យោងតាមសេចក្តីប្រកាសមួយចេញផ្សាយកាលពីថ្ងៃទី៥ តុលា ថា ក្រុមឧទ្ទាមស៊ីរីជាច្រើនបានអំពាវនាវដល់បណ្តាប្រទេសក្នុងតំបន់ឱ្យបង្កើតសម្ព័ន្ធភាពមួយ ដើម្បីឆ្លើយតបចំពោះការវាយប្រហាររបស់ក្រុមចម្រុះនាំមុខដោយរុស្ស៊ី ។
ក្នុងសេចក្តីប្រកាសនេះ ពួកឧទ្ទាមដល់ទៅយ៉ាងតិច៤១ក្រុម ក្នុងនោះមានចលនាដែលខ្លាំង AHRAR AL CHAM ផង ចាត់ទុកអន្តរាគមន៍យោធារុស្ស៊ីថា ជាការកាន់កាប់ ហើយបានស្នើដល់បណ្តាប្រទេសក្នុងតំបន់ឱ្យបង្កើតក្រុមចម្រុះមួយដែរ ដែលអាចប្រឈមមុខនឹងក្រុមដែលនាំមុខដោយរុស្ស៊ី ដែលរួមមានអីុរ៉ង់ អីុរ៉ាក់ និងស៊ីរីផងដែរ ។
សេចក្តីប្រកាសនេះបង្ហាញពីប្រតិកម្មរបស់បណ្តាក្រុមឧទ្ទាម ដែលជាគោលដៅនៃការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លារបស់រុស្ស៊ី ។ កងយន្តហោះរុស្ស៊ីចាប់ផ្តើមវាយប្រហារបណ្តាទីតាំងពួកឧទ្ទាមពីថ្ងៃទី៣០ កញ្ញា មក ។ នេះជាយុទ្ធនាការវាយប្រហារដំបូងរបស់រុស្ស៊ីនៅស៊ីរី ប្រឆាំងបណ្តាក្រុមភេរវកម្ម ។
ក្រុងដាម៉ាស់អះអាងថា បានស្នើការជួយទ្រទ្រង់ខាងយោធាពីរុស្ស៊ី ដោយបញ្ជាក់ថា កងកម្លាំងអាកាសចរណ៍រុស្ស៊ីបានធ្វើអន្តរាគមន៍តាមសំណើរបស់លោកប្រធានាធិបតីបាចា អាល់អាសាដ ។
បណ្តាស្ថាប័នដឹកនាំរុស្ស៊ីនាពេលថ្មីៗនេះបានយល់ព្រមឱ្យមានជំនួយយោធារុស្ស៊ីដល់កងទ័ពស៊ីរី ។ បណ្តាអ្នកទទួលខុសត្រូវរុស្ស៊ីគូសបញ្ជាក់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះថា ក្រុងមូស្គូនឹងបន្តផ្តល់ជំនួយយោធាពិសេសតាមរយៈបណ្តាអ្នកឯកទេសដល់ក្រុងដាម៉ាស់ ។
ទូរទស្សន៍អារ៉ាប់ AL MAYADEEN រាយការណ៍ថា ការវាយប្រហារតាមអាកាសរបស់រុស្ស៊ីសំដៅលើទីតាំងជាច្រើនរបស់បណ្តាក្រុមជីហាដនៅទូទាំងប្រទេស ។ ទូរទស្សន៍នេះរៀបរាប់ថា ការផ្ទុះខ្លាំងៗស្តាប់ឮពេលកងយន្តហោះរុស្ស៊ីវាយប្រហារលើបណ្តាទីតាំងរបស់ក្រុមរណសិរ្សអាល់ណូស្ត្រា ជាសាខាអាល់កៃដា នៅស៊ីរី នៅក្រុង KAFI HALAH និងលើមូលដ្ឋាន៤៦ ក្នុងខេត្តអាឡែប ។ កងយន្តហោះរុស្ស៊ីក៏វាយប្រហារដែរលើបណ្តាទីតាំងរបស់ក្រុមឧទ្ទាម JAISH AL FATAH នៅជិតមូលដ្ឋានអាកាសចរណ៍ KOERSE ដែលពួកឧទ្ទាមឡោមព័ទ្ធចាប់តាំងពីយូរមកហើយ ។ ម្យ៉ាងទៀត កងយន្តហោះរុស្ស៊ីវាយប្រហារលើបណ្តាទីតាំងរបស់រដ្ឋអ៊ិស្លាមនៅក្បែរក្រុង AL QARYATAIN និងក្រុង JABAL BATRA ក្នុងខេត្ត HOMS ភាគកណ្តាលប្រទេស ព្រមទាំងលើបណ្តាតំបន់ស្ថិតនៅជម្រាលភ្នំខាងកើត នៃជួរភ្នំ QALAMOUN នាភាគខាងជើងក្រុងដាម៉ាស់ និងជិតប្រទេសលីបង់ ។
ចំណែកប្រទេសតួកគី និងអង្គការអូតង់កាលពីថ្ងៃទី៥ តុលា បានបន្តឹងសំឡេងប្រឆាំងរុស្ស៊ី ដោយព្រមានប្រឆាំងការដែលធ្វើប្រតិបត្តិការនៅស៊ីរី ហើយស្នើឱ្យបញ្ឈប់ការវាយប្រហារតាមអាកាស ដែលពួកគេថា សំដៅលើជនស៊ីវិល ។
ពេលសង្គ្រាមកាន់តែរីកដាល ពួកជីហាដនៃក្រុមរដ្ឋអ៊ិស្លាមដែលត្រួតត្រាដែនដីស៊ីរីពាក់កណ្តាលបានបន្តយុទ្ធនាការកម្ទេចចោលទីតាំងបុរាណនៅក្រុង PALMYRE ដោយបំផ្លាញខ្ទេចគ្មានសល់ប្រាសាទ ARC DE TRIOMPHE ល្បីល្បាញនៅទីនោះ ។
ប្រទេសតួកគីប្រកាសថា បណ្តាយន្តហោះធុន F-16 របស់ខ្លួនកាលពីថ្ងៃទី៣ តុលា បានចេញស្ទាក់យន្តហោះប្រដេញរុស្ស៊ី១គ្រឿងបង្ខំឱ្យបកក្រោយវិញ និងថា យន្តហោះប្រដេញតួកគី២គ្រឿងរងការគំរាមកាលពីថ្ងៃទី៤ តុលា ពេលកំពុងហោះហើរល្បាតដោយយន្តហោះធុន MIG-29 មួយគ្រឿង ពុំដឹងអត្តសញ្ញាណ ។
ក្រសួងការពារប្រទេសរុស្ស៊ីពន្យល់ថា យន្តហោះប្រដេញរុស្ស៊ីចូលក្នុងដែនអាកាសតួកគី ដោយសារធាតុអាកាសអាក្រក់ ហើយបដិសេធរាល់ការទាក់ទិននឹងការគំរាមបណ្តាយន្តហោះ
តួកគី ដោយអះអាងថា បណ្តាយន្តហោះធុន MIG-29 ពុំមានប្រើនៅឯមូលដ្ឋានអាកាសចរណ៍រុស្ស៊ីក្នុងប្រទេសស៊ីរីឡើយ ។
រួមប្រជុំបន្ទាន់នៅក្រុងព្រុចសែល ប្រទេសទាំង២៨ជាសមាជិកអូតង់ រួមមានប្រទេសតួកគីដែរ ក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចាត់ទុកការលុកលុយដែនអាកាសតួកគីរបស់យន្តហោះចម្បាំងរុស្ស៊ីថា ជារឿងប្រកបដោយគ្រោះថ្នាក់បំផុតដោយបរិហារថា នោះជាឥរិយាបថគ្មានការទទួលខុសត្រូវ ៕
ចែករំលែកព័តមាននេះ