ប្រទេសមីយ៉ាន់ម៉ា ៖ លោកស្រីPollie Sim នាយកប្រតិបត្តិផ្នែកជំនួញអន្តរជាតិរបស់ធនាគារម៉ាឡេស៊ីបានបង្ហើបឲ្យដឹងថា Maybank នឹងផ្តល់នូវសេវាកម្មមួយចំនួននៅក្នុងប្រទេសមីយ៉ាន់ម៉ាដែលរាប់បញ្ចូលគម្រោងហិរញ្ញវត្ថុ និងការផ្តល់កម្ចីផ្នែកសាជីវកម្ម ។
មួយវិញទៀត លោកស្រីបានថ្លែងនៅក្នុងឱកាសនៃការប្រារព្ធពិធីបើកឲ្យដំណើរការការិយាល័យសាខានៅមីយ៉ាន់ម៉ារបស់ធនាគារនេះថា លោកស្រីនឹងជួយដល់បណ្តាក្រុមហ៊ុននានានៅក្នុងការបង្កើនមូលធន ឬដើមទុនតាមរយៈទីផ្សារបំណុលក្នុងតំបន់ ។
មានតែក្រុមហ៊ុន Yoma Strategic របស់មីយ៉ាន់ម៉ាមួយប៉ុណ្ណោះដែលទទួលបានជោគជ័យនៅក្នុងការបង្កើនមូលធនតាមរយៈទីផ្សារមូលធនអន្តរជាតិដែលបានចុះបញ្ជីនៅក្នុងផ្សារភាគសិង្ហបុរី កាលពីឆ្នាំ២០០៦ ។
លោកស្រី Sim បានឲ្យដឹងថា ៖ « យើងបានស្ថិតនៅក្នុងតំណែងដែលល្អប្រសើរនៅក្នុងការនាំយកនូវបទពិសោធន៍របស់យើងមកអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុឬក៏ជួយបង្កើនមូលធនតាមរយៈទីផ្សារបំណុលនៅក្នុងតំបន់ »។
ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកមកលើក្រុមហ៊ុនប្រកបជំនួញធំបំផុតនៅក្នុងប្រទេសមីយ៉ាន់ម៉ា នឹងធ្វើដំណើរវិវឌ្ឍន៍ទៅមុខរបស់បណ្តាក្រុមហ៊ុនមកពីនាយសមុទ្រក្នុងស្រុកមានល្បឿនយឺតនៅក្នុងការបង្កើនមូលធនអន្តរជាតិ ។
ចំណែកការជួញដូរផ្សារមូលបត្រក្រុងយ៉ាំងហ្គូនរបស់ប្រជាជាតិមួយនេះ ក៏ត្រូវបានកំណត់កាលបរិច្ឆេទនៅក្នុងការបើកឲ្យដំណើរការនៅខែធ្នូខាងមុខនេះដែរ ហើយអ្នកជំនាញបានលើកឡើងថា បណ្តាអាជ្ញាធរពាក់ព័ន្ធទំនងជានឹងលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុកនៅក្នុងការចុះបញ្ជីជួញដូរក្នុងស្រុកជាជាងនៅបរទេស ។
Maybank គឺជាធនាគាររបស់ម៉ាឡេស៊ីដំបូងគេហើយដែលបើកសាខានៅមីយ៉ាន់ម៉ាបើទោះជាខ្លួនបានបើកការិយាល័យតំណាងនៅក្នុងប្រទេសនេះជាងពីរទសវត្សរ៍មកហើយក៏ដោយ ។
លោកស្រី Sim បានគូសបញ្ជាក់ថា បច្ចុប្បន្នធនាគាររបស់លោកស្រីត្រូវបានអនុញ្ញាតឲ្យប្រកបអាជីវកម្មក្នុងប្រទេសមីយ៉ាន់ ម៉ាជាលើកដំបូង ពោលគឺវានឹងផ្តោតទៅលើតំបន់អាទិភាពនៃការផ្តល់ហិរញ្ញវត្ថុសម្រាប់កំណើនរួមមាន វិស័យថាមពល ប្រេងនិងឧស្ម័ន និងវិស័យទូរគមនាគមន៍ជាដើម ។ ថ្មីៗនេះធនាគារបានផ្តល់នូវហិរញ្ញវត្ថុសម្រាប់អាកាសយានដ្ឋានអន្តរជាតិក្រុងយ៉ាំងហ្គូនដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនពហុផលិតផលមីយ៉ាន់ម៉ាអាស៊ីពិភពលោក ក៏ដូចជាការអភិវឌ្ឍបំពង់បង្ហូរឧស្ម័ន កំពង់ផែសមុទ្រ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំណង់ដទៃទៀត ។
ជាមួយនឹងដំណោះស្រាយទីផ្សារមូលធន ធនាគារ Maybankនឹងផ្តល់នូវរតនាគារនិងសេវាគ្រប់គ្រងសាច់ប្រាក់ គណនីបញ្ញើ ការប្រកបជំនួញក្នុងវិស័យធនាគារ និងការធ្វើការរត់ឯកសារផ្តល់ហិរញ្ញវត្ថុជាដើមទុនផងដែរ ។
លោកស្រីបានលើកឡើងថា ខ្លួនរំពឹងថានឹងពង្រីកអតិថិជនបាន៣លាននាក់នៅក្នុងប្រទេសមីយ៉ាន់ម៉ានៅឆ្នាំខាងមុខ ហើយថែមទាំងមានការជឿជាក់ថា ការប្រកបជំនួញផ្តល់កម្ចីនិងជួញដូរក្នុងវិស័យធនាគារនឹងប្រែក្លាយជាគ្រឿងទាញយកចំណូលដ៏ធំមួយនៅក្នុងរយៈពេល៥ឆ្នាំក្រោយ ។
នាយប្រតិបត្តិ Indochina លោក Soon Su Long បានឲ្យដឹងថា Maybank ក៏ផ្តល់នូវសេវាហិរញ្ញវត្ថុពាណិជ្ជកម្មផងដែរដោយសារតែការតភ្ជាប់អតិថិជនជាមួយនឹងបណ្តាប្រទេសជាដៃគូពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាដូចជា ៖ ចិន ឥណ្ឌា និងអាស៊ាន ជាដើម ។
លោកបានបន្ថែមថា « Maybank មានឥណទានខ្ពស់ឬច្រើនជាងបណ្តាធនាគារក្នុងស្រុកជាច្រើន ហើយអាចផ្តល់នូវការរ៉ាប់រងចំពោះការផ្តល់ហិរញ្ញវត្ថុពាណិជ្ជកម្មដែលនឹងត្រូវបានទទួលយកដោយដៃគូពាណិជ្ជកម្មរបស់មីយ៉ាន់ម៉ាទៀតផង »។
ម្យ៉ាងទៀត Maybank បានឆ្លើយតបទៅនឹងទំនាក់ទំនងជាមួយបណ្តាធនាគារក្នុងស្រុកចំនួន១៤ ប៉ុន្តែមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការមួយចំនួននៅឡើយទេ ។
ធនាគារម៉ាឡេស៊ីមួយនេះគឺស្ថិតនៅក្នុងចំណោមធនាគារបរទេសចំនួន៩ដែលទទួលបានអាជ្ញាប័ណ្ណប្រតិបត្តិការនៅក្នុងប្រទេសមីយ៉ាន់ ម៉ា ។ ធនាគារទាំងនោះត្រូវបានតម្រូវឲ្យបង់ដើមទុនអប្បបរមាចំនួន៧៥លានដុល្លារ ហើយជាដំបូងត្រូវបានកំណត់ឲ្យប្រតិបត្តិការសាខាតែមួយប៉ុណ្ណោះ និងផ្តល់កម្ចីដល់អតិថិជនសាជីវកម្មអន្តរជាតិ និងបណ្តាធនាគារក្នុងស្រុក ។
គួរបញ្ជាក់ថា ធនាគារដែលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្មនៅមីយ៉ាន់ម៉ារួមមានដូចជា៖ ធនាគារANZរបស់អូស្ត្រាលី Bangkok Bank (ថៃ) Mizuho (ជប៉ុន) The Bank of Tokyo –Mitsubishi UFJ និង Sumitomo Mitsui Banking Corporation ធនាគារឧស្សាហកម្មនិងពាណិជ្ជកម្មចិន (ICBC) ធនាគារ Maybank របស់មីយ៉ាន់ម៉ា និងធនាគារ Oversea-Chines Corporation (OCBC) របស់សិង្ហបុរីនិងធនាគារ United Overseas Bank (UOB) ។
Maybank គឺជាធនាគារតែមួយគត់នៅលើពិភពលោកដែលមានការិយាល័យនៅគ្រប់បណ្តាប្រទេសសមាជិកអាស៊ានទាំង១០ ហើយក៏ជាធនាគារធំជាងគេបំផុតទី៤ដែរក្នុងតំបន់តាមរយៈទុនសកម្មសរុប១៤៥ប៊ីលានដុល្លារ កាលពីឆ្នាំ២០១៤ ៕
ចែករំលែកព័តមាននេះ