ប្រភពព័ត៌មានប៉ូលិស និងមេដឹកនាំកុលសម្ព័ន្ធម្នាក់គូសបញ្ជាក់កាលពីថ្ងៃទី៥ តុលាថា ក្រុមរដ្ឋអ៊ិស្លាមបានប្រហារជីវិតសមាជិកកុលសម្ព័ន្ធស៊ុននីតប្រឆាំងខ្លួន៧០នាក់នៅខេត្តអានបា ។
លោក CHEIKH NA’IM AL GAOUD ប្រមុខកុលសម្ព័ន្ធស៊ុននីត ALBU NIMER គូសបញ្ជាក់ថា ក្រុមជ្រុលនិយមរដ្ឋអ៊ិស្លាមបានចាប់ពង្រត់ ហើយប្រហារជីវិតមនុស្ស៧០នាក់ជាសមាជិកកុលសម្ព័ន្ធរបស់លោកនៅខេត្តអានបា ។
ក្នុងសេចក្តីប្រកាសមួយផ្សាយតាមបណ្តាសារព័ត៌មានអីុរ៉ាក់ លោក AL GAOUD រៀបរាប់ថា ក្រុមរដ្ឋអ៊ិស្លាម កាលពីថ្ងៃទី៤ តុលា បានចាប់ពង្រត់សមាជិកកុលសម្ព័ន្ធ ALBU NIMER ប្រមាណជា៧០នាក់ក្នុងតំបន់ THARTHAR ភាគខាងជើងទីក្រុងរ៉ាម៉ាឌី ទីប្រជុំជនខេត្ត ហើយបាញ់សម្លាប់ពួកគេនៅតំបន់នោះ ។
ប្រមុខកុលសម្ព័ន្ធរូបនេះបញ្ជាក់ថា មនុស្សទាំងអស់ដែលត្រូវប្រហារជីវិតជាជនស៊ីវិល ដែលឪពុកឬបងប្អូនពួកគេចូលបម្រើកងទ័ព ប៉ូលិស និងចូលក្នុងជួរកងជីវពល SAHWA គាំទ្រដោយរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ិស្លាមនៅទីក្រុងបាវ៉ាណា ជិតក្រុងហាឌីថា ចម្ងាយប្រមាណជា២០០គីឡូម៉ែត្រភាគអាគ្នេយ៍ក្រុងបាដាដ ។
ចំណែកមនុស្សយ៉ាងតិច៥០នាក់ស្លាប់ និងជាច្រើនសិបនាក់រងរបួសនាថ្ងៃទី៥ តុលាដែរ ដោយសារការវាយប្រហារភេរវកម្មនានានៅខេត្តឌីយ៉ាឡាភាគខាងកើតអីុរ៉ាក់ ។ ក្នុងចំណោមការវាយប្រហារទាំងនេះមានការវាយប្រហារប្រើរថយន្តផ្ទុកគ្រឿងផ្ទុះក្នុងផ្សារមួយនៃទីក្រុងខាលីសភាគខាងជើងទីប្រជុំជនខេត្ត គឺទីក្រុងបាគូបា ចម្ងាយ៦៥គីឡូម៉ែត្រភាគឦសានក្រុងបាដាដ បណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច៣៥នាក់ និងរបួស៤០នាក់ ៕
ចែករំលែកព័តមាននេះ