាអែលប្រកាសកាលពីយប់ថ្ងៃទី៥ តុលា ពីការពង្រឹងវិធានការសន្តិសុខបន្ទាប់ពីការប៉ះទង្គិចគ្នាថ្មីៗបណ្តាលឱ្យក្មេងជំទង់ប៉ាឡេស្ទីនអាយុ១៣ឆ្នាំម្នាក់ស្លាប់នៅជិតបេត្លេអេម តំបន់ស៊ីសហ្ស៊កដានីមក ។
ក្មេងប្រុសនេះមកពីជំរំភៀសខ្លួន AL AIDAH ត្រូវគ្រាប់កាំភ្លើងមួយគ្រាប់ចំទ្រូង ។ កងទ័ពអីុស្រាអែលអះអាងថា ពុំបានទទួលព័ត៌មានណាមួយពីរឿងនេះ ហើយនិយាយថា នឹងធ្វើការត្រួតពិនិត្យព័ត៌មាននោះ ។
ការប៉ះទង្គិចគ្នាឯទៀតៗរវាងកងកម្លាំងសន្តិសុខអីុស្រាអែល និងពួកបាតុករប៉ាឡេស្ទីនដែលគប់ដុំថ្ម បណ្តាលឱ្យពួកប៉ាឡេស្ទីន១៧០នាក់រងរបួស ។
ពួកប៉ាឡេស្ទីនបានធ្វើការវាយប្រហារដោយកាំបិត២លើក ដោយ១លើកសម្លាប់បុរសអីុស្រាអែលម្នាក់នៅក្រុងហ្សេរុយសាឡឹម កាលពីចុងសប្តាហ៍កន្លងមកនេះ ។ នៅទីក្រុងនោះភាពតានតឹងមានកាន់តែខ្លាំងដោយសាររឿងលក្ខន្តិកៈនៃ ESPLANADE របស់បណ្តាព្រះវិហារអ៊ិស្លាម ។
កាលពីថ្ងៃទី២ តុលា កន្លងមកនេះ ប្តីប្រពន្ធអីុស្រាអែលមួយគូត្រូវបាញ់សម្លាប់នៅជិតតំបន់និគមជនជ្វីហ្វ ITAMAR តំបន់ស៊ីសហ្ស៊កដានី ។
នាយប់ថ្ងៃទី៥ តុលា នាយករដ្ឋមន្ត្រីអីុស្រាអែលបានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ហើយប្រកាសពីវិធានការថ្មីៗដើម្បីធ្វើឱ្យមានភាពស្ងប់ស្ងាត់ឡើងវិញ ។ លោកប្រកាសថា កងទាហានចំនួន៤កងវរសេនាតូចទៀតនឹងដាក់ពង្រាយនៅតំបន់ស៊ីសហ្ស៊កដានី ហើយប៉ូលិសជាច្រើនពាន់នាក់បញ្ជូនមកបន្ថែមកម្លាំងនៅក្រុងហ្សេរុយសាឡឹម ។ យើងនឹងកម្ទេចចោលផ្ទះរបស់ពួកភេរវករ ហើយយើងអនុញ្ញាតឱ្យកងកម្លាំងយើងបញ្ចេញប្រតិកម្មយ៉ាងម៉ឺងម៉ាត់ប្រឆាំងពួកអ្នកគប់ដុំថ្ម និងគប់ដបសាំងដុត ៕
ចែករំលែកព័តមាននេះ