គ្រីស្ទៀណូ រ៉ូណាល់ដូ ខ្សែប្រយុទ្ធក្លិប Real Madrid បានទទួលពានរង្វាន់ជាកីឡាករស៊ុតបាល់បញ្ចូលទីឱ្យក្លិបបានច្រើនបំផុតនៅគ្រប់កម្មវិធី បន្ទាប់ពីស៊ុតបាល់បាន៣២៤គ្រាប់លើសកីឡាកររ៉ាអ៊ូល ហ្គុនសាឡេស ជាម្ចាស់ពានរង្វាន់ជនជាតិអេស្ប៉ាញ ១គ្រាប់ ។
ក្លិប Real Madrid បានរៀបចំពិធីប្រគល់រង្វាន់ជូនកីឡាករជនជាតិព័រទុយហ្គាល់រូបនេះ ដែលស៊ុតបញ្ចូលទីបានច្រើនគ្រាប់ចាប់ពីផ្លាស់ចេញពីក្លិប Man Utd ដោយមានលោកស្រី ដូរ៉ូឡេស ជាម្តាយ រ៉ូណាល់ដូ ដូនៀ ជាកូនប្រុស លោក ហ្ស័រកេ មេនដេស ជាអ្នកតំណាងផ្ទាល់ និងមិត្តភក្តិជាច្រើនរូបចូលរួមសម្តែងភាពត្រេកអរ ។
លោក ផ្លរ៉េនទីណូ ប៉េរ៉េស ប្រធានក្លិប Real Madrid បានប្រគល់រង្វាន់ដល់ខ្សែប្រយុទ្ធអមតរបស់ក្លិបដោយផ្ទាល់ដៃ ខណៈពេលគ្រីស្ទៀណូ រ៉ូណាល់ដូ ថ្លែងថា៖«នេះជារង្វាន់កិត្តិយសខ្សែប្រយុទ្ធឆ្នើមក្នុងប្រវត្តិសាស្ត្រដែលខ្ញុំទទួលបានពីការប្រជែងឈ្នះកីឡាកររ៉ាអ៊ូល ហ្គុនសាឡេស ជាមិត្តភក្តិរបស់ខ្ញុំ ។ ខ្ញុំត្រេកអរជាពន់ពេក និងសូមថ្លែងអំណរគុណដល់មិត្តភក្តិផងដែរ ប្រសិនបើគ្មានពួកគេទេ ប្រហែលជាខ្ញុំគ្មានថ្ងៃទទួលលទ្ធផលល្អបែបនេះឡើយ» ៕
ចែករំលែកព័តមាននេះ