រាជធានីភ្នំពេញ ៖ សមាគមគ្រូបង្រៀនកម្ពូជាឯករាជ្យប្រមាណជា១០០នាក់ បាននាំគ្នាប្រារព្ធទិវាគ្រូបង្រៀនពិភពលោកនៅលើទីលានប្រជាធិបតេយ្យដែលស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី៥ តុលា ២០១៥ ក្នុងគោលបំណងលើកកម្ពស់អំណាចគ្រូបង្រៀន និងគុណភាពអប់រំ និងដាក់ញត្តិជូនរដ្ឋសភា រាជរដ្ឋាភិបាល និងក្រសួងអប់រំយុវជននិងកីឡា ។
លោកប្រធានស្តីទីសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជាបានថ្លែងនៅទីលានប្រជាធិបតេយ្យនោះថា ខណៈពេលនេះសិទ្ធិ និងអំណាចគ្រូបង្រៀនពុំមានពេញលេញ សិទ្ធិចូលរួមជាមួយសមាគម និងសិទ្ធិរបស់គ្រូក្នុងការចរចាតាមរយៈសមាគមគ្រូជាមួយស្ថាប័នអប់រំគ្រប់លំដាប់ថ្នាក់មិនត្រូវបានធានា ហើយគ្រូបង្រៀនគួរតែមានសេរីភាពក្នុងការអនុវត្តសិទ្ធិចូលរួមនៅក្នុងជីវភាពសង្គម និងជីវភាពសាធារណៈ គួរតែទទួលបានការលើកទឹកចិត្តដើម្បីជាផលប្រយោជន៍ដល់កិច្ចអភិវឌ្ឍគ្រូបង្រៀន និងដើម្បីផលប្រយោជន៍សេវាកម្មអប់រំ និងសង្គមទាំងមូល ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ តុលា កន្លងទៅ សាលារាជធានីភ្នំពេញបានអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនស្ម័គ្រចិត្តរៀបចំពិធីនេះនៅលើទីលានប្រជាធិបតេយ្យ ប៉ុន្តែអនុញ្ញាតឱ្យមានអ្នកចូលរួមតែ២០០នាក់ប៉ុណ្ណោះ មិនអនុញ្ញាតឱ្យហែក្បួនឡើយ៕
ចែករំលែកព័តមាននេះ