រាជធានីភ្នំពេញ ៖ ការប្រកួតអន្តរជាតិកាលពីថ្ងៃអាទិត្យនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករវ័យក្មេង ឡៅ ចន្ទ្រា បានទទួលជោគជ័យដូចការគ្រោងទុកមែនក្នុងការបំបាក់កីឡាករមកពីប្រទេសថៃ ដែលជាជើងខ្លាំងម្នាក់។ ទោះជាយ៉ាងណា កីឡាករកម្ពុជាបានបង្ហាញទស្សនៈមិនសូវសប្បាយចិត្តទេ ដោយសារតែគេមិនអាចប្រើកែង និងកណ្ដាប់ដៃវាយបំបាក់គូប្រកួតឲ្យសន្លប់លើរេញតាមការចង់បាន ។
ទោះជាបានឈ្នះកីឡាករថៃឈ្មោះ Pheach Nam Ek កាលពីព្រឹកថ្ងៃទី៤ តុលា ក៏កីឡាករមកពីក្លិបកងទ័ពឆត្រយោង៩១១ ឡៅ ចន្ទ្រា បានបញ្ជាក់យ៉ាងច្បាស់ថា មិនសូវសប្បាយចិត្តឡើយ ។ គ្រូបង្វឹក និងក្រុមកីឡាករដែលហែហមកីឡាកររូបនេះរឹតតែបង្ហាញការហួសចិត្តថែមទៀតជាមួយនឹងអ្វីដែលបានលេចឡើង។ នោះគឺដោយសារតែ ឡៅ ចន្ទ្រា ប្រាថ្នាវាយបំបុកកីឡាករថៃឲ្យសន្លប់ឲ្យបានដាច់ខាត ប៉ុន្តែបានត្រឹមតែឈ្នះពិន្ទុប៉ុណ្ណោះ ។ កីឡាករឡៅ ចន្ទ្រា បានបញ្ជាក់នៅចំពោះមុខអ្នកគាំទ្រនៅខាងក្រោយឆាកថា កីឡាករថៃពិតជាស្បែករឹងមែន ដែលត្រូវប៉ុន្មានកែងយ៉ាងចាស់ដៃរបស់លោកទៅហើយនៅតែតស៊ូដល់ទឹកចុងក្រោយទៀត ។ ធៀបនឹងការប្រកួតកន្លងមក គេថានេះជាការប្រកួតដ៏ស្វិតស្វាញមួយដែលបានធ្វើឲ្យកម្លាំងដៃ និងការប្រឹងប្រែងដែលមានក្នុងខ្លួនត្រូវបានចំណាយអស់ទម្រាំតែអាចជោគជ័យ ។ ក្នុងនោះសមត្ថភាពដែលមានទាំងប៉ុន្មានក៏មិនបានលាក់ទុកដែរសម្រាប់ការប្រកួតជាមួយកីឡាករថៃ Pheach Nam Ek ។ បន្ទរនឹងការខកចិត្ត គេឮអ្នកហែហមរបស់ ឡៅ ចន្ទ្រា លើកឡើងដោយមិនសំចៃមាត់ថា ពិតជាស៊យខ្លាំងមែនដែលកីឡាកររបស់ខ្លួនប្រើចង់អស់បច្ចេកទេសទៅហើយនៅតែទម្លុះសមត្ថភាពរឹងមាំរបស់កីឡាករថៃមិនបែកមុនចប់ទឹកទី៥ ។
ផ្អែកតាមបរិបទដែលកីឡាករទូទៅរមែងលោតកញ្ជ្រោលបះដៃបះជើងគ្រប់ពេលមានការប្រកាសថា ឈ្នះគូប្រកួតជាជនបរទេស កីឡាករឡៅ ចន្ទ្រា និងក្រុមគូកនហាក់មិនពេញចិត្តទាល់តែសោះ ។ បើកុំតែមានអ្នកលើកទឹកចិត្តប្រឹងជំទាស់គេមិនដឹងថាក្រុមអ្នកចង់បានលទ្ធផលឲ្យថៃសន្លប់នឹងបន្ទរដោយទស្សនៈអវិជ្ជមានបែបណានោះទេ ។ មានការលើកឡើងថា មានការចាក់ភ្នាល់ថា ឡៅ ចន្ទ្រា នឹងវាយកីឡាករថៃឲ្យសន្លប់ក្នុងទឹកទី៣ភាគច្រើន ទើបការប្រកួតឈ្នះដោយពិន្ទុ ក៏នៅតែមានអ្នកប្រើពាក្យថាស៊យ ដែលមានន័យថាកីឡាករប្រកួតទទួលបានមុខមាត់ ប៉ុន្តែអ្នកភ្នាល់ខាតដើម ឬចំណេញមិនច្រើនតាមការគ្រោងទុក ។ នេះជាទស្សនៈដែលគេកម្រនឹងឮនៅក្នុងពិភពប្រដាល់ក្នុងពេលដែលកីឡាករជើងខ្លាំងម្នាក់បានឈ្នះលើគូប្រកួតរបស់ខ្លួន ប៉ុន្តែបែរជាមានអ្នកបន្ទរថាស៊យចំពោះលទ្ធផលបែបនេះទៅវិញ ។ អញ្ចឹងហើយទើបគេឃើញកីឡាករឡៅ ចន្ទ្រា មានទឹកមុខមិនសូវសប្បាយចិត្តព្រោះមិនអាចបំបាក់កីឡាករថៃឲ្យសន្លប់តាមការចង់បាននោះ ។
ក្រឡេកទៅកាន់ការប្រកួតនៅថ្ងៃនោះ កីឡាករឡៅ ចន្ទ្រា ត្រូវគេឃើញជោគជ័យក្នុងការប្រើកែង និងម៉ាត់ ប៉ុន្តែកម្លាំងវាយសន្ធាប់ដែលបានបោះចេញមិនអាចឲ្យកីឡាករថៃ Pheach Nam Ek ដួលបះជើងបានទេ ។ ផ្ទុយទៅវិញ គេបែរជាត្រូវកីឡាករថៃវាយបំបុកតបវិញធ្វើឲ្យកំហឹងក្នុងការចង់ឈ្នះកាន់តែមានទំហំធំ ។ ការប្រកួតរបស់អ្នកទាំងពីរត្រូវគេឃើញជក់ចិត្តដិតអារម្មណ៍សម្បើមណាស់ ដោយសារ ឡៅ ចន្ទ្រា ក៏ពុះកញ្ជ្រោលចង់ឲ្យកីឡាករថៃសន្លប់ ហើយកីឡាករថៃក៏ប្រឹងទប់ការពារតំណែងជើងខ្លាំងរបស់ខ្លួន ។ ការប្រកួតទាំងមូលកាន់តែមានកម្រិតខ្លាំងក្លាក្នុងទឹកទី៣ និងក្ដៅស្លឹកត្រចៀកទ្វេដងក្នុងទឹកទី៤ ។ អញ្ចឹងហើយទើបការប្រកួតគូនេះត្រូវគេកត់សម្គាល់ថាគឺជាគូប្រកួតដែលមានកម្រិតជក់ចិត្តបំផុត សម្រាប់ព្រឹត្តិការណ៍អន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យ ។ អ្នកទាំងពីរទំនងជាត្រូវដាក់ឱ្យសងសឹកគ្នាក្នុងពេលដ៏ខ្លីនោះផង ក្នុងពេលដែល ឡៅ ចន្ទ្រា ដ្បិតថាបានឈ្នះពិន្ទុប៉ុន្តែក៏មិនសូវអស់ចិត្ត ហើយកីឡាករថៃក៏អះអាងថាមិនពេញចិត្តនឹងលទ្ធផលដែលខ្លួនធ្វើមិនបានល្អដូចគ្នា ។
ឡៅ ចន្ទ្រា គឺជាកីឡាករម្នាក់ដែលស្គាល់ចាញ់តែ៣លើកប៉ុណ្ណោះក្នុងចំណោមការប្រកួតសរុបចំនួន៦០លើក ។ ក្នុងនោះគេធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់រហូតដល់២៤លើកឯណោះ ទើបធ្វើឲ្យគេមិនសូវសប្បាយចិត្តដែលមិនអាចបំបាក់កីឡាករ Pheach Nam Ek ឲ្យសន្លប់តាមការចង់បាន ។ ទោះជាយ៉ាងណា កីឡាករថៃមិនមែនជាកីឡាករជើងថ្មីនោះទេ គឺគេធ្លាប់ប្រកួតបានដល់៦៩លើកឯណោះ ហើយថ្វីដៃក្នុងប្រើកែង និងម៉ាត់របស់គេក៏ល្អផងដែរ ទើបអាចទប់ជើងខ្លាំង ឡៅ ចន្ទ្រា មិនឲ្យសម្រេចគោលដៅដែលអ្នកគាំទ្រ និងសាមីខ្លួនផ្ទាល់ចង់បាន ។
២គូអន្តរជាតិផ្សេងទៀតនៅក្នុងព្រឹត្តិការណ៍នោះ កីឡាករលាស់ យីន មកពីក្លិបសម្រែករាជសីហ៍ មានឱកាសវាយឲ្យកីឡាករមកពីប្រទេសប្រេស៊ីលឈ្មោះ K.Ros ឲ្យសន្លប់ក្នុងទឹកទី២ ។ ប៉ុន្តែសម្រាប់កីឡាករកម្ពុជា ឯម សុធី មកពីក្លិបឫទ្ធីពោធិ៍សែនជ័យ បានក្លាយជាអ្នកចាញ់កីឡាករថៃឈ្មោះ Phun Savath ដោយពិន្ទុ ។
ចំពោះការប្រកួតអន្តរជាតិនៅលើសង្វៀនស្រាបៀរប្លេកខេតនាពេលរាត្រី កីឡាករកម្ពុជាបរាជ័យទាំងអស់នៅក្រោមកណ្ដាប់ដៃកីឡាករថៃ ។ កីឡាករឃីម បូរ៉ា ត្រូវកីឡាករថៃ Pha Ravy វាយឲ្យចាញ់ដោយពិន្ទុ និងកីឡាករផាន់ គ្រាន់ ត្រូវកីឡាករថៃ Chheang Krai វាយឲ្យចាញ់ដោយពិន្ទុដូចគ្នា ៕




ចែករំលែកព័តមាននេះ