ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បានឱ្យដឹងនៅមុននេះបន្តិចថា មានករណីហិង្សារវាងបុរសចំណាស់ម្នាក់ យកចបជីកទៅវាយនារីម្នាក់ បណ្តាលឱ្យសន្លប់នៅនឹងកន្លែង រួចហើយបុរសខាងលើ ស្មានតែនារីនោះស្លាប់ ក៏រត់ទៅយកកាំបិតចិតបន្លែមកអារ.កខ្លួនឯងប៉ងសម្លាប់ខ្លួនដែរ តែមិនបានសម្រេច ព្រោះត្រូវសមត្ថិកិច្ចជួយ និងបញ្ជូនបុរសរូបនោះ និងនារីរងគ្រោះទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះភ្លាមៗផងដែរ ។
ហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៤ និង២០នាទីរសៀលថ្ងៃទី០៥ តុលា ២០១៥ ស្ថិតនៅក្នុងវត្តរំដួល ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។
ប្រភពបានឱ្យដឹងថា បុរសបង្កខាងលើឈ្មោះព្រាប ម៉ាច អាយុ៥៦ឆ្នាំ ជាជនក្រីក្រមកស្នាក់នៅផ្ទះក្នុងវត្តខាងលើ ។ ចំណែកឯនារីរងគ្រោះឈ្មោះឡាក់ ភក្ត្រា អាយុ១៧ឆ្នាំ ត្រូវជាប្អូនកូនប្រសាស្រីរបស់បុរសរូបនោះ ។
បើតាមសាក្សីបានឱ្យដឹងថា ករណីនេះ គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដនោះទេ ប៉ុន្តែមុនពេលកើតហេតុ នារីរងគ្រោះទើបតែមកពីក្រុងប៉ោយប៉ែត ដោយបានមកលេងផ្ទះរបស់បុរសខាងលើ ។ មួយសន្ទុះក្រោយមក ក៏ផ្ទុះជម្លោះដោយបុរសរូបនោះ បានយកចបជីកទៅវាយលើនារីរងគ្រោះ បណ្តាលឱ្យសន្លប់ ។ បន្ទាប់មក ឃើញស្មានតែនារីរូបនោះស្លាប់ ប្រហែលជាភ័យខ្លួន ក៏រត់ទៅយកកាំបិតចិតបន្លែមកអារ.កខ្លួនដែរ ។ គួរបញ្ជាក់ថា បុរសរូបនោះមានស្ថានភាពស្រវឹងស្រាផងដែរ ។




ចែករំលែកព័តមាននេះ