ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សុ​ភី និង​លោក នាង ស៊ី​វត្ថា បញ្ចេញ​កំហឹង​ដាក់​គ្នា

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ ជម្លោះ​រវាង​កីឡាករ​ល្បីឈ្មោះ ឡុ​ង សុ​ភី និង​លោក នាង ស៊ី​វត្ថា ជា​អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​បាយ័ន​កាន់តែ​ឡើង​កម្ដៅ​ទ្វេ​ដង​បន្ទាប់​ពី​ភាគី​ទាំង​ពីរ​ប្រកាស​ជំហរ​មិន​ព្រម​សម្រុះសម្រួល​គ្នា​បញ្ចប់រឿង ។ អ្នក​ទាំង​ពីរ​បាន​ទាំង​បញ្ចេញ​កំហឹង​ដាក់​គ្នា​ពាក់ព័ន្ធ​នឹង​រឿង​ចម្រូងចម្រាស​មួយ​នេះ​ទៀត​ផង ។

ក្នុង​ប៉ុន្មាន​ថ្ងៃនេះ រឿងរ៉ាវ​បែកផ្សែង​រវាង​កីឡាករ​ឡុ​ង សុ​ភី និង​លោក នាង ស៊ី​វត្ថា កាន់តែ​ឡើងក​ម្តៅ ។ ភាគី ឡុ​ង សុ​ភី បាន​ប្រកាស​ជំហរ​ទាត់​ចោលការ​ប្រដាល់​ដែល​គ្រោង​ធ្វើ​ឡើង​នៅ​លើ​សង្វៀន​ទូរទស្សន៍​បាយ័ន​ក្នុង​ពេល​ដែល​លោក នាង ស៊ី​វត្ថា ក៏​បាន​ត្រៀមខ្លួន​ចាត់ការ​ផ្លូវច្បាប់​តប​នឹង ឡុ​ង សុ​ភី ព្រម​ជាមួយ​ការ​បោះសម្ដី​ថា ឡុ​ង សុ​ភី ជា​កីឡាករ​ភ្លេច​ធាតុ​ដើម ។ ជម្លោះ​ដែល​បាន​កើតឡើង​បណ្ដាល​មក​ពី​លោក នាង ស៊ី​វត្ថា តម្រូវ​ឲ្យ ឡុ​ង សុ​ភី ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​១ ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​របស់​ខ្លួន​ដោយ​ទទួល​បាន​តែ​តម្លៃ​ខ្លួន​១​ពាន់​ដុល្លារ ប្រសិនបើ​ឈ្នះ​ការ​ប្រកួត​។ ឡុ​ង សុ​ភី  ប្រកាស​មិន​ព្រម​ឡើង​ប្រកួត​ដាច់ខាត ព្រម​ជាមួយនឹង​ការ​ចោទ​ថា​នេះ​ជា​តម្លៃ​ខ្លួន​បន្ទាបបន្ថោក​ដែល​កាន់តែ​ធ្វើ​ឲ្យ​កីឡាករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​មុខ​មិន​រួច ហើយ​ឆ្លង​មិន​ផុត​ពី​ភាព​ក្រីក្រ បើ​គ្មាន​កំណែទម្រង់ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ឡុ​ង សុ​ភី គឺជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​ជំនាន់​ទី​១ កាលពី​ថ្ងៃ​ទី​២១ មិថុនា ឆ្នាំ​២០១៥ របស់​ស្ថានីយទូរទស្សន៍​បាយ័ន ។ ការ​ប្រកួត​នោះ​មាន​កីឡាករ​ថៃ​៤​រូប និង​កីឡាករ​កម្ពុជា​៤​រូប ចែក​ពូ​ល​គ្នា​ប្រកួត​សន្សំ​ពិន្ទុ​រហូត​រក​ឃើញ​អ្នក​ខ្លាំង​ពីរ​នាក់​ឡើង​ប្រកួត​ដណ្ដើម​យក​ខ្សែក្រវាត់ ។ កីឡាករ​ឡុ​ង សុ​ភី វាយ​កីឡាករ​ជើង​ខ្លាំង កែវ រំ​ចង់ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៤ បន្ទាប់​ពី​ឈ្នះ​កីឡាករ​ថៃ​ក្នុង​វគ្គ​ខ្វែង​ទើប​ទទួល​បាន​ខ្សែក្រវាត់​ដ៏​លំបាក និង​ទឹកប្រាក់​៥​ពាន់​ដុល្លារ ។ ក្រោយ​បញ្ចប់​កុងត្រា​ស៊ីប្រាក់ខែ​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ​រយៈពេល​៣​ខែ ឡុ​ង សុ​ភី ត្រូវ​បាន​ទូរទស្សន៍​បាយ័ន​ដាក់​ថ្ងៃ​ឲ្យ​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា​ខាង​មុខ​នៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក ។ កីឡាករ​ថៃ Rareung Lukchampachai ដែល​កាលពី​វគ្គ​ដណ្ដើម​ជើងឯក​ខា​រ៉ា​បាវ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣ នឹង​ត្រូវ​គេ​ដាក់​ឲ្យ​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ជាមួយ ឡុ​ង សុ​ភី ។ ទោះជា​យ៉ាងណា ហេតុផល​យក​លេខ​៣ មក​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ពី​លេខ​១ មិនមែន​ជា​បញ្ហា​ចោទ​នោះ​ទេ​បើ​ទោះជា​មានការ​រិះគន់ ប៉ុន្តែ​អ្វី​ដែល​បង្ក​ឲ្យ​ផ្ទុះ​ចម្រូងចម្រាស គឺ​បញ្ហា​តម្លៃ​ខ្លួន ។

ឡុ​ង សុ​ភី និយាយ​ថា ទោះជា​មាន​វិធានការ​ពី​ខាង​អ្នក​រៀបចំ​កម្មវិធី​បែប​ណា ក៏​មិន​ព្រម​ទទួលយក​ការ​ប្រកួត​ដែរ ដោយសារ​តែ​ការ​ផ្ដល់​តម្លៃ​ខ្លួន​១​ពាន់​ដុល្លារ គឺជា​អ្វី​ដែល​លោក​ក្នុង​នាម​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​រូប​ទទួលយក​មិន​បាន​។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ​និយាយ​ថា ៖ «​ការ​ប្រកួត​ហ្នឹង វា​អាក្រក់​មើល​តាំងពី​យក​លេខ​៣ (​កីឡាករ​ថៃ​) ឲ្យ​មក​ប្រកួត​ដណ្ដើម ប៉ុន្តែ​ដែល​ខ្ញុំ​អន់ចិត្ត​បំផុត គឺ​គាត់​ឱ្យ​តែ​១​ពាន់​ដុល្លារ​បើ​ខ្ញុំ​ឈ្នះ និង​ឲ្យ​តែ​៤០០ ឬ​៤៥០​ដុល្លារ​បើ​ខ្ញុំ​ចាញ់​។ ការ​ប្រកួត​ការពារ​ខ្សែក្រវាត់​បើ​គេ​ធ្វើ​តែ​អ​ញ្ចឹ​ង តើ​ឱ្យ​កីឡាករ​ម្នាក់​ៗ​អាចរ​ស់បាន​ទេ ព្រោះ​ការ​ប្រកួត​អ​ញ្ចឹ​ង​មិនមែន​មាន​ច្រើន​ដង​ឯណា​!» ។ លោក​ថា អត់​ឡើង​ប្រកួត​ដាច់ខាត បើ​ទោះជា​ត្រូវ​បាត់បង់​អាជីព​ដោយសារ​តែ​លោក​នាង ស៊ី​វត្ថា ប្រើ​ឥទ្ធិពល​បិទ​ខ្លួន​មិន​ឲ្យ​មានឱកាស​ឡើង​ប្រដាល់​ក៏​ដោយ ។

លោក នាង ស៊ី​វត្ថា អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​ព្រឹត្តិការណ៍​នោះ បាន​ថ្លែងប្រាប់​ថា បើ ឡុ​ង សុ​ភី មិន​ព្រម​ឡើង​ប្រកួត នោះ​លោក​នឹង​ប្រើ​វិធានការ​ដោះស្រាយ​តាម​រយៈ​សហព័ន្ធ ឬ​តាម​ផ្លូវច្បាប់ បើ​កម្មវិធី​ទាំងមូល​ត្រូវ​ខូច​ដោយសារ​តែ​បង្ហាញ​រោងការ​ទៅ​ហើយ តែ​មិន​មានកូន​កំលោះ ។ លោក​ថា អត់​មាន​វិធានការ​ដំឡើង​តម្លៃ​ខ្លួន​លើស​ពី​១​ពាន់​ដុល្លារ​តាម​ការ​ចង់បាន​របស់ ឡុ​ង សុ​ភី នោះ​ទេ ហើយ​ក៏​ទាមទារ​ឲ្យ​ឡុ​ង សុ​ភី ធ្វើ​លិខិតផ្លូវការ​ពាក់ព័ន្ធ​នឹង​ជំហរ​មិន​ឡើង​ប្រកួត​នេះ​ដែរ ។ លោក​មាន​ប្រសាសន៍​ថា ៖ «​គាត់​ទារ​ដល់​៥​ពាន់​ដុល្លារ​ខាង​ណា​គេ​មាន​លុយ​ឲ្យ ! អត់​អី​ទេ​បើ​គាត់​អត់​ឡើង​ប្រកួត ខ្ញុំ​មាន​វិធី​របស់ខ្ញុំ តែ​ខ្ញុំ​អាច​ដូរ​គាត់​ចោល​ក៏​បាន​ចាត់​ទុក​ថា​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​១​ហ្នឹង​ដូច​បោះចោល ព្រោះ​មិនមែន​មាន​តែ ឡុ​ង សុ​ភី ឯណា បើ​គាត់​ភ្លេច​ធាតុ​ដើម​ឲ្យ​គាត់​ធ្វើ​ទៅ ខ្ញុំ​ក៏​មាន​មធ្យោបាយ​របស់ខ្ញុំ​ដែរ​!»​។ លោក​មិន​ទាន់​ច្បាស់​ថា នឹង​ត្រូវ​ចាត់ការ​ឡុ​ង សុ​ភី ដោយ​មធ្យោបាយ​ផ្លូវច្បាប់ ឬ​ធីប​កីឡាករ​រូប​នេះ​ចេញពី​ស្ថាប័ន​បាយ័ន​នៅឡើយ​ទេ ដោយ​គ្រាន់តែ​អះអាង​វិធានការ​តតាំង​គឺ​មាន​ដូច​គ្នា​បើ ឡុ​ង សុ​ភី ធ្វើ​ឲ្យ​លោក​ឈឺក្បាល ។

ឡុ​ង សុ​ភី អះអាង​ថា មិន​ខ្លាច​បាត់បង់​អាជីព​ឬ​បាត់បង់​ការ​ប្រដាល់​នៅ​ក្នុង​ស្ថាប័ន​ទូរទស្សន៍​បាយ័ន​ទេ បើ​ការ​ប្រដាល់​ដែល​គ្រោង​តម្រូវ​ឲ្យ​លោក​ឡើង​ការពារ​ខ្សែក្រវាត់​មួយ​នេះ កំណត់​តម្លៃ​ខ្លួន​ដោយ​ការ​បន្ទាបបន្ថោក​បែប​នេះ​។ លោក​ថា លោក​មិន​បាន​ទាមទារ​ឲ្យ​ផ្ដល់​តម្លៃ​កីឡាករ​ដល់​រាប់រយ​រាប់​ពាន់​ដុល្លារ​ដូច​ករណី វង្ស ណ​យ កាលពីមុន​នោះ​ទេ គឺ​គ្រាន់តែ​សុំ​ឲ្យ​មន្ត្រី​ថ្នាក់លើ​គិតគូរ​ឡើង​វិញ​ថា ការ​ប្រកួត​ការពារ​ខ្សែក្រវាត់​ដែល​ហ៊ាន​ចំណាយ​ធ្វើ​ឡើង​ដល់​ទៅ​ស្ដា​ត​អូ​ឡាំ​ពិ​ក​របស់​ទូរទស្សន៍​បាយ័ន គួរ​នឹង​ផ្ដល់​១​ពាន់​ដុល្លារ​ឲ្យ​អ្នក​ឈ្នះ​សម​ឬ​មិន​សម​ប៉ុណ្ណោះ ។ លោក​ថា កីឡាករ​កម្ពុជា​មិន​អាច​ទៅ​មុខ​បាន​ទេ បើ​ការ​រីក​ចម្រើន​ទៅ​រួច​តែ​លើ​មន្ត្រី​ជា​អ្នក​រៀបចំ ចំណែកឯ​កីឡាករ​នៅ​តែ​គ្មាន​ការ​លើកកម្ពស់ ។ លោក​និយាយ​ដោយ​សឿង​ថា ៖ «​ខ្ញុំ​ជឿ​ថា អ្នក​ស្ពុ​ន​ស័​រ​មិន​អត់​ទេ​ត្រឹម​៤-៥​ពាន់​ដុល្លារ​សម្រាប់​ឲ្យ​កីឡាករ​កម្ពុជា​ក្នុង​ការ​ប្រកួត​បែប​ហ្នឹង ប៉ុន្តែ​មក​ពី​គេ​មិន​ឲ្យ​តែ​ម្ដង​! ដើរ​សួរ​គ្រប់​ប្រទេស​ទៅ តើ​អ្នក​ណា​ឡើង​ប្រកួត​ការពារ​ខ្សែក្រវាត់​បាន​ប្រាក់​១​ពាន់​ដុល្លារ​ដូច​ខ្ញុំ ! ខ្ញុំ​អត់​ឡើង​ប្រកួត​ទេ គាត់ (​នាង ស៊ី​វត្ថា​) យក​ទៅ​ណា​ទៅ​ទៅ​!» ។

ជម្លោះ​លើ​បញ្ហា​នេះ​ត្រូវ​បាន​មហាជន​យល់​ថា កើតឡើង​ដោយសារ​បញ្ហា​តម្លៃ​ខ្លួន មិន​មាន​តុល្យភាព​នឹង​ការ​រីក​ចម្រើន​នៅ​ក្នុង​វិស័យ​ប្រដាល់​នា​ពេល​ចុង​ក្រោយ ។ នេះ​ជា​ករណី​វិវាទ​របស់​កីឡាករ និង​អ្នក​រៀបចំ​ការ​ប្រដាល់​នៅ​ក្នុង​ស្ថាប័ន​មួយ​ដែល​ខាង​មន្ត្រី​ពាក់ព័ន្ធ​មិន​អាច​ប្រើ​មធ្យោបាយ​ដាក់​សម្ពាធ​កីឡាករ​ដូច​អ្វី​ដែល​ធ្វើ​ឡើង​ទៀត​ទេ ។ អ្នក​ឃ្លាំមើល​ជា​ច្រើន​កំពុង​ចាំ​មើល តើ​សហព័ន្ធ​ប្រដាល់​នឹង​ផ្ដល់​ដំណោះស្រាយ​ជួយ​ដល់​ភាគី​ណាមួយ​ចំពោះ​ករណី​នេះ​។ ឡុ​ង សុ​ភី និយាយ​ថា បើ​ត្រូវ​គេ​ផ្អាក​ការ​ផ្គូផ្គង​ដើម្បី​ដាក់​សម្ពាធ​ចំពោះ​ការ​តបត​បន្ទាប់​ពី​មានរឿង​នេះ​ជាមួយ​លោក នាង ស៊ី​វត្ថា នោះ​លោក​ក៏​សុខចិត្ត​ទទួល​ដែរ ។ អ្នក​តាមដាន​សាច់​រឿង​នេះ លើក​ឡើង​ថា បើ​ខាង​សហព័ន្ធ​ពិតជា​បំបាត់​សំឡេង ឡុ​ង សុ​ភី នៅ​លើ​សង្វៀន​ប្រដាល់​នៅ​តាម​ប៉ុស្ដិ៍​ផ្សេង​ពិតមែន ការ​រិះគន់​ចំពោះ​ចំណាត់ការ​របស់​សហព័ន្ធ​ប្រដាល់​ពិតជា​ត្រូវ​សាយភាយ ដោយសារ​តែ​នោះ​គឺ​មិន​ខុស​ពី​ការ​ដាក់​សម្ពាធ​មិន​ឲ្យ​កីឡាករ​មាន​សិទ្ធិ​បញ្ចេញមតិ ឬ​តវ៉ា​ចំពោះ​អ្វីមួយ​ដែល​ពួក​គេ​យល់​ថា​មិន​សម​ហេតុផល ។ មន្ត្រី​សហព័ន្ធ​ត្រូវ​គេ​មើលឃើញ​ថា គឺជា​ភាគី​ទទួលខុសត្រូវ​ធំ​បំផុត​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​លើកកម្ពស់​ដល់​តម្លៃ​កីឡាករ និង​ពង្រីក​វិស័យ​ប្រដាល់​ឲ្យ​មាន​និរន្តរភាព​ពិតប្រាកដ ។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​ប្រដាល់​នៅ​មិន​ទាន់​សុំ​ការ​ស្រាប​បំភ្លឺ​ចំពោះ​ជម្លោះ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​លោក​ធា្ល​ប់​អះអាង​ថា តម្លៃ​ខ្លួន​កីឡាករ​កម្ពុជា​មិន​អាច​ប្រៀបប្រដូច​កីឡាករ​បរទេស​បាន​ទេ ដោយសារ​តែ​ស្ថានភាព​ចំណូល​ពី​អ្នក​ឧបត្ថម្ភ​មិន​ដូច​គ្នា ។ យ៉ាងណា​ក៏​ដោយ​កីឡាករ​ភាគច្រើន និង​អ្នក​តាមដាន​អះអាង​ថា
សហព័ន្ធ​ប្រដាល់ និង​អ្នក​រៀបចំ​ប្រចាំ​ប៉ុស្ដិ៍​ទូរទស្សន៍​នឹង​មាន​លទ្ធភាព​ដោះស្រាយ​លើ​កង្វល់​ទាំងនេះ​របស់​កីឡាករ ប្រសិនបើ​ពិតជា​មាន​ចេតនា​ចង់​ដោះស្រាយ​លើ​បញ្ហា​នេះ​ដើម្បី​ឲ្យ​កីឡាករ​ទទួលយក​បាន ៕