រាជធានីភ្នំពេញ ៖ ក្នុងខណ:ពេលដែល COVID-19 កំពុងរាតត្បាតយ៉ាងធ្ងន់ធ្ងរ រហូតដល់តម្រូវឱ្យបិទក្រុង ១៤ថ្ងៃ ដែលបណ្តាលឱ្យមាតាបិតាមានការលំបាកក្នុងការនាំកូនទៅមន្ទីរពេទ្យនៅពេលដែលកូនធ្លាក់ខ្លួនឈឺ ដូច្នេះដើម្បីជួយសម្រួលបញ្ហានេះបានមន្ទីរព្យាបាលកុមារ ដំរី សូមលើកយកប្រធាន បទមួយស្តីពី «អការក្តៅខ្លួនលើកុមារ» ដោយជំងឺលើកុមារភាគច្រើនជាជំងឺឆ្លងហើយអាការក្ដៅខ្លួន ជាទូទៅវាជារោគសញ្ញាដំបូងហើយជំងឺមួយចំនួនវាអាចជាជំងឺសាមញ្ញ និងជាសះស្បើយដោយខ្លួនឯង ឬតាមរយៈការអនុវត្តវិធីសាស្ត្រនានាដូចខាងក្រោម ដោយមិនចាំបាច់ទទួលការព្យាបាលពីសំណាក់វេជ្ជបណ្ឌិត លើកលែងតែករណីធ្ងន់ធ្ងរមួយចំនួន ។
វិធីសាស្ត្រខ្លះដើម្បីបន្ថយកំដៅ ៖
១- ព្រលែងខ្លួនកុមារ ឬទារកឱ្យនៅខ្លួនទទេ ។ ២- ប្រើកន្សែងសើមជ្រលក់ទឹកធម្មតា ឬក្នុងករណីកុមារមានកំដៅលើសពី ៣៨,៥ អង្សាសេ នោះត្រូវលាយទឹកក្តៅអ៊ុនៗ ជូតថ្មមៗ និងបន្តិចម្តងៗឱ្យសព្វពេញខ្លួន និងគ្របតាមគន្លាក់ដៃជើងក្រលៀន ដើម្បីបញ្ចុះកំដៅ ។ ៣- ផ្តល់ទឹកឱ្យកុមារញ៉ាំឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ ៤- ផ្តល់ថ្នាំត្រជាក់ ដូចជា ប៉ារ៉ាសេតាម៉ុលទៅតាមកម្រិតទម្ងន់កុមារ ។
ស្របពេលដែលការព្យាបាលអាចធ្វើបានដោយខ្លួនឯង អាណាព្យាបាលទាំងអស់ក៏គួរតែចៀសវាងនូវទម្លាប់ដែលខុសឆ្គងខ្លះៗមួយចំនួនអំឡុងពេលកូនតូចមានជំងឺដែលបង្កឱ្យរាងកាយុមារឡើងកម្ដៅផងដែរ ៖
- ហាមប្រើប្រាស់ថ្នាំបញ្ចុះកំដៅភ្លាមៗ នៅពេលដែលកម្រិតកំដៅត្រឹម ៣៧.៦ ទៅ ៣៧.៩ អង្សា (មាតាបិតាត្រូវចាំថា ការឡើងកំដៅមិនមែនជារឿងអាក្រក់ទេ ពីព្រោះក្នុងលក្ខខណ្ឌនេះខ្លួនប្រាណរបស់កុមារកំពុងធ្វើការប្រយុទ្ធប្រឆាំងទៅនឹងមេរោគ ប្រសិនអ្នកចាប់ផ្ដើមប្រើប្រាស់ថ្នាំបញ្ចុះកម្តៅលឿនពេកនោះអាចឱ្យដំណើរការជាសះស្បើយដោយខ្លួនឯងត្រូវប្រើរយៈពេលយូរ ។ ក្នុងដំណាក់កាលនេះ អ្នកអាចបន្តតាមដានដោយវាស់កំដៅឱ្យបានញឹកញាប់ ហើយធ្វើតាមវិធីសាស្រ្តខាងលើ (១ ២ ៣) យ៉ាងណាមិញ ប្រសិនកំដៅនៅតែបន្តកើនឡើង អ្នកអាចផ្ដល់ឱសថ ប៉ារ៉ាសេតាម៉ុល ។ - ហាមដណ្តប់ភួយ ឬពាក់អាវ ៖ ការដណ្តប់ភួយពេលកុមារគ្រុនក្តៅអាចធ្វើឱ្យកូនរបស់អ្នកមានអារម្មណ៍ថា ស្រួលខ្លួនបន្តិច ប៉ុន្តែវាមិនបានជួយបន្ថយកំដៅទេ ផ្ទុយទៅវិញវាថែមទាំងធ្វើឱ្យកូនលោកអ្នកឡើងកំដៅទៅវិញទេ ។ - ហាមងូតទឹកត្រជាក់ពេក (ទាបជាង ២០ អង្សាសេ) ៖ ទឹកត្រជាក់អាចធ្វើឱ្យុកុមារ រងាញាក់ និងស្វាយចុងដៃចុងជើង និងអាចមានអាការធ្ងន់ធ្ងរមួយចំនួនទៀត ។ ក្នុងករណីធម្មតា មិនធ្ងន់ធ្ងរ កុមារមានសភាពទូទៅមើលទៅដូចធម្មតា អាការក្តៅខ្លួនអាចនឹងបាត់ទៅវិញបន្ទាប់ពី ២ ទៅ ៣ថ្ងៃក្រោយ ។
ផ្ទុយទៅវិញលោកអ្នកត្រូវស្វែងរកការព្យាបាល និងទៅជួបគ្រូពេទ្យប្រសិនបើកុមារមានរោគសញ្ញាមួយចំនួនដូចខាងក្រោម ៖
-កំដៅឡើងលើសពី ៣៨,៥ អង្សា -កុមារមានអាការក្តៅខ្លួនលើសពីពីរថ្ងៃ -កុមារលែងលេង លែងញ៉ាំ អស់កម្លាំង ងងុយគេង ពិបាកដកដង្ហើម ក្អួត និងមានកន្ទួលរមាស់ជាដើម -កុមារមានបញ្ហាសុខភាពជាប់នឹងខ្លួន ឬធ្លាប់មានជំងឺរ៉ាំរ៉ៃ ៕ ដោយ ៖ វេជ្ជបណ្ឌិត អៀង ហួរ
ចែករំលែកព័តមាននេះ