ខេត្តបន្ទាយមានជ័យ ៖ គ្រួសារទីទ័លក្រ៣គ្រួសារ នៅក្រុងប៉ោយប៉ែត ត្រូវបានក្រុមយុវជនសម្ព័ន្ធសេនានាគ ហៅកាត់ថា (កយសសន)ខេត្ត នាំយកអំណោយរបស់លោក ឌៀង សារុន ប្រធានកិត្តិយសនៃក្រុម(កយសសន) ចែកជូនជាបន្តបន្ទាប់ ទោះបីជាការធ្វើដំណើរយកអំណោយទៅជូនពួកគាត់កាត់ភ្លៀង កាត់ភក់ល្បាប់យ៉ាងណាក៏ដោយ ក៏មិនមានការត្អូញត្អែរពីការនឿយហត់នោះឡើយ ផ្ទុយទៅវិញមានតែការសប្បាយចិត្តទៅវិញទេ ។
ជាក់ស្តែងរយៈពេល២ថ្ងៃជាប់គ្នា ពីថ្ងៃទី៤ដល់៥ តុលា ២០១៥ ក្រុមយុវជនខាងលើ បាននាំយកអំណោយចែកជូនពលរដ្ឋក្រីក្រ៣គ្រួសារ ដោយ២គ្រួសារ នៅភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត ដោយនាំអំណោយទៅចែកជូនកាលពីរសៀលថ្ងៃទី៤ តុលា និង១គ្រួសារទៀតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ត្រូវបានយកទៅជូននារសៀលថ្ងៃទី៥ តុលា នេះ ទាំងភ្លៀងរលឹមតែម្តង ។
អំណោយដែលត្រូវចែកជូន ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ១០០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ត្រីខកំប៉ុង១យួរ, ត្រីងៀត១គីឡូក្រាម, សាច់ក្រក១គីឡូក្រាម, នំ១ធុង, ទឹកដោះគោខាប់៥កំប៉ុង, ស្ករស៣គីឡូក្រាម, មុង១, ភួយ១, សាប៊ូ១កញ្ចប់, ប៊ីចេង១ថង់ ប៉ុន្តែប្រាក់ខុសគ្នា គឺអ្នកភូមិព្រៃព្រិច២គ្រួសារទទួលបានក្នុង១គ្រួសារ១០ម៉ឺនរៀល ដោយឡែកអ្នកភូមិមិត្តភាពឈ្មោះ វ័រ សារុន ភេទស្រី អាយុ៦០ឆ្នាំ រស់នៅជាមួយចៅប្រុសអាយុ៩ឆ្នាំ ម្តាយស្លាប់ចោលឪពុកផ្ទុកមេរោគបានទទួលប្រាក់ចំនួន១៥ម៉ឺនរៀល ៕





ចែករំលែកព័តមាននេះ