ខេត្តសៀមរាប ៖ នៅថ្ងៃពុធ ទី៧ តុលានេះ កីឡាករ-កីឡាការិនីកម្ពុជា៤រូបនឹងចាប់ដៃគ្នាបំបាក់គូប្រកួតរៀងខ្លួននៅលើសង្វៀនស៊ីធីអិន ខេត្តសៀមរាប ។ អ្នកនិយមទស្សនាកីឡាប្រដាល់កំពុងរង់ចាំអ៊ុតមើល តើកីឡាករ-កីឡាការិនីកម្ពុជាទាំងអស់នេះអាចសម្រេចគោលដៅរបស់ខ្លួនបានឬអត់ ខណៈដែលកីឡាករ-កីឡាការិនីថៃដែលពួកគេត្រូវជួបនាពេលនេះហាក់ដូចជាមានសមត្ថភាពពិបាកផ្តួលអីុចឹងនោះ ។
ការប្រកួតថ្ងៃនេះ គូដែលគេចាប់អារម្មណ៍ជាងគេ គឺកីឡាករវ៉ែន សុវណ្ណ មកពីក្លិបកងកេងខេត្តបាត់ដំបង ជួបប្រកួតជាមួយកីឡាករថៃឈ្មោះ ស៊ីងដាំស៊ីត ហ្វាំងម៉ៃ ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម និងកីឡាការិនី អេ យ៉ានុត មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបប្រកួតជាមួយកីឡាការិនីថៃឈ្មោះផន ស្នេហ៍ ស៊ីតប៉ាធីម ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។
រវាង វ៉ែន សុវណ្ណ និងស៊ីងដាំស៊ីត ហ្វាំងម៉ៃ ជួបគ្នាលើកនេះធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារ វ៉ែន សុវណ្ណ ជាអ្នកប្រដាល់ជើងចាស់មួយរូបដែលធ្លាប់ប្រឡូកនៅលើសង្វៀនជាច្រើនឆ្នាំមកហើយ និងធ្លាប់ប្រកួតជាមួយកីឡាករថៃនៅជាយដែនជាញឹកញាប់ទៀតផង ។ រហូតមកទល់នឹងពេលនេះ ទោះបីវ័យរបស់គេរាងជ្រេបន្តិច កម្លាំងក៏កាន់តែអន់ជាងមុន ប៉ុន្តែល្បិចប្រយុទ្ធរបស់កីឡាកររូបនេះនៅខ្ពស់ដដែល ។ ម្យ៉ាងវិញទៀត ដោយសារតែគេធ្លាប់ប្រកួតជាមួយកីឡាករថៃញឹកញាប់ ទើបលើកនេះអ្នកគាំទ្រផ្តល់ទំនុកចិត្តដោយគ្មានការកែប្រែ ។
ចំណែក អេ យ៉ានិត កូនស្រីរបស់អតីតកីឡាករល្បីឈ្មោះ អេ ភូថង ទោះបីគេជាអ្នកប្រដាល់ស្រីស្រករក្រោយ ប៉ុន្តែល្បិចប្រយុទ្ធរបស់គេមិនចាញ់អ្នកប្រដាល់ជើងចាស់ប៉ុន្មានឡើយ ។ សម្រាប់ការមកជួបប្រកួតជាមួយកីឡាការិនីថៃឈ្មោះ ផន ស្នេហ៍ ស៊ីតប៉ាធីម លើកនេះ នាងប្តេជ្ញាថានឹងយកឈ្នះឱ្យបានមិនឱ្យទស្សនិកជនខកបំណងទេ ។
ដោយឡែកគូអន្តរជាតិ២គូទៀតក៏រំពឹងថា នឹងល្អមើលផងដែរ ដោយសារទាំងកីឡាករកម្ពុជា និងកីឡាករថៃសុទ្ធតែជាជើងខ្លាំងដូចគ្នា និងធ្លាប់ឡើងសង្វៀនប្រកួតរាប់ភ្លេច ។ កីឡាករអាំង សំអាត មកពីក្លិបកងពលធំអន្តរាគមន៍លេខ៨ភ្នំទ្រព្យ ត្រូវជួបប្រកួតជាមួយកីឡាករថៃឈ្មោះ អេតរះ ស៊ីតប៉ាធីម ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម និងកីឡាករចាន់ គង់រាជ មកពីក្លិបតាព្រហ្មមានជ័យបង្ក្រាបគ្រឿងញៀន ជួបប្រកួតជាមួយកីឡាករថៃឈ្មោះ ប៉ុបអាយ ស៊ីតហ្វាំងម៉ៃ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នា តើកីឡាករ-កីឡាការិនីកម្ពុជាទាំង៤រូបនេះ នរណាខ្លះសម្រេចគោលដៅរបស់ខ្លួនដែលបានប្តេជ្ញាថា នឹងយកឈ្នះកីឡាករ-កីឡាការិនីថៃឱ្យបានដូចគ្នានោះ ?
ចែករំលែកព័តមាននេះ