លោកចូសេ ម៉ូរីនញ៉ូ គ្រូបង្វឹកក្លិប Chelsea បានបង្ហាញពីហេតុផលមួយក្នុងការដាក់ពាក្យសុំលាឈប់ពីទឹកដី «ស្ដេមហ្វតប្រ៊ីដ» របស់ក្លិបChelsea ប្រសិនបើកីឡាករគ្រប់រូបបញ្ជាក់ថា មិនត្រូវការលោកក្រោយពីប្រកួតចាញ់ក្នុងទឹកដីជាមួយក្លិប Southamton ក្នុងលទ្ធផល ៣-១ កាលពីថ្ងៃទី៣ តុលា កន្លងមក ។
ចំនួន៨ប្រកួតបានកន្លងផុតក្លិបChelsea ក្នុងនាមជាអតីតជើងឯក គឺស្ថិតនៅលំដាប់ទី១៦ មាន៨ពិន្ទុ ដោយនៅពីលើតារាងគ្រោះថ្នាក់ចំនួន៤ពិន្ទុ និងតាមពីក្រោយក្លិបកំពូលតារាង Man City ចំនួន១០ពិន្ទុ ។ ប្រាកដណាស់បញ្ហានេះរមែងមានការនិយាយពីការប្ដូរគ្រូបង្វឹកជារឿយៗរបស់អ្នកគាំទ្រក្លិប ។ កាលពីរដូវកាល២០០៧-២០០៨ លោកចូសេ ម៉ូរីនញ៉ូ ដែលដឹកនាំក្លិប Chelsea បើកឆាកដំបូងមិនយូរប៉ុន្មានក៏ត្រូវបណ្ដេញចេញនៅពាក់កណ្ដាលខែកញ្ញា និងដាក់ជំនួសដោយលោក អាហ្វ្ររ៉ាម ហ្គ្រែន ។
ជាចុងក្រោយលោកម៉ូរីនញ៉ូថ្លែងថា៖ «មនុស្សគ្រប់រូបអាចនិយាយពីអ្វីដែលពួកគេត្រូវការបាន ប៉ុន្តែគួរធ្វើការសាកសួរនៅទីលានហ្វឹកហាត់ខប់ហេម នៅសប្ដាហ៍ក្រោយ រួចត្រូវសួរយោបល់កីឡាករ ចន ធឺរី ឌីយេហ្គោ កូស្ដា និងរ៉ាមីរ៉េស ដែលមិនបានទៅលេងឱ្យក្រុមជម្រើសជាតិ ។ ប្រសិនបើពួកគេប្រាប់ថា មិនជឿជាក់លើការដឹកនាំរបស់ខ្ញុំ នោះគឺជាហេតុផលមួយក្នុងការលាលែងរបស់ខ្ញុំយ៉ាងពិតប្រាកដ» ៕
ចែករំលែកព័តមាននេះ