រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋជាង៥០នាក់ឡោមព័ទ្ធវាយទ្រមខ្លួន ព្រោះស្មានថាជាចោរចូលមកលួចយកទ្រព្យសម្បត្តិបង្កឲ្យមានការភ្ញាក់ផ្អើលពេញមួយភូមិផ្លូវរទះភ្លើងទាំងយប់ កាលពីវេលាម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី០៥ តុលា២០១០ ស្ថិតក្នុងម្តុំបន្ទប់ជួលភូមិរទះភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ។
បុរសដែលត្រូវគេច្រឡំថា ជាចោរនោះមាន ឈ្មោះ អ៊ុំយុន ហៅម៉ៅ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅជិតម្តុំរទះភ្លើងក្បែរកន្លែងកើតហេតុខាងលើផងដែរ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ ពួកគាត់បានឃើញបុរសម្នាក់ខាងលើនេះមកអើតឡើមមិនដឹងរកអ្វីតាំងពីថ្ងៃមកម្ល៉េះ លុះនៅម៉ោងកើតហេតុបុរសម្នាក់នេះមកកន្លែងដដែលម្តងទៀត ហើយដើរសំដៅមកបន្ទប់ជួលដោយមិនដឹងមានបំណងអ្វី បន្ទាប់មកបុរសនោះក៏ស្ទុះទៅទាញបន្ទប់គេស្នាក់នៅធ្វើឱ្យអ្នកនៅក្នុងបន្ទប់ស្រែកឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងជិតមួយភូមិចេញមកដេញវាយបុរសដែលគេមិនស្គាល់នោះធ្វើឱ្យរូបគេភ័យពេកក៏រត់ទៅលោតចូលបឹងកំប្លោកសម្ងំក្នុងទឹកជាង១ម៉ោង ទាល់តែសមត្ថកិច្ចមកដល់ទើបបុរសនោះងើបឡើងមកវិញ ។
ក្រោយពីការសួរនាំរបស់សមត្ថកិច្ច បុរសដែលត្រូវគេសង្ស័យថា ជាចោរនោះបានឆ្លើយប្រាប់ទាំងឈាមហូរស្រោចមុខថា រូបគាត់មិនមែនជាចោរលួចប្លន់អ្នកណាឡើយ គឺគាត់មករកប្រពន្ធ និងកូនដែលមិនទៅផ្ទះជាង៦ថ្ងៃហើយ ដោយគាត់ឭគេប្រាប់ថា ឃើញប្រពន្ធ និងកូនរបស់គាត់ស្នាក់នៅម្តុំបន្ទប់ជួលនោះ គាត់ដើរមករកទៅ ស្រាប់តែគាត់បានឃើញប្រពន្ធរបស់គាត់ស្នាក់នៅបន្ទប់ជួលម្តុំនោះពិតមែន តែមិនដឹងយ៉ាងម៉េចស្រាប់តែប្រជាពលរដ្ឋក្បែរនោះស្រែកថា គាត់ជាចោរក៏ដេញវាយ និងធាក់គាត់ដោយមិនបានសួរនាំអ្វីទាំងអស់ ព្រោះតែភ័យពេកគាត់ក៏រត់គេចខ្លួនទៅហក់ចូលទៅបឹងកប្លោកសម្ងំក្នុងទឹកនោះតែម្តងទៅដើម្បីការពារសុវត្ថិភាពរបស់ខ្លួន។
ទោះយ៉ាងសមត្ថកិច្ចនៅតែយកបុរសដែលត្រូវគេសង្ស័យជាចោរលួចនោះទៅសួរនាំនៅប៉ុស្តិ៍នគរបាលបឹងកក់សិន ដើម្បីឱ្យដឹងរឿងកាន់តែច្បាស់ ហើយបើសិនជាបុរសដែលគេសង្ស័យនោះមិនមានជាប់ពាក់ពន្ធ័នឹងរឿងមែន សមត្ថកិច្ចនឹងដោះលែងគាត់វិញ ៕


ចែករំលែកព័តមាននេះ