ខេត្តកំពង់ឆ្នាំង ៖ យោងតាមសេចក្តីជូន ដំណឹងរបស់អភិបាលខេត្តកំពង់ឆ្នាំង ស្តីពីការរៀបចំសោភ័ណភាពសណ្តាប់ធ្នាប់សាធារណៈ និងអភិវឌ្ឍន៍តំបន់មាត់ទន្លេផ្សារក្រោមនៃក្រុងកំពង់ឆ្នាំង រយៈពេល៥ឆ្នាំ (២០១៥-២០១៩) តម្រូវឱ្យផ្ទះបណ្តែតទឹកទាំងអស់ ត្រូវចាកចេញពីមុខផ្សារក្រោម ។ ដោយបន្លាស់ទីទៅតាំងទីលំនៅតាមដងទន្លេប៉ែកខាងជើង ដែលមានចម្ងាយជាង១គីឡូម៉ែត្រ ពីមុខផ្សារក្រោម ឱ្យចាកចេញពីថ្ងៃទី៨ ដល់ថ្ងៃទី២៥ តុលា ឆ្នាំ២០១៥ ជាកំហិត ។
អ្វីជាការកត់សម្គាល់ ក្រោយពីសេចក្តីជូនដំណឹង ដែលនឹងត្រូវចាប់ផ្តើមឱ្យអនុវត្តន៍នៅថ្ងៃទី៨ តុលា ឆ្នាំ២០១៥ ស្រាប់តែប្រជាពលរដ្ឋ ដែលមានទាំងសញ្ជាតិខ្មែរ វៀតណាម និងខ្មែរអ៊ិស្លាម បាននាំគ្នាអូសផ្ទះបណ្តែតទឹករបស់ខ្លួន ចាកចេញមុនការកំណត់ ។ ឥរិយាបថនេះ គឺដោយសារអាជ្ញាធរបានកំណត់ថា ផ្ទះណាបន្លាស់ទី ចាកចេញមកតាំងទីស្នាក់នៅមុនគេ នឹងបានកន្លែងនៅមុខគេ ។ ដោយហេតុនេះហើយ ទើបប៉ុន្មានថ្ងៃនេះ មានម្ចាស់ផ្ទះបណ្តែតទឹកខ្លះ បានសុខចិត្តអូសផ្ទះរបស់ខ្លួនទៅមុនគេ គឺនាំគ្នាអូសដោយខ្លួនឯង ដើម្បីឱ្យបាននៅមុខគេ និងបាននៅជិតក្រុងកំពង់ឆ្នាំងជាងគេ ។
មន្ត្រីសាលាក្រុងកំពង់ឆ្នាំង ដែលទទួលភារកិច្ចក្នុងការរៀបចំ ផ្ទះបណ្តែតទឹកនៅទីតាំងថ្មី បានប្រាប់ថា យោងតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានជូនដំណឹងដល់អ្នករស់នៅតាមដងទន្លេទាំងអស់ឱ្យបានជ្រាបថា ៖
ទី១-ចាប់ពីថ្ងៃទី៨ ខែតុលា ២០១៥ នេះតទៅ ត្រូវបញ្ឈប់ជាស្ថាពរ រាល់អាជីវកម្មនានា ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន មានគ្លីនិក អាជីវកម្មបញ្ចូលអាគុយ និងជួសជុលម៉ាស៊ីន ជាដើម ។
ទី២-ចាប់ពីថ្ងៃទី១៣ ដល់ ១៤ តុលា ឆ្នាំ២០១៥ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ និងក្រុមហ៊ុនអគ្គិសនី ត្រូវកាត់ផ្តាច់ចរន្តអគ្គិសនីទាំងអស់ ដើម្បីចៀសវាងគ្រោះថ្នាក់ ពេលបន្លាស់ទីរបស់ផ្ទះបណ្តែតទឹក ។
ទី៣-ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី ២៥ តុលា ២០១៥ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ត្រូវធ្វើការបន្លាស់ទីផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ទៅទីតាំងថ្មី ហេតុនេះសូមម្ចាស់ផ្ទះទាំងអស់ត្រូវត្រៀមលក្ខណៈ ។
ទី៤-ការចំណាយក្នុងការអូសផ្ទះ និងបែត្រី ជាបន្ទុករបស់ម្ចាស់ផ្ទះ និងបែត្រី ។
និងទី៥-គ្រប់ម្ចាស់ផ្ទះទាំងអស់ ត្រូវចូលរួមសហការឱ្យបានគ្រប់គ្នា ដើម្បីសោភ័ណភាពសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន និងអភិវឌ្ឍន៍តំបន់មាត់ទន្លេផ្សារក្រោម នៃក្រុងកំពង់ឆ្នាំង ។
ដោយសារតែអ្នករស់នៅលើផ្ទះបណ្តែតទឹកមានការភ្ញាក់រឭក ប្រញាប់ចាកចេញទៅតាំងទីលំនៅលើទីតាំងថ្មីមុនគេ ព្រោះចង់បានជួរមុខគេ និងជិតជាងគេបែបនេះហើយ ទើបអាជ្ញាធរខេត្ត ដែលមានលោក ស៊ុន សុវណ្ណរិទ្ធ អភិបាលរងខេត្ត លោក ហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះជួយសម្រួល និងរៀបចំការបន្លាស់ទី ទៅតាំងទីលំនៅថ្មីរបស់ផ្ទះបណ្តែតទឹកទាំងនោះ ។ បើគិតត្រឹមល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥នេះ ផ្ទះបណ្តែតប៉ែកខាងជើងផ្សារឆ្នាំង បានចាកចេញប្រមាណ៤០ភាគរយហើយ ។ ចំណែកនៅប៉ែកខាងត្បូងផ្សារឆ្នាំង ទើបតែចាកចេញប្រមាណ៥ភាគរយប៉ុណ្ណោះ ។
ប្រភពពីមន្ត្រីសាលាក្រុងដដែលបានឱ្យដឹងថា មិនត្រឹមតែមានការបន្លាស់ទីរបស់អ្នករស់នៅលើផ្ទះបណ្តែតទឹកប៉ុណ្ណឹងទេ សូម្បីតែផែត្រី ទីស្នាក់ការជលផល សា្នក់ការកងរាជអាវុធហត្ថ និងស្នាក់ការអង្គភាពនានា ក៏ត្រូវទៅទីតាំងថ្មីដែរ ដើម្បីសោភ័ណភាពមុខផ្សារក្រោមគ្មានផ្ទះបណ្តែតទឹក និងដើម្បីរៀបចំពីធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបុណ្យទន្លេក្នុងពេលខាងមុខ ។
ផ្ទះបណ្តែតទឹក១.៤៨៦ខ្នង ដែលភាគច្រើនជាផ្ទះរបស់ជនជាតិវៀតណាមនោះ តែងត្រូវបានសកម្មជនបក្សប្រឆាំង លើកយកនិគមជនវៀតណាមមួយនេះមកចោទរាជរដ្ឋាភិបាលដោយសារតែការរស់លើផ្ទៃទឹក ក្នុងដៃទន្លេសាប កំពុងបង្កបញ្ហាស្មុគស្មាញជាច្រើន ។ ការប៉ះពាល់ដល់បរិស្ថានទឹក ដូចជាការហូរប្រេងពីទូកម៉ាស៊ីន បន្ទោរបង់លាមក និងការធ្វើឱ្យប៉ះពាល់ដល់ខ្សែទឹកហូរ និងចរាចរណ៍ត្រី ។ល។
ការបន្លាស់ទីចេញពីទីតាំងចាស់ចម្ងាយប្រមាណជាង១គីឡូម៉ែត្រ ត្រូវបានអ្នកខ្លះពេញចិត្ត និងខ្លះទៀតមិនពេញចិត្ត ដោយបញ្ជាក់ថា ថ្មីៗក្រោយផ្លាស់ទីផ្ទះ និងបែត្រីរបស់ពួកគាត់ អាចប្រឈមនឹងបញ្ហាមួយចំនួនដូចជា កូនចៅលំបាកទៅរៀននៅសាលាឆ្ងាយ និងពុំមានអគ្គិសនីប្រើប្រាស់ជាដើម ។ នៅអំឡុងពេលនៃការបន្លាស់ទីនេះ មានបញ្ហាដណ្តើមទីតាំងគ្នាចត និងផ្ទះខ្លះខូចត្រូវជួសជុលឡើងវិញ ។
មជ្ឈដ្ឋានជាច្រើនបានកត់សម្គាល់ថា ការផ្លាស់ទីដោយបន្តឱ្យរស់នៅ និងធ្វើអាជីវកម្មលើផ្ទៃទឹកដដែលនេះ គឺនៅតែបង្កឱ្យមានជាតិពុល និងប៉ះពាល់សុខភាពមនុស្សដដែល ជាពិសេសនៅរដូវប្រាំង ទឹកតិច កំហាប់ជាតិពុលកាន់តែខ្ពស់ ។ ប៉ុន្តែអាជ្ញាធរខេត្តបញ្ជាក់ថា ទីតាំងថ្មី និងរៀបចំឱ្យទៅជាតំបន់ទេសចរណ៍ ដោយរៀបចំបែត្រីជាជួរ ហើយជម្លៀសផ្ទះរស់នៅបណ្តែតទឹកឱ្យឡើងទៅលើគោក ដោយម្ចាស់ផ្ទះត្រូវរកទិញដីដោយខ្លួនឯង និងមិនតម្រូវឱ្យបន្តរស់នៅអនាធិបតេយ្យលើផ្ទៃទឹកដូចមុននោះទេ ។ ការជម្លៀសពីផ្ទៃទឹកមួយទៅផ្ទៃទឹកមួយទៀតនេះ ជារឿងបណ្តោះអាសន្ន ទម្រាំទឹកស្រកអស់ ដេញឱ្យរស់នៅលើច្រាំងតែម្តង ៕











ចែករំលែកព័តមាននេះ