ប្រធានាធិបតីស៊ីរី លោកបាចា អាល់អាសាដ បានព្រមានកាលពីថ្ងៃទី៤ តុលា ថា ជ័យជម្នះនៃអន្តរាគមន៍រុស្ស៊ីប្រឆាំងពួកភេរវករគឺសំខាន់ខ្លាំងណាស់ ដើម្បីចៀសវាងការកម្ទេចតំបន់មជ្ឈិមបូព៌ា ខណៈក្រុងមូស្គូបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួន ។
រយៈពេល៥ថ្ងៃជាប់ៗគ្នា កងយន្តហោះរុស្ស៊ីបានធ្វើការវាយប្រហារក្នុងប្រទេសខ្ទេចខ្ទាំដោយសង្គ្រាមរយៈពេល៤ឆ្នាំកន្លះមក ហើយនេះដោយកម្ទេចបណ្តាទីតាំងរបស់ក្រុមរដ្ឋអ៊ិស្លាម ។ ទោះបីយ៉ាងណា ជាថ្មីម្តងទៀត បណ្តាប្រទេសលោកខាងលិចបានសម្តែងការសោកស្តាយថា ការវាយប្រហារទាំងនោះសំដៅជាពិសេសលើបណ្តាក្រុមឧទ្ទាម ដែលប្រទូស្តរ៉ាយនឹងលោកអាសាដ រួចពុំមែនសំដៅតែលើក្រុមរដ្ឋអ៊ិស្លាមឡើយ ។ នាយករដ្ឋមន្ត្រីអង់គ្លេសលោកដាវីដ កាមីរ៉ូន ថ្លែងថា រុស្ស៊ីត្រូវផ្លាស់ប្តូរទិសដៅនៃការវាយប្រហាររបស់ខ្លួន ។
ថ្លែងជាលើកដំបូងបន្ទាប់ពីការចាប់ផ្តើមអន្តរាគមន៍របស់រុស្ស៊ីពីថ្ងៃទី៣០ កញ្ញា មក លោកអាសាដ យល់ថា ជ័យជម្នះរបស់ក្រុមចម្រុះប្រឆាំងភេរវកម្មបង្កើតឡើងដោយប្រទេសលោក រុស្ស៊ី អីុរ៉ង់ និងអីុរ៉ាក់ គឺចាំបាច់ ។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អីុរ៉ង់ KHABAR លោកអាសាដ ព្រមានថា សម្ព័ន្ធភាពនេះត្រូវតែឈ្នះ បើពុំដូច្នោះទេ តំបន់ទាំងមូលនឹងត្រូវកម្ទេច ហើយពុំមែនត្រឹមប្រទេសមួយ ឬ២ឡើយ ។ លោកបន្តថា តម្លៃដែលត្រូវបង់ពិតជាខ្ពស់បំផុត តែលោមមានទំនុកចិត្តថា ភ័ព្វវាសនានៃជ័យជម្នះរបស់ក្រុមចម្រុះនេះ ពិតជាធំធេងពុំមែនតិចតួចឡើយ ។
កាន់អំណាចចាប់តាំងពី១៥ឆ្នាំមកហើយ រួចគេចផុតពីការបះបោរដែលបានកម្ចាត់ប្រមុខរដ្ឋអារ៉ាប់ជាច្រើនរូប ប្រធានាធិបតីស៊ីរីសម្តែងការពេញចិត្តចំពោះអន្តរាគមន៍របស់រុស្ស៊ី ។ អន្តរាគមន៍នេះផ្តល់ក្តីសង្ឃឹមថា អាចឱ្យលោកផ្លាស់ប្តូរស្ថានការណ៍ក្រោយពីកងទ័ពលោកទទួលរងការបាក់ទ័ពមួយចំនួនរយៈពេលប៉ុន្មានខែចុងក្រោយនេះមក ។
ក្រុងមូស្គូគូសបញ្ជាក់កាលពីថ្ងៃទី៤ តុលា ថា បណ្តាយន្តហោះចម្បាំងធុន SUKHOI របស់ខ្លួនបានចេញវាយប្រហារដល់ទៅ២០លើក រយៈពេល២៤ម៉ោង ហើយវាយប្រហារលើទីតាំង១០របស់ក្រុមរដ្ឋអ៊ិស្លាម ។
ការវាយប្រហារតាមអាកាសថ្មីៗទាំងនេះធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាសដែលថា ក្រុងមូស្គូនឹងបង្កើនយុទ្ធនាការវាយប្រហាររបស់កងយន្តហោះខ្លួន ដែលដាក់ពង្រាយនៅឯមូលដ្ឋានមួយនាភាគខាងលិចស៊ីរី ។យុទ្ធនាការនេះត្រូវបានប្រធានាធិបតីតួកគី លោករីសេប តៃយីបអ័រដូហ្គាន អះអាងកាលពីថ្ងៃទី៤ តុលា ថា ពុំអាចទទួលយកបាន ។ លោកព្រមានថា រុស្ស៊ីប្រព្រឹត្តការខុសឆ្គងធំមួយ ព្រោះអន្តរាគមន៍របស់ខ្លួននឹងធ្វើឱ្យរុស្ស៊ីនៅឯកោក្នុងតំបន់ ហើយគ្មានអ្វីល្អនោះទេ ។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អីុរ៉ង់ លោកអាសាដ បានបរិហារពីការរួមគំនិតរបស់បណ្តាមេដឹកនាំលោកខាងលិចប្រឆាំងស៊ីរី ដោយអះអាងថា ការរួមគំនិតនេះត្រូវបរាជ័យដោយសារអន្តរាគមន៍យោធារុស្ស៊ីជួយទ្រទ្រង់ដល់ក្រុងដាម៉ាស់ ។ លោកអាសាដ ចាត់ទុកការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះបង្កើតឡើងដោយសហរដ្ឋអាមេរិក ដើម្បីតស៊ូប្រឆាំងពួកជីហាដ ក្រុមរដ្ឋអ៊ិស្លាមនៅស៊ីរី និងនៅអីុរ៉ាក់ថា គ្មានបានផល ផ្ទុយទៅវិញបែរជានាំឱ្យពួកភេរវករកាន់តែរុលទៅមុខ ។
លោកបន្តថា ផ្ទុយទៅវិញ ក្រុមចម្រុះបង្កើតឡើងដោយស៊ីរី រុស្ស៊ី អីុរ៉ង់ និងអីុរ៉ាក់ ដើម្បីតស៊ូប្រឆាំងភេរវកម្មនឹងផ្តល់លទ្ធផលជាក់ស្តែងនានា តែបើពុំដូច្នេះទេ ស៊ីរី និងតំបន់ទាំងមូលនឹងត្រូវកម្ទេច ។ ភ័ព្វវាសនានៃជ័យជម្នះរបស់ក្រុមចម្រុះថ្មីមានខ្ពស់ណាស់ ។
ប្រធានាធិបតីស៊ីរីក្នុងបទសម្ភាសន៍នេះដែរ ពេលសួរពីការចាកចេញពីអំណាចជាយថាហេតុរបស់លោក ដូចការអំពាវនាវរបស់ប្រទេសលោកខាងលិចជាច្រើន លោកឆ្លើយថា ប្រសិនបើការចាកចេញពីអំណាច គឺជាដំណោះស្រាយនោះ ខ្ញុំនឹងមិនរារែកក្នុងការធ្វើបែបនេះឡើយ ៕



ចែករំលែកព័តមាននេះ