ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

« ផឹកទឹក ឱ្យ​នឹក​ដល់​ប្រភព »ជា​ពាក្យចាស់​ដែល​គួរ​បដិបត្តិ​តាម

10 ឆ្នាំ មុន

យុវជន​វ័យក្មេង​ម្នាក់​កំពុងនិយាយ​បណ្តើរ ញញឹម​បណ្តើរ បាន​រៀបរាប់​ពី​ទំនុកចិត្ត​របស់​ខ្លួន​ក្នុង​ការ​បោះបង់​ការងារ មក​បង្កើត​ជំនួញ​ផ្ទាល់ខ្លួន​ក្នុង​វិស័យ​គ្រប់គ្រង​ធនធានមនុស្ស​ដែល​កំពុង​ដំណើរការ​ក្នុង​ពេល​បច្ចុប្បន្ន ។

លោក សោម សុធា ជា​ស្ថាបនិក​ក្រុមហ៊ុន CVer Agency ដែល​ទើបនឹង​បង្កើត​ឡើង​កាលពី​ខែកញ្ញា​កន្លង​ទៅ​នេះ និង​ជា​យុវជន​ម្នាក់​ដែល​បាន​សម្រេចចិត្ត​ចាក​ចេញពី​ភាព​ជា​និយោជិត​ទៅ​ជា​អ្នក​បង្កើត​ការងារ​សម្រាប់​ខ្លួនឯង និង​យុវជន​ផ្សេង​ទៀត ។

លោក​សុធា មានស្រុក​កំណើត​នៅ​ក្នុងភូមិ​សួន​ថ្មី ឃុំ​ព្រៃ​ឆ្លាក់ ស្រុក​ស្វាយ​រៀង ខេត្តស្វាយរៀង កើត​នៅ​ឆ្នាំ​១៩៩០ មាន​បងប្អូន​៣​នាក់ និង​ជា​កូន​ទី​១​ក្នុង​គ្រួសារ ដែល​មាន​ឪពុក​ជា​មន្ត្រី​កងរាជអាវុធហត្ថ និង​ម្តាយ​ជា​អាជីវករ ។ លោក​បាន​រៀន​ចប់​សញ្ញាបត្រ​ទុតិយភូមិ​នៅ​ឆ្នាំ​២០០៩ និង​បន្ត​រៀន​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​អក្សរសាស្ត្រ​អង់គ្លេស​នៅ​សាក​វិទ្យាល័យ​បញ្ញា​សាស្ត្រ​ជាតិកម្ពុជា ដែល​បាន​បញ្ចប់​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ ។

លោក​សុធា​បាន​និយាយ​ថា ៖ « ខណៈ​ដែល​ខ្ញុំ​បាន​ចូល​រៀន​នៅ​សាកលវិទ្យាល័យ ខ្ញុំ​បាន​កត់សម្គាល់​ឃើញ​ថា មាន​មិត្តភក្តិ​រួម​ជំនាន់​ខ្ញុំ​តិចតួច​បំផុត​ដែល​បាន​មក​រៀន​នៅ​សាកលវិទ្យាល័យ​ល្អ​ៗ ពិសេស​សាកលវិទ្យាល័យ​ដែល​ប្រើប្រាស់​ភាសា​អង់គ្លេស ។ ពេល​នោះ​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​តែឯង​ថា តើ​រឿង​នេះ​នឹង​បន្ត​ដល់​ពេល​ណា​ទៀត ដូចនេះ​ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ក្តី​ស្រមៃ​ថា នឹង​ធ្វើ​យ៉ាងណា​ដើម្បី​បណ្តុះបណ្តាល​ធនធានមនុស្ស និង​បង្កើត​សាលា​ភាសា​អង់គ្លេស​ដែល​មានគុណ​ភាព​មួយ​នៅ​ឯ​ខេត្ត​របស់ខ្ញុំ បន្ទាប់​ពី​ខ្ញុំ​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​អក្សរសាស្ត្រ​អង់គ្លេស​នេះ​ទៅ ។ ខ្ញុំ​តែង​ចង​ចាំ និង​ឲ្យ​តម្លៃ​ទៅ​លើ​ពាក្យចាស់​បុរាណ​មួយ​ឃ្លា​ថា ផឹកទឹក ឲ្យ​នឹក​ដល់​ប្រភព ។ ខ្ញុំ​កើត​នៅ​ខេត្តស្វាយរៀង ដូច្នេះ​ខ្ញុំ​នឹង​ផ្តល់​អ្វីមួយ​ដែល​ខ្ញុំ​មាន​ឲ្យ​ទៅ​ប្រភព​របស់ខ្ញុំ​វិញ ប្រាកដ​ណាស់​យើង​នឹង​ឃើញ​ថ្នាល​បណ្តុះបណ្តាល​ចំណេះដឹង​នៅ​ខេត្តស្វាយរៀង នៅ​គ្រា​ណាមួយ​មិន​ខាន »​។
ការ​បន្ត​សិក្សា​នៅ​ទីក្រុង​ភ្នំពេញ​ហាក់​មានការ​រើសអើង និង​បញ្ចើចបញ្ចើ​ពី​សំណាក់​មិត្តភក្តិ រីឯ​ក្រុម​គ្រួសារ​ធ្លាប់​មានការ​បន្ទច់បង្អាក់​ខ្លះទៅ​លើ​ការ​តាំងចិត្ត​ក្នុង​ដំណើរ​ជីវិត​ថ្មី​ក្នុង​ការ​សិក្សា​នៅ​ទីក្រុង​របស់​លោក ។

លោក​សុធា មិន​ដែល​ត្រូវ​បាន​រំខាន​ដោយ​ទស្សនៈ​របស់​មជ្ឈដ្ឋាន​ជុំវិញ​ដែល​ធ្វើ​ឲ្យ​បាក់ទឹកចិត្ត​ទេ ។ ផ្ទុយ​ទៅ​វិញ លោក​តែងតែ​ប្រកាន់​ជំហរ​ខ្លួនឯង​ថា ត្រូវ​តែ​មាន​សង្ឃឹម​ក្នុង​ជីវិត និង​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​ឲ្យ​បាន ។

លោក​សុធា​បាន​និយាយ​ថា ៖ « ទាំង​មិត្ត​រួម​ថ្នាក់​ក្តី ក្រុម​គ្រួសារ​ក្តី បាន​និយាយ​ថា ខ្ញុំ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ទេ ប៉ុន្តែ​ខ្ញុំ​មានការ​តាំងចិត្ត​ខ្ពស់​ថា នឹង​ជម្នះ​រាល់​ឧបសគ្គ ។ រហូត​ដល់​ពេល​ដែល​ខ្ញុំ​មក​ភ្នំពេញ ខ្ញុំ​បាន​មក​ធ្វើ​ការងារ​ស្ម័គ្រចិត្ត​នៅ​តាម​អង្គការ​សមាគម​ក្នុងស្រុក​មួយ​ចំនួន​យ៉ាង​សកម្ម ហើយ​ខ្ញុំ​ចូលរួម​ច្រើន​ជាងគេ​គឺ​កម្មវិធី​Debate (​ការ​ជជែក​ដេញដោល​លើ​ប្រធានបទ​ណាមួយ​) និង​ទទួល​បាន​ពាន់រង្វាន់​ស្ទើរ​ជា​រៀង​រាល់​ការ​ប្រកួត »​។

ជាក់ស្តែង​លោក និង​ក្រុម​របស់​លោក​ធ្លាប់​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ក្នុង​ការ​ជជែក​ដេញដោល​មួយ​ទាក់ទង​នឹង​សិទ្ធិ​នារី​ស្តី​ពី «​អ្នក​ម្តាយ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​គ្រួសារ និង​សង្គម​ជាតិ​» ដែល​រៀបចំ​ឡើង​ដោយ​ក្រសួង​កិច្ចការ​នារី​នៅ​ឆ្នាំ​២០១៣ និង​ការ​ប្រកួតប្រជែង​វែកញែក​លើ​ប្រធានបទ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​ទិស​ដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​របស់​អង្គការសហប្រជាជាតិ ដែល​រៀបចំ​ឡើង​ដោយ​សភា​យុវ​ពាណិជ្ជករ​កម្ពុជា (JCI Cambodia) នៅ​ឆ្នាំ​២០១៤ ។

ការ​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់​ក្នុង​ការ​សិក្សា និង​ការងារ​ស្ម័គ្រចិត្ត​ត្រូវ​បាន​សមាជិក​ជាង​៣០០​នាក់ បោះ​ឆ្នោត​ជ្រើសតាំង​លោក​ក្លាយជា​ប្រធាន​សភា​និស្សិត​នៅ​ក្នុង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​កម្ពុជា ជំនាន់​ទី​៧ (​ឆ្នាំ​២០១២-២០១៣) ។ ទាំងនេះ​សបញ្ជាក់​ឲ្យ​ឃើញ​ថា លោក​មានការ​ទទួលស្គាល់​ពី​សាធារណជន ទាំង​ចំណេះដឹង បទ​ពិសោធន៍ និង​ភាព​ជា​អ្នកដឹកនាំ ។

នាយក​ក្រុមហ៊ុន​វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា «​ខ្ញុំ​បាន​បម្រើ​ការងារ​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​អស់​រយៈពេល​១​ឆ្នាំ ដោយ​បានឃើញ​នូវ​របៀប​រៀបចំ​ពាក្យ​ស្វែងរក​ការងារ​ធ្វើ​ជា​ច្រើន​មាន​ភាព​ធ្វេសប្រហែស និង​ភាព​ខ្វះខាត ។ បើ​ខ្ញុំ​នៅ​តែ​បន្ត​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ឯកជន​នោះ​ទៀត ខ្ញុំ​មិន​អាច​មាន​ពេល​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ការ​ត្រៀមខ្លួន​ស្វែងរក​ការងារ​ធ្វើ​របស់​ពួក​គាត់​បាន​ច្រើន​នោះ​ទេ ។ ដូច្នេះ​ហើយ​ដំណោះស្រាយ គឺ​ទាល់តែ​យើង​បើក​ជា​ភ្នាក់ងារ​ផ្តល់​សេវាកម្ម​នេះ​ឡើង »​។

CVer Agency គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវាកម្ម​លើ​ការ​ជួយ​អ្នករក​ការងារ​ក្នុង​ការ​សរសេរ​ប្រវត្តិរូប​សង្ខេប (CV) និង​សំបុត្រ​ស្នើ​សុំ​ធ្វើ​ការងារ​(Cover) ប្រឹក្សា​យោបល់​សម្រាប់​ការ​សម្ភាសន៍​រក​ការងារ​ធ្វើ និង​រៀបចំ​ជា​មេរៀន​ចុះ​ធ្វើ​បទ​បង្ហាញ​តាម​អង្គការ ឬ​សមាគមនិស្សិត​នានា ។ ក្រុមហ៊ុន​មាន​បុគ្គលិក​ចំនួន​១១​នាក់ ជា​អ្នក​ដែល​មាន​ជំនាញ និង​បទ​ពិ​សោ​ន៍​ការងារ​ជាក់លាក់​ក្នុង​ការ​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ធនធានមនុស្ស ។

លោក​សុធា​បាន​និយាយ​ថា «​ក្រុមការងារ​របស់​យើង​ផ្តល់​សេវាកម្ម​សរសេរ​CV​និង Cover Letter ទាំង​ជា​ភាសា​ខ្មែរ និង​អង់គ្លេស ប៉ុន្តែ​ជា​ទូទៅ​គឺ​ធ្វើ​ជា​ភាសា​អង់គ្លេស » ។
CVer Agency បង្កើត​ក្នុង​ទិស​ដៅ​ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​យុវជន​ខ្មែរ​ក្នុង​ការ​ទទួល​បានការ​ងារ​ធ្វើ​ល្អ តាម​រយៈ​ភាព​ឥត​ខ្ចោះ​ក្នុង​ការ​បង្ហាញ​នូវ​ជីវប្រវត្តិ​សង្ខេប សំបុត្រ​សុំ​ធ្វើ​ការងារ និង​ការ​សម្ភាសន៍ ។ មិនតែប៉ុណ្ណោះ​ទេ ក្រុមហ៊ុន​នេះ​បាន​ផ្តល់​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ស្វែងរក​ការងារ​ដែល​ទទួល​បាន​ប្រាក់បៀវត្សរ៍ និង​ការងារ​ស្ម័គ្រចិត្ត ដែល​យុវជន​អាច​រកបាន​ដើម្បី​មានឱកាស​ធ្វើ​ការងារ និង​ជា​អំណះអំណាង​ក្នុង​ការ​ដាក់​ពាក់​ធ្វើ​ការងារ​បន្ត ។

លោក​សុធា បាន​ឲ្យ​ដឹង​ថា « ក្នុង​រយៈ​ប្រមាណ​ជាមួយ​ខែ​ដែល​ក្រុមហ៊ុន​យើង​បាន​បង្កើត​ឡើង​នេះ មាន​អ្នក​ស្វែងរក​ការងារ​ធ្វើ បាន​ទទួលយក​សេវាកម្ម​របស់​យើង​ជាង​៥០​នាក់​ហើយ ដែល​ពួក​គេ​ភាគច្រើន​ជា​និស្សិត​សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​រាជធានី​ភ្នំពេញ » ។

កន្លង​មក លោក សុធា ធ្លាប់​ជា​អ្នក​បណ្តុះបណ្តាល និង​អភិវឌ្ឍន៍​ធនធានមនុស្ស និង​ជ្រើសរើស​បុគ្គលិក​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​លោក​ទទួល​បាន​បទ​ពិសោធន៍​ក្នុង​ការងារ និង​ជំនាញ​ក្នុង​ការ​គ្រប់គ្រង​ធនធានមនុស្ស និង​បាន​ធ្វើការ​បង្ហាត់បង្រៀន​បន្ត​ទៅ​ដល់​យុវ​ជន់​ជា​ហូរហែ ។

លោក​បាន​និយាយ​ថា «​បច្ចុប្បន្ន​នេះ ខ្ញុំ​បាន​បញ្ចេញ​នូវ​អ្វី​ដែល​ខ្ញុំ​មាន ហើយ​បាន​ចែករំលែក​ឲ្យ​យុវជន​ផ្សេង​ទៀត ពិសេស​តាម​រយៈ CVer Agency ។ អីុចឹ​ង ពួក​យើង​ជា​អ្នក​មានបទពិសោធន៍​លើ​រឿង​ហ្នឹង​តែ​ម្តង មិនមែន​អង្គុយ​គិត អង្គុយ​អាន​សៀវភៅ​ដើម្បី​មក​ចែករំលែក​ទេ គឺ​មានការ​ស្រាវជ្រាវ ហើយ​បាន​ធ្វើ​ទៀត ដូច្នេះ​ទើប​យើង​យក​អ្វី​ដែល​មាន​ទៅ​ចែករំលែក​ដល់​យុវជន​ផ្សេង​ទៀត » ។

លោក​សុធា បាន​បង្ហាញ​នូវ​សុ​ទិ្ធ​ដ្ឋិ​និយម​ទៅ​លើ​ពន្លក​ថ្មី​នៃ​អាជីវកម្ម​របស់​ខ្លួន​ដោយ​ពឹងផ្អែក​លើ​ជំ​ន​ញ បទ​ពិសោធន៍ និង​ការ​ទំនាក់ទំនង​ល្អ ដោយ​រំពឹង​ថា នឹង​មានការ​រីក​ចម្រើន និង​ដំណើរការ​យ៉ាង​រលូន ពិសេស​អាច​ជា​វិភាគទាន​យ៉ាង​សំខាន់​សម្រាប់​ជួយ​ជ្រោមជ្រែង​យុវជន​ក្នុង​ការ​ស្វែងរក​ការងារ ធ្វើ ។ លោក​ថា ៖ «​ក្នុង​នាម​ខ្ញុំ​ជា​Founder (​ស្ថាបនិក​) ខ្ញុំ​មាន​ក្តី​សង្ឃឹម​ខ្ពស់ ហើយ​ទិស​ដៅ​របស់ខ្ញុំ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ខាង​មុខ​នេះ គឺ​ធ្វើ​យ៉ាងណា​ឲ្យ​មានការ​កើនឡើង អ្នកធ្វើការ​ងារ​ឲ្យ​ខ្ញុំ​ដែល​ជា​ភ្នាក់ងារ​ចំនួន​១២០​នាក់ និង​ពង្រីក​ទៅ​កាន់​ខេត្ត​ក្រុង​ផ្សេង​ទៀត » ៕