ខេត្តកំពង់ស្ពឺ ៖ នគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានធ្វើការឃាត់ខ្លួនកម្មករវៀតណាមចំនួន៣២នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការសំណង់ដោយខុសច្បាប់នៅក្នុងប្រទេសកម្ពុជា ។ ការឃាត់ខ្លួនកម្មករវៀតណាមខុសច្បាប់នេះធ្វើឡើងកាលពីថ្ងៃទី៥ តុលា ២០១៥ នៅក្នុងបរិវេណក្រុមហ៊ុនព្រីម៉ាលីស ស្ថិតក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
លោកឧត្តមសេនីយ៍ត្រី សម សាមួន បានឱ្យដឹងថា បន្ទាប់ពីទទួលសេចក្តីរាយការណ៍អំពីជនអន្តោប្រវេសន៍វៀតណាមស្នាក់នៅ និងធ្វើការដោយខុសច្បាប់ក្នុងក្រុមហ៊ុនខាងលើ រូបលោកបានស្នើសុំស្ថាប័នអយ្យការអមសាលាដំបូងមកចូលរួមដើម្បីធ្វើការត្រួតពិនិត្យលើឯកសារស្នាក់នៅ ។ ក្រោយការត្រួតពិនិត្យ គឺជនអន្តោប្រវេសន៍ទាំងអស់នោះមិនមានលិខិតស្នាមអ្វីក្រៅពីអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួនជនជាតិវៀតណាមឡើយ ។ បន្ទាប់ពីពិនិត្យឃើញថា ជនអន្តោប្រវេសន៍ទាំងនេះមិនមានលិខិតឆ្លងដែនរួចមក កម្លាំងរបស់លោកបានចាប់បញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរៀបចំឯកសារបញ្ជូនត្រឡប់ទៅស្រុកវិញ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋបានសាទរចំពោះចំណាត់ការរបស់នគរបាលអន្តោប្រវេសន៍ខេត្តកំពង់ស្ពឺដែលបានខិតខំធ្វើការមិនខ្លាចនឿយហត់ តែមជ្ឈដ្ឋានមួយចំនួនផ្សេងទៀតលើកឡើងថា ការដែលមានលំហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់វៀតណាមនេះ គឺបណ្តាលមកពីនគរបាលអន្តោប្រវេសន៍នៅតាមបណ្តោយព្រំដែនមានភាពធូររលុងគិតតែពីប្រយោជន៍ខ្លួន មិនបានគិតដល់ប្រយោជន៍សង្គម ។
ប្រជាពលរដ្ឋសំណូមពរទៅស្ថាប័នកំពូល សូមមានវិធានការចំពោះនគរបាលនៅតាមច្រកព្រំដែនកម្ពុជា-វៀតណាមផង បើបណ្តែតបណ្តោយតទៅទៀតច្បាស់ជាបងប្អូនខ្មែរយើងរកការងារមិនបានធ្វើឡើយ ៕


ចែករំលែកព័តមាននេះ