ខេត្តកំពង់ឆ្នាំង ៖ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី០៥ តុលា ២០១៥ មានរៀបចំពិធីប្រគល់ទទួលអំណោយ ជាសម្ភារសម្រាប់ការងារបង្ក្រាប និងគ្រប់គ្រងបទល្មើសជារបស់ជំនួយ
នគរបាលសហព័ន្ឋ ប្រទេសអូស្ត្រាលី ដែលមានការចូលរូមពីលោកស្នងការ ស្នងការរង និងតំណាងស្ថានទូត ប្រទេសអូស្ត្រាលីផងដែរ ។
លោកឧត្តមសេនីយ៍ត្រី ប្រាក់ វុឌ្ឍី ស្នងការនគរបាលខេត្តបានមានប្រសាសន៏ថា អំណោយរបស់នគរបាលសហព័ន្ឋ ប្រទេសអូស្ត្រាលី ដែលនាំមកដោយតំណាងស្ថានទូតប្រទេសអូស្ត្រាលីមកផ្តល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងនៅថ្ងៃនេះមាន ម៉ាស៊ីនថត ម៉ាកកាណុង១គ្រឿង ម៉ាស៊ីនថតវីឌីអូ ម៉ាកសូនី១គ្រឿង ម៉ាស៊ីនថតសម្លេងឌីជីថល ១គ្រឿង ម៉ាស៊ីនព្រីនធឺ១គ្រឿង កែវយឹត១គ្រឿង រួមនិង ឌីស មីម៉ូរី ជាច្រើនទៀត ។
អំណោយរបស់នគរបាលប្រទេសអូស្ត្រាលីនៅពេលនេះ គឺសម្រាប់ប្រើប្រាស់ដោយផ្តោតជាសំខាន់លើការបំរើឱ្យការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ បទល្មើសការជួញដូរមនុស្ស និងបទល្មើសគ្រឿងញៀន ។
លោកបានបន្តថា កន្លងមកនគរបាលប្រទេសអូស្ត្រាលីធ្លាប់បានជួយសម្ភារជាច្រើនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង គឺចាប់តាំងពីឆ្នាំ១៩៩៧ មកម្ល៉េះ ក្នុងនោះមានអាគារការិយាល័យព្រហ្មទណ្ឌ
អាគារការិយាល័យប្រឆាំងការជួញដូរមនុស្ស បន្ទប់ឃុំខ្លូន បន្ទប់សួរចម្លើយជនរងគ្រោះអានីតិជន ទូរទស្សន៍ កាមេរ៉ា ម៉ាស៊ីនថត ម៉ាស៊ីនព្រីន ជាដើម ហើយក្នុងពេលខាងមុខនេះនឹងផ្តល់ម៉ាស៊ីនធ្វើតេស្ត ដែលបំរើ ឱ្យលើករណីរំលោភទៀតផង៕



ចែករំលែកព័តមាននេះ