ក្រុមហ៊ុនអាកាសចរណ៍អាមេរិក AMERICAN AIRLINES(A-A) រាយការណ៍ថា អ្នកបើកយន្តហោះម្នាក់ដែលបើកយន្តហោះដឹកអ្នកដំណើរ១គ្រឿងពីទីក្រុង PHOENIX ទៅកាន់ក្រុងបូស្តុន បានស្លាប់់ពេលកំពុងបញ្ជាយន្តហោះរបស់ខ្លួនកាលពីយប់ថ្ងៃទី៤ មកទី៥ តុលា ។ ទោះបីបែបនេះសហអ្នកបើកអាចបញ្ជាយន្តហោះជំនួសចុះចតជាធម្មតា។
ហោះចេញពីទីក្រុង PHOENIX រដ្ឋអារីហ្សូណា ភាគនិរតីសហរដ្ឋអាមេរិកជាមួយអ្នកដំណើរ១៤៧នាក់ និងសមាជិកក្រុមយានិក៥នាក់ យន្តហោះធុន AIRBUS A320 បានហោះងាកឆ្ពោះមកកាន់ព្រលានយន្តហោះ SYRACUSE រដ្ឋញូវយ៉ក ព្រោះអ្នកបើកមានបញ្ហាសុខភាពហើយរូបគេបានស្លាប់ ។
ទោះបីយ៉ាងណាក្រុមហ៊ុនអាកាសចរណ៍AA បានបដិសេធមិនលាតត្រដាងពីមូលហេតុនៃការស្លាប់របស់អ្នកបើកយន្តហោះរូបនេះឡើយ ។ ដោយសារសហអ្នកបើកយន្តហោះអាចចុះចតដោយធម្មតានៅព្រលានយន្តហោះ SYRACUSE នាវេលាម៉ោង៧និង១៣នាទីម៉ោងក្នុងស្រុក ។ នាវេលាម៉ោង៨យន្តហោះនោះបានហោះចេញពីព្រលានយន្តហោះនោះឆ្ពោះទៅកាន់គោលដៅគឺក្រុងបូស្តុន រដ្ឋម៉ាសាជូសេត ។ នេះពុំមែនជាលើកដំបូងឡើយដែលកើតមានសោកនាដកម្មបែបនេះ ។ កាលពីឆ្នាំ២០០៩ អ្នកបើកយន្តហោះមួយដែលហោះរវាងទីក្រុងព្រុចសែល និងញូវយ៉ក ក៏ស្លាប់ពេលកំពុងបើកដែរ ប្រហែលមកពីបញ្ហាសុខភាពជាធម្មជាតិ ៕
ចែករំលែកព័តមាននេះ