ខេត្តកំពង់ធំ ៖ អាជ្ញាធរស្រុកកំពង់ស្វាយ សំណូមពរឲ្យអង្គការផ្សេងៗជួយនាំយកពូជកូនត្រីឲ្យបានច្រើន ដើម្បីលែងចូលទៅក្នុងបឹងធម្មជាតិ សម្រាប់សេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ លោក យស់ បញ្ញារិទ្ធ អភិបាលរងស្រុកកំពង់ស្វាយ បានធ្វើការសំណូមពរនេះកាលពីព្រឹកថ្ងៃទី៥ តុលា ២០១៥ ខណៈដែលអង្គការហ្វមបាននាំយកនូវពូជកូនត្រីជាង១ម៉ឺនក្បាល មកលែងចូលទៅក្នុងបឹងធម្មជាតិមានឈ្មោះថា «បឹងធម្មជាតិកោះគ្របបាយ» ស្ថិតក្នុងភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ដើម្បីជួយដល់ជីវភាពក្នុងការហូបចុករបស់ប្រជាពលរដ្ឋ ហើយលោកអភិបាលរងស្រុក ក៏បានសំណូមពរដល់ប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលបានចូលរួម សូមកុំនាំគ្នាប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ព្រោះងាយនឹងធ្វើឲ្យមច្ឆជាតិរលាយផុតពូជអស់ ។
នៅក្នុងពិធីនេះដែរ លោក អុល សំអៀច នាយកប្រតិបត្តិអង្គការសង្គ្រោះជនទុរគត និងមនុស្សចាស់ ហៅកាត់ អង្គការហ្វម មានប្រសាសន៏ថា កូនត្រីដែលបាននាំយកមកលែងចូលទៅក្នុងបឹងធម្មជាតិនៅថ្ងៃនេះ គឺមានចំនួន១២.០០០ក្បាល ក្នុងនោះមានកូនត្រីប្រាចំនួន៥.០០០កូន និងកូនត្រីឆ្ពិនចំនួន៧.០០០កូន ទន្ទឹមនឹងនេះដែរ អង្គការហ្វមជឿជាក់ថា ប្រជាពលរដ្ឋនឹងចូលរួមការពារធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពក្នុងការអភិរក្សធនធានជលផល ក៏ដូចជាបរិស្ថាននៅក្នុងផ្ទៃទឹក។
បន្ទាប់មក តំណាងប្រជាពលរដ្ឋដែលចូលរួម បានធ្វើការប្តេជ្ញាការពារមច្ឆជាតិឲ្យបានគង់វង្ស និងមិនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ជាដាច់ខាត ៕



ចែករំលែកព័តមាននេះ