ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ថា សព​នារី​ម្នាក់​ដែល​ប្រទះ​ឃើញ​នៅ​លើ​ភ្នំ​គិរី​រម្យ អាច​ជា​ករណី​ស្នេហា​ត្រីកោណ

10 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សព​នារី​ម្នាក់​ដែល​គេ​ប្រទះ​ឃើញ ព្រមទាំង​មាន​ដង្កូវ​ចោះ​ផង​នោះ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ហើយ ជា​លទ្ធផល​បញ្ជាក់​ថា នាង​ស្លាប់​ដោយសារ​មនុស្ស​ស្គាល់គ្នា​នាំ​យក​មក​សម្លាប់ ព្រោះតែ​រឿង​ខាង​ប្រុស​ចង់​ដោះដៃ និង​នាង​មាន​ផ្ទៃពោះ ដែល​ករណី​ស្នេហា​ត្រីកោណ​ដោយសារ​តែ​មាន​ស្នាម​កាប់​ជា​ច្រើន​ពូថៅ​លើ​ខ្លួន ។

ដែល​ហេតុការណ៍​ប្រទះ​ឃើញ​សព​គឺ​នៅ​ក្បែរផ្លូវ​ចូល​ទៅ​ទឹកធ្លាក់​ទី​១ លើ​ភ្នំ​គិរី​រម្យ កាលពី​វេលា​ម៉ោង​០៦ និង​១៥​នាទី​យប់​ថ្ងៃ​ទី​០៣​តុលា កន្លង​មក តាម​ផ្លូវ​ប៉េសេ​១​លើ​ភ្នំ​គិរី​រម្យ ក្នុងភូមិ​ថ្មី ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

មន្ត្រី​នគរបាល​ស្រុក​ភ្នំស្រួច​បានឱ្យ​ដឹង​ទៀត​រសៀល​ថ្ងៃ​ទី​៥ តុលា ២០១៥ នេះ​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ពី​មន្ត្រី​បរិស្ថាន​ម្នាក់ ដែល​ដើរ​ល្បាត​ក្នុងភូមិ​សាស្ត្រ​ខាងលើ សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ត​ដល់​កន្លែង​កើតហេតុ ដោយ​ពិនិត្យ​ឃើញ​ថា សព​ត្រូវ​ជនសង្ស័យ​កាប់​នឹង​ពូថៅ​ត្រូវ​ក្បាល និង​ស្មា​ជា​ច្រើន​កន្លែង ។

ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​រួច​មក សមត្ថកិច្ច​ដាក់​ការ​សន្និដ្ឋាន​ថា អ្នក​ដែល​សម្លាប់​នារី​រង​គ្រោះ អាច​ជា​មនុស្ស​ស្គាល់​គ្នា ឬ​ក៏​ជា​សង្សារ ដែល​ប្រុង​ដោះដៃ​ទៅ​រក​អ្នក​ថ្មី ព្រោះ​នាង​មាន​ផ្ទៃពោះ​ផង ហើយ​ពេល​នាង​រករឿង ក៏​ល្បួង​យក​មក​សម្លាប់​តែ​ម្តង ។  បើ​មិន​អ៊ីចឹង ទំនងជា​នារី​រង​គ្រោះ​មាន​ពាក់ព័ន្ធ​នឹង​ល្បែង​ស្នេហ៍​ត្រីកោណ​ណាមួយ ទើប​ជួប​គ្រោះ​អកុសល​បែប​នេះ​។ នៅ​លើ​ខ្លួន​សព មិន​មាន​លិខិត​អ្វី​គួរ​ឱ្យ​សម្គាល់ថា នាង​មកពីណា ហើយ​រស់​នៅឯណា​នោះ​ទេ​។

ក្រោយ​ធ្វើការ​ត្រួតពិនិត្យ​រួច សមត្ថកិច្ច​សម្រេច​កប់​នៅ​កន្លែង​ដែល​ប្រទះ​ឃើញ​តែ​ម្តង ដើម្បី​រង់ចាំ​ធ្វើការ​ស្រាវជ្រាវ​រក​សាច់ញាតិ​ជា​ក្រោយ​ទៀត ។