ដេវីដ បេកខាំ ជាកីឡាករល្បីនៅលើពិភពលោក មិនយល់ព្រមឱ្យកូនស្រី ហាព័រ សេវ៉េន កាត់សក់ចាប់តាំងពីនាងកើត ។
បច្ចុប្បន្នក្មេងស្រី ហាព័រ សេវ៉េន អាយុ៤ឆ្នាំ មិនធា្លប់កាត់សក់សូម្បីតែ១លើក តាមបម្រាមរបស់បេកខាំ រហូតសក់ដុះវែងដល់ជង្គង់ ។ ជាចុងក្រោយអតីតកីឡាករបាល់ទាត់អាយុ៤០ឆ្នាំ រូបនេះបញ្ជាក់ថា នឹងឱ្យកូនស្រីទុកសក់វែងបំផុត តាមដែលអាចធ្វើទៅបាន ។
ដេវីដ បេកខាំ បានបង្ហើបឱ្យដឹងតាមប្រព័ន្ធ Yahoo! Style ថា ៖«កាលពីឆ្នាំមុន ប្រពន្ធខ្ញុំប្រាប់ថា យើងគួរកាត់សក់កូនស្រីហាព័រ ចេញម្ដង ប៉ុន្តែខ្ញុំប្រាប់ថា ហាមប៉ះពាល់សក់កូនស្រីដាច់ខាត ទើបសក់នាងពេលនេះដុះវែងត្រឹមជង្គង់» ។
ចំណែកកូនប្រុស៣នាក់ទៀតរបស់បេកខាំ ចាប់ផ្ដើមធំពេញវ័យ ដោយប្រ៊ូកលីន ជាកូនច្បងមានអាយុ១៦ឆ្នាំ រ៉ូម៉េអូ កូនទី២ មានអាយុ១៣ឆ្នាំ និងគ្រូស ជាកូនទី៣ អាយុ១០ឆ្នាំ ។ បេកខាំ បញ្ជាក់ថា ៖«ធាតុពិតខ្ញុំមានភាពតឹងរ៉ឹងលើកូនប្រុសច្រើនជាងកូនស្រីហាព័រ ទើបមិនសម្របតាមចិត្តប្រពន្ធ»៕


ចែករំលែកព័តមាននេះ