ខេត្តកំពត ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងកិច្ចសហការជាមួយលោក ឯក ឆេងហ៊ួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ច័ន្ទដារ៉ា មេបញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀនក្នុងផ្ទះសំណាក់មួយឈ្មោះពិភពថ្មី ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី៣ តុលា ២០១៥ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ។
លោកវរសេនីយ៍ទោ ហែម ច័ន្ទដារ៉ា បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ មាន ១-ឈ្មោះ សួង ពិសី ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ជាអ្នកលក់ស្រាបៀរ ២-ឈ្មោះ យឹម ចាន់ណា ភេទស្រី អាយុ៣០ឆ្នាំ មានទីលំនៅភូមិស្វាយធំ សង្កាត់ក្រាំងអំពិល ក្រុងកំពត ជាអ្នកលក់ស្រាបៀរ និង៣-ឈ្មោះ សាយ ខឿន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិក្រាំងសង្កាត់ក្រាំងអំពិល ក្រុងកំពត ជាកសិករ ។ ចំណែកវត្ថុតាងដែលរឹបអូសបាន មាន ថ្នាំញៀនប្រភេទម៉ាទឹកកក២កញ្ចប់តូច ឧបករណ៍សម្រាប់ជក់២ ទូរស័ព្ទដៃ៣គ្រឿង ប្រាក់អាមេរិក៧០ដុល្លារ និងប្រាក់ខ្មែរ១០.២០០០រៀល ។
ជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី ៕


ចែករំលែកព័តមាននេះ