អង្គការគ្រូពេទ្យគ្មានព្រំដែន MSF បានសម្តែងការក្តៅក្រហាយចំពោះការបកស្រាយនានារបស់អាជ្ញាធរអាហ្វហ្គានីស្ថានចំពោះការវាយប្រហារលើមន្ទីរពេទ្យខ្លួននៅក្រុងគុនឌុស ប្រហែលជាដោយសារយន្តហោះចម្បាំងរបស់អាមេរិក ដោយវាយតម្លៃថាការបកស្រាយទាំងនេះស្មើនឹងការទទួលស្គាល់ឧក្រិដ្ឋកម្មសង្គ្រាមមួយ ។
MSF បានដកចេញពីមន្ទីរពេទ្យនៅទីក្រុងភាគខាងជើងអាហ្វហ្គានីស្ថាននេះ ដែលរងការខូចខាតប្រើប្រាស់លែងកើត បន្ទាប់ពីរងការទម្លាក់គ្រាប់បែកកាលពីថ្ងៃទី៣ តុលា បណ្តាលឱ្យមនុស្សស្លាប់២២នាក់ ។
ក្នុងសេចក្តីប្រកាសមួយកាលពីយប់ថ្ងៃទី៤ តុលា អគ្គនាយក MSF លោក CHRISTOPHER STOKES បានរិះគន់បកចំពោះការបកស្រាយនានារបស់បណ្តាអ្នកទទួលខុសត្រូវអាហ្វហ្គានីស្ថានដែលថា ពួកយុទ្ធជនតាលីបង់ស្ថិតក្នុងមន្ទីរពេទ្យនេះ ហើយប្រើវាជាមូលដ្ឋាន ដែល MSF បានបដិសេធទាំងស្រុង ។
អគ្គនាយក MSF បន្តថា សេចក្តីថ្លែងការណ៍បែបនេះបង្ហាញថា កងទ័ពអាហ្វហ្គានីស្ថាន និងកងទ័ពអាេមរិកបានសម្រេចរួមគ្នាកម្ទេចមន្ទីរពេទ្យមួយ ដែលកំពុងដំណើរការពេញលេញ ។ បែបនេះវាស្មើនឹងការទទួលស្គាល់ថា ជាឧក្រិដ្ឋកម្មសង្គ្រាមមួយ ។
ការបិទមន្ទីរពេទ្យ MSF នៅក្រុងគុនឌុសនេះជាអន្លូងយ៉ាងធ្ងន់មួយសំពងប្រជាជនស៊ីវិល ដែលកំពុងជាប់ក្នុងការប្រយុទ្ធគ្នារវាងកងទ័ពអាហ្វហ្គានីស្ថាន និងពួកឧទ្ទាមតាលីបង់ ដើម្បីត្រួតត្រាទីក្រុងនេះ ។ វាជាមន្ទីរពេទ្យតែមួយគត់ក្នុងតំបន់ ដែលអាចជួយព្យាបាលបណ្តាអ្នករបួស់ធ្ងន់ដោយសង្គ្រាម ។
លោកស្រី KATE STEGEMAN អ្នកនាំពាក្យរបស់ MSF នៅអាហ្វហ្គានីស្ថានថ្លែងថា មន្ទីរពេទ្យរបស់ MSF នៅក្រុងគុនឌុសលែងដំណើរការទៀតហើយ ។ បណ្តាអ្នកជំងឺ ឬអ្នករបួសធ្ងន់ត្រូវផ្ទេរទៅកាន់មន្ទីរពេទ្យដទៃៗទៀត ។ លែងមាននយោជិតរបស់ MSF ធ្វើការនៅទីនោះទៀតហើយ ៕
ចែករំលែកព័តមាននេះ