រាជធានីភ្នំពេញ ៖ ការប្រកួតជម្រុះប្រចាំសប្ដាហ៍របស់ព្រឹត្តិការណ៍ «ជើងឯក Tiffy Super Fight» នៅសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ កាលពីថ្ងៃអាទិត្យ ទី៤ តុលា កីឡាករវ័យក្មេង ឡុង សំណាង បានបំបាក់កីឡាករជើងចាស់ ផុន ផុល ឆ្ពោះទៅវគ្គ៨នាក់ ។ ការប្រកួតនេះត្រូវគេឃើញបង្ហាញភាពស្វិតស្វាញយ៉ាងខ្លាំងពេញ៥ទឹក ។
មិនខុសពីសប្ដាហ៍មុនៗ កីឡាករ៤រូបក្នុងចំណោម១៦រូបដែលបានឈានឡើងពីការប្រកួតទម្លាក់អស់ពាក់កណ្ដាលចោលបានឡើងប្រកួតគ្នានៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ដើម្បីស្វែងរកអ្នកខ្លាំងឡើងទៅអង្គុយកៅអី៨នាក់ ។ អ្នកចាញ់ត្រូវហាលអាវ ហើយអ្នកឈ្នះត្រូវទៅប៉ះអ្នកឈ្នះបន្តទៀតក្នុងវគ្គ៨នាក់ដើម្បីដណ្ដើមយកជើងឯក និងប្រាក់លាន ។ កីឡាករឡុង សំណាង មកពីក្លិបសាលវ័ន្តកីឡា ជាអ្នកឡើងអង្គុយកៅអី១៦នាក់មួយរូបត្រូវគេឲ្យឡើងប្រកួតជាមួយកីឡាករផុន ផុល មកពីក្លិបតាព្រហ្មមានជ័យដែលជាជើងខ្លាំងម្នាក់បានឡើងមកដល់វគ្គ១៦នាក់ដូចគ្នា ។ ការប្រកួតរបស់ពួកគេបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងចំណោមអ្នកទស្សនាដែលប្រមូលផ្ដុំគ្នាកកកុញនៅក្នុងសង្វៀនប៉ុស្ដិ៍លេខ៥ ជ្រោយចង្វា។ នោះគឺដោយសារតែការប៉ះគ្នារបស់ពួកគេជាវគ្គជម្រុះកាន់តែសំខាន់ ដែលតម្រូវឲ្យអ្នកខ្លាំង១៦នាក់ប្រកួតគ្នាជម្រុះឈានឡើងទៅវគ្គ៨នាក់ដែលកាន់តែតានតឹងសម្រាប់អ្នកមានឈ្មោះបន្តយកខ្សែក្រវាត់ និងប្រាក់លានទាំងអស់ ។ ពេញរយៈពេល៣ទឹក កីឡាករឡុង សំណាង បង្គោលខៀវ និងផុន ផុល បង្គោលក្រហម មិនបានសំចៃដៃដាក់គ្នាទេ ។ យ៉ាងណាក៏ដោយ កីឡាកររៀមច្បងផុន ផុល ហាក់មិនសូវលេចធ្លោក្នុងការវាយសម្រុកប៉ុន្មានទេ ដោយត្រូវគេឃើញចាំទប់ និងវាយបកច្រើនជាង ។ ផ្ទុយទៅវិញ កីឡាករបង្គោលខៀវមិនត្រឹមតែប្រឹងប្រទាញពិន្ទុពីក្រុមគណៈកម្មការផ្ដល់ពិន្ទុប៉ុណ្ណោះទេ គឺបានទាំងប្រើអស់សមត្ថភាពវាយផង ទាត់ផងធ្វើឲ្យ ផុន ផុល ចង់ត្រដរខ្យល់ទៀតផង ។ នៅទឹកទី៣ កីឡាករផុន ផុល កាន់តែត្រដាបត្រដួសដោយសារតែសិស្សប្អូនមិនសូវទុកមុខឲ្យ ហើយប្រើកែងផង និងទាត់ផងធ្វើឲ្យគេទ្រមខ្លួន ។ គូនេះ ឡុង សំណាង មានប្រៀបតាំងពីទឹកទី១ អញ្ចឹងហើយទើបគេដឹងតាំងពីមុនប្រកាសលទ្ធផលថា កីឡាករវ័យក្មេងរូបនេះពិតជាឈ្នះ១០០% ។ យ៉ាងណាក៏ដោយ កីឡាករផុន ផុល ក៏ប្រើអស់សមត្ថភាពក្នុងការវាយបំបុកទៅលើគូប្រកួតផងដែរ បើទោះជាលោកហាក់ចាញ់កម្លាំងស៊ុហ្វ ហើយមិនអាចទៅរួចជាមួយ ឡុង សំណាង ក្ដី ។ ការប្រកួតគូនេះធ្វើឲ្យអ្នកទស្សនាជក់ចិត្ត ជាពិសេសនៅពេលកីឡាករស្រករក្រោយមានសមត្ថភាពធ្វើឲ្យកីឡាករដែលឈរជើងល្បីឈ្មោះមុនត្រដរខ្យល់នៅក្នុងការប្រកួត ។ នេះជាលទ្ធផលដែលរុញឲ្យក្ដី
ស្រមៃរបស់ ផុន ផុល រលាយទាំងស្រុង ប៉ុន្តែក៏ជាអ្វីដែលធ្វើឲ្យជើងថ្មី ឡុង សំណាង ទទួលបានការចាប់អារម្មណ៍បន្ថែមពីលើឱកាសឡើងទៅវគ្គ៨នាក់ជាជំហានទី២ ដែលជាការចង់បានរបស់កីឡាករដែលឈ្នះជុំទី១ទាំង១៦នាក់ ។
មួយគូទៀតដែលស្ថិតក្នុងជម្រើសដណ្ដើមខ្សែក្រវាត់នៅក្នុងព្រឹត្តិការណ៍នេះដែរ កីឡាករ ផន ភឿត មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ បានផ្ដួលកីឡាករជើងខ្លាំង យ៉ាម ឡយ មកពីក្លិបរស្មីកុមារកំព្រាឲ្យសន្លប់ក្នុងទឹកទី៣។ យ៉ាងណាក៏ដោយ លទ្ធផលដែលបង្គោលខៀវទទួលបាន គឺជាឱកាសដែលកើតចេញពីការភ្លាត់ស្នៀតរបស់កីឡាករបង្គោលក្រហមប៉ុណ្ណោះ បើមិនដូច្នេះទេ គឺពិតជាមិនអាចដណ្ដើមបានកៅអី៨នាក់នោះទេ ។ ផ្អែកតាមការប្រកួតរបស់អ្នកទាំងពីរ កីឡាករយ៉ាម ឡយ មានឱកាសវាយសង្គ្រុបនាំមុខបាន២ទឹកមុន ប៉ុន្តែបណ្ដាលមកពីគេស៊យភ្លាត់ត្រូវមួយដៃ និងមួយកែងពេញទំហឹងរបស់ ផន ភឿត ទើបបណ្ដាលឲ្យវង្វេងវង្វាន់ហើយដួលផ្ញារជើងក្រោកលែងរួចតែម្ដងនៅលើរេញ ។ គូនេះអ្នកទស្សនាម្នាក់ៗសោកស្ដាយចំពោះឱកាសរបស់កីឡាករយ៉ាម ឡយ គ្រប់គ្នា ដោយសារតែឈ្នះ២ទឹកក្នុងចំណោម៣ទឹកទៅហើយ បែរជាភ្លាត់ឲ្យសន្លប់នៅទឹកទី៣ទៅវិញ ។
លទ្ធផលនេះបង្ហាញថា កីឡាករឡុង សំណាង និង ផន ភឿត បានឡើងទៅអង្គុយកៅអី៨នាក់បង្គ្រប់២នាក់ដែលជ្រើសបានកន្លងមក ។ យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថាក្នុងចំណោមកីឡាករទាំង២រូប តើអាចឆ្លងផុតទៅកាន់វគ្គ៤នាក់បន្តទៀតឬយ៉ាងណានោះទេ ក្នុងពេលសមាសភាពដែលបានឡើងទៅចាំមុនក៏មិនណយដែរនោះ ៕



ចែករំលែកព័តមាននេះ