រដ្ឋាភិបាលកូរ៉េខាងត្បូងរាយការណ៍ថា ប្រទេសកូរ៉េខាងជើងប្រកាសនាថ្ងៃទី៥ តុលាថា ខ្លួននឹងដោះលែង ព្រមទាំងចាប់បណ្តេញចេញនិស្សិតកូរ៉េខាងត្បូងម្នាក់នៃសាកលវិទ្យាល័យញូវយ៉ក ក្រោយពីរូបគេត្រូវចាប់ខ្លួនកាលពីខែមេសា ។
ក្នុងសេចក្តីប្រកាសមួយក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនិយាយថា និស្សិត JOO WON MOON អាយុ២១ឆ្នាំ មានការអនុញ្ញាតរស់នៅអចិន្ត្រៃយ៍ក្នុងសហរដ្ឋអាមេរិក ត្រូវបញ្ជូនមកកូរ៉េខាងត្បូងនាវេលាម៉ោង១៧និង៣០នាទី ម៉ោងក្នុងស្រុកតាមចំណុចឆ្លងកាត់នៃភូមិព្រំដែនប៉ានមុនហ្សូម ។
និស្សិតរូបនេះត្រូវចាប់ខ្លួនកាលពីថ្ងៃទី២២ មេសា ពេលឆ្លងកាត់ស្ទឹងយ៉ាលូដោយខុសច្បាប់ ចេញពីទីក្រុងដានដុងភាគខាងជើងចិន ។ ក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍អាមេរិក CNN និស្សិត JOO និយាយកាលពីខែមីនាថា រូបគេមានចេតនាធ្វើបែបនេះឱ្យមានការចាប់ខ្លួនគេដើម្បីបង្កើតឧប្បត្តិហេតុមួយដែលអាចរួមចំណែកកែលម្អទំនាក់ទំនងអន្តរកូរ៉េ ។ រូបគេ កាលពីថ្ងៃទី២៥ កញ្ញា ត្រូវបានអនុញ្ញាតឱ្យជួបសារព័ត៌មាននៅក្រុងព្យុងយ៉ាង ។ ពេលនោះគេបានអានសេចក្តីប្រកាសមួយដែលទទួលស្គាល់ទោសកំហុស ហើយសរសើររបបក្រុងព្យុងយ៉ាង ។ ផ្ទុយពីជនបរទេសឯទៀតៗជាប់ឃុំឃាំងនៅកូរ៉េខាងជើង រូបគេពុំដែលឡើងតុលាការឡើយ ។
យោងតាមសេចក្តីប្រកាសមួយថា នាព្រឹកថ្ងៃទី៥ តុលា កាកបាទក្រហមកូរ៉េខាងជើងបានបញ្ជូនសារមួយ ដោយប្រកាសថា ខ្លួននឹងធ្វើមាតុនិវត្តន៍និស្សិត JOO នាវេលាម៉ោង១៧និង៣០នាទី តាមច្រកប៉ានមុនហ្សូម ៕
ចែករំលែកព័តមាននេះ