ខេត្តសៀមរាប ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត សហការជាមួយនគរបាលក្រុង អាជ្ញាធរក្រុង និងមូលដ្ឋាន ដែលដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ភឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានចុះឆែកឆេរទីតាំងល្បែងហ្គេមបាញ់ត្រីដុះស្លែរខុសច្បាប់មួយកន្លែង រហូតឈានទៅឃាត់ខ្លួនអ្នកញៀនល្បែងប្រុសស្រីចំនួន១៤នាក់ ក្នុងនោះម្ចាស់ទីតាំងម្នាក់ និងអ្នកមើលការខុសត្រូវស្រី២នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួនបញ្ជូនទៅការិយាល័យនគរបាលកម្រិតស្រាលផងដែរ ។
ក្នុងប្រតិបត្តិការចុះបង្ក្រាប និងធ្វើការឆែកឆេរទីតាំងហ្គេមបាញ់ត្រីគ្មានច្បាប់នេះធ្វើឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី៤ តុលា ២០១៥ ស្ថិតនៅជាប់របងក្លិបផាត់អានពីខាងលិច (អតីតផ្ទះសំណាក់ខាំហ្វត) បានជួលឱ្យម្ចាស់ទីតាំងថ្មីយីហោ ក្លិបកម្សាន្តបាញ់ត្រី ស្ថិតនៅក្នុងក្រុមទី៨ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
លោក ភឹង ចិន្តារ៉េត បានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី៥ តុលា នេះថា យោងតាមបទបញ្ជារបស់លោក ឃឹម ប៊ុនសុង អភិបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ដោយលោក សត ណាឌី ស្នងការនគរបាលខេត្ត និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានឱ្យកម្លាំងចម្រុះដើម្បីបង្ក្រាបករណីហ្គេមបាញ់ត្រីគ្មានច្បាប់ខាងលើ ។
ក្រោយពីបង្ក្រាបរួច សមត្ថកិច្ចដកហូតបានវត្ថុតាង រួមមាន ទូហ្គេមបាញ់ត្រី៣គ្រឿង កុំព្យូទ័រ១សម្រាប់ អាវុធខ្លី១ដើម ម៉ាកសេអេស គ្រាប់១៦គ្រាប់ ពណ៌ខ្មៅ កាតសម្គាល់ខ្លួន១ សំបុត្របេសកកម្ម១សន្លឹក ៕
ព័ត៌មានលម្អិតមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព




ចែករំលែកព័តមាននេះ