ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​បញ្ជូន​ពី​ថៃ​ក្នុង​ខែកញ្ញា​ធ្លាក់​ចុះ​​ រីឯ​ពលករ​វិល​​មក​ចូលរួម​​បុណ្យ​ជាតិ​តិច​ជាង​ឆ្នាំ​មុន​ៗ

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ចំនួន​ពលករ​បញ្ជូន​ពី​ថៃ​តាម​រថយន្ត​ទ្រុង​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​សំ​រាប់​ខែកញ្ញា​មានការ​ធ្លាក់​ចុះ​ជាង​ខែសីហា​ ២០១៥​ដូច​គ្នា ​ចំណែក​ពលករ​វិល​ត្រឡប់​ពី​ថៃ​ដោយ​ខ្លួនឯង​តាម​ច្រក​ទ្វារ​ដដែល​នេះ​ក៏​មានការ​ធ្លាក់​ចុះ​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ​ផង​ដែរ​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នៅ​ទីតាំង​ទទួល​ពលករ​បញ្ជូន​ពី​ថៃ​ក្នុងភូមិ​ និង​សង្កាត់​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា​ ពលករ​សរុប​ក្នុង​ខែកញ្ញា​ ២០១៥ ​មាន​ចំនួន៦.៧០៦​នាក់ ​ហើយ​ក្នុង​ចំណោម​នេះ​មាន​ស្ត្រី​២២៥៩​នាក់​ និង​កុមារ​៥៣៧​នាក់​។

មន្ត្រី​ខាងលើ​ប្រាប់​ថា​ ចំនួន​ពលករ​សរុប​ក្នុង​ខែកញ្ញា​នេះ​ បើ​ប្រៀបធៀប​ទៅ​នឹង​ខែសីហា​ ២០១៥​ដូច​គ្នា ​មានការ​ធ្លាក់​ចុះ​ ព្រោះ​ចំនួន​ពលករ​សរុប​ក្នុង​ខែសីហា​មាន​រហូត​ដល់ ៧២៨១​នាក់ ​ហើយ​ក្នុង​ចំនួន​នោះ​មាន​ស្ត្រី​២៥៩៤នាក់ ​និង​កុមារ៥៥១​នាក់​។

ថ្វី​ត្បិត​តែ​ចំនួន​ពលករ​ក្នុង​ខែកញ្ញា​មានការ​ធ្លាក់​ចុះ​ជាង​ខែសីហា ​ប៉ុន្តែ​មន្ត្រី​ខាងលើ​ប្រាប់​ថា ​មានការ​កើនឡើង​ជាង​ខែកក្កដា​ ២០១៥​ដូច​គ្នា​ ដោយ​ចំនួន​ពលករ​សរុប​ក្នុង​ខែកក្កដា​មាន​ចំនួន ៥១៥៤​នាក់ ​ហើយ​មាន​ស្ត្រី​1803​នាក់ ​និង​កុមារ​378​នាក់​។

ដោយឡែក​ចំនួន​ពលករ​វិល​ត្រឡប់​ពី​ថៃ​ដោយ​ស្របច្បាប់​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដដែល​មុន​ពិធីបុណ្យ​ជាតិ​(​បុណ្យ​ភ្ជុំ​បិ​ណ្យ​)​ឆ្នាំ​នេះ​មានការ​ធ្លាក់​ចុះ​ខ្លាំង​ជាង​បណ្តា​ឆ្នាំ​មុន​ៗ​។ ការ​ធ្លាក់​ចុះ​ចំនួន​ពលករ​ស្របច្បាប់​វិល​ត្រឡប់​ពី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មុន​ពិធីបុណ្យ​ជាតិ​ឆ្នាំ​នេះ​ ប្រភព​ខ្លះ​ថា ​បណ្ដាល​មក​ពី​ពលករ​បច្ចុប្បន្ន​ងាក​ទៅ​ឆ្លង​ព្រំដែន​ទៅ​មក​ដី​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ដូង​ក្នុងស្រុក​កំ​រៀង​ខេត្ត​បាត់ដំបង​ច្រើន​ជាង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។

ប្រភព​ភាគច្រើន​ថា​ បណ្តាល​មក​ពី​សមត្ថកិច្ច​ថៃ​ចាប់​ពលករ​វិល​ត្រឡប់​កាន់​បណ្ណស៊ី​ជម្ពូ​ដែល​គ្មាន​ឯកសារ​បញ្ជាក់​ឲ្យ​វិល​ត្រឡប់​ពី​ថៅកែ​ថៃ​នៅ​តាម​បា​រ៉ា​ស់​ត្រួតពិនិត្យ​ក្នុងស្រុក​មួយ​ក្នុង​ខេត្ត​ស្រះ​កែវ​ខ្លាំង​ពេក​។

ទោះជា​យ៉ាងណា​មន្ត្រី​ និង​សមត្ថកិច្ច​កម្ពុជា​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ទទួលស្គាល់​ថា​ ចំនួន​ពលករ​ស្របច្បាប់​វិល​ត្រឡប់​ពី​ថៃ​មុន​ពិធីបុណ្យ​ជាតិ​(​បុណ្យ​ភ្ជុំបិណ្ឌ​)​ឆ្នាំ​នេះ​មានការ​ធ្លាក់​ចុះ​ខ្លាំង​មែន​៕