រាជធានីភ្នំពេញ ៖ ប៉ុន្មាននាទីមុននេះ នៅលើបណ្តាញទំនាក់ទំនងសង្គម ( Facebook)ផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានសរសេររម្លឹកនូវការកសាងស្ពានព្រែកតាមាក់និងហេដ្ឋារចនាសម្ព័ន្ឋមួយចំនួនទៀតនៅក្នុងស្រុកខ្សាច់កណ្តាល និងផ្លូវជាតិលេខ៨តភ្ជាប់ទៅខេត្តព្រៃវែង ដែលគេហទំព័រកោះសន្តិភាពសូមមិនធ្វើអត្ថាធិប្បាយ និងលើកឡើងទំាងស្រុងនូវសំណេរដ៍មានអត្ថន័យជាប្រវត្តិសាស្រ្តមានខ្លឹមសារដូចតទៅ៖ ”នៅពេលឃើញរូបថតមួយសន្លឹកនេះគាប់ជួនពេលភ្ជុំបិណ្ឌ ធ្វើឲ្យខ្ញុំព្រះករុណាខ្ញុំនឹក ឃើញ ដល់រឿងរ៉ាវដែលបានកើតឡើងកាលពី២៦ឆ្នាំមុន គឺខែ កញ្ញាឆ្នាំ១៩៨៩ ។ ពេលនេះអ្វីៗបានផ្លាស់ប្តូរអស់ហើយដោយសារតែវត្តមានស្ពានព្រែកតាមាក់ ផ្លូវជាតិលេខ៨ នឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតទាំងអាណាចក្រទាំងពុទ្ធចក្រ។ ខែសីហា១៩៨៩ បន្ទាប់ពីវិលត្រឡប់ពីការចរចានៃសន្និសីទប៉ារីសលើកទី១តែមិនបានសម្រេច ។ ខ្ញុំព្រះករុណាខ្ញុំបានធ្វើដំណើរសួរសុខទុក្ខកងកម្លាំង ប្រដាប់អាវុធ និងប្រជាជនស្ទើរពេញ១ខែ។
ក្នុងដំណើរចុះសុខទុក្ខប្រជាជនក៏មានការធ្វើដំណើរទៅកាន់ស្រុកខ្សាច់កណ្តាលខេត្តកណ្តាលផងដែរ។ដើម្បីធ្វើដំណើរបានទៅកាន់វត្តវិហារសួគ៏ យើងត្រូវដំណើរដោយ កាណូតពីភ្នំពេញទៅកាន់ព្រែកតាមាក់ហើយសម្រាកពេលយប់នៅលើកាណូតនោះ១យប់ ព្រោះគ្មានផ្ទះសំណាក់នោះទេ។ ការសម្រាកនេះដោយសារមានការប្រជុំនៅ ទីនោះដែលត្រូវប្រជុំថែមមួយព្រឹកទៀត ។ ស្អែកឡើងបន្ទាប់ពីការប្រជុំនឹងបាយថ្ងៃត្រង់ ប្រហែលង១រសៀលយើងត្រូវចេញដំណើរដើម្បីកុំឲ្យភ្លៀងទាន់។ នៅពេលនោះ ត្រើយខាងកើតទន្លេរមេគង្គតំបន់មួយចំនួនទោះមានរថយន្តក៏មិនមានផ្លូវធ្វើដំណើរដែរ។យើងធ្វើដំណើរដោយម៉ូតូហើយជាទម្លាប់ខ្ញុំព្រះករុណាខ្ញុំជិះម៉ូតូដោយខ្លួនឯង។ យើងត្រូវធ្វើដំណើរទៅកាន់ស្រុកស្រីសន្ធរខេត្តកំពង់ចាមសិនទើបមានផ្លូវធ្វើដំណើរទៅកាន់ឃុំសន្លុង ដែលនៅទីនោះយើងសម្រាកនៅផ្ទះប្រជាជន ដោយចងអង្រឹង។ ភ្លៀងរលឹមខាងក្រៅផ្ទះយើងណេះសំណាលជាមួយប្រជាជននៅក្នុងផ្ទះ ដែលពេលនោះហើយយើងប្រមូលបាននូវសំណូមពររបស់ប្រជាជនលើការកសាងផ្លូវ ស្ពាន សាលារៀន វត្តអារាម ។ល។ជាពិសេសវិហារសួគ៏ដែល ប៉ុល ពត វាយកំទេចចោលនិងស្ពានព្រះគន្លង។ ដោយធនធានមានកម្រិត យើងខិតខំកសាងស្ពាន ព្រះគន្លង ជាមុនដើម្បីតភ្ជាប់ចរាចររវាងខាងវិហារសួគ៏ប៉ុន្មានឃុំនិងមួយភាគនៃខេត្តព្រៃវែងជាមួយព្រែកតាមាក់មកទន្លេមេគង្គ(ពេលសម្ពោធស្ពានព្រះគន្លងមុនចូលឆ្នាំថ្មីថ្ងៃទី១០
មេសា១៩៩០ខ្ញុំព្រះករុណាខ្ញុំបាននិពន្ធចម្រៀងមួយបទមានចំណងជើងថា [ចំណងដៃមាសស្ពានព្រះគន្លង])។
ដោយឃើញនូវការលំបាកនេះហើយទើបខ្ញុំព្រះករុណាខ្ញុំចិញ្ចឹមចិត្តកសាងស្ពានព្រែកតាមាក់នឹងផ្លូវជាតិលេខ៨ឲ្យខាងតែបានដែលវាបានរួមចំណែកដល់ការកាត់បន្ថយភាព
ក្រីក្រនិងការលំបាករបស់ប្រជាជននឹងជួយជំរុញកំណើនសេដ្ឋកិច្ចតាមរយៈនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ធ។
សូមអគុណអ្នករួមដំណើរ អរព្រះគុណនិងអរគុណចំពោះព្រះសង្ឃ ប្រជាពលរដ្ឋដែលផ្ដល់នូវការគាំទ្រទើបមានសមិទ្ធផលដូចថ្ងៃនេះ ទៅបុណ្យភ្ជុំបិណ្ឌក៏ស្រួលជាងពេល មុននឹងសុវត្ថិភាពជាងពេលមុនដោយប្រទេសមានសន្តិភាព តែកុំភ្លេចគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ