ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ប្រដាល់ ច័ន្ទ​បុរី​វង្ស សំរោង​ខាងត្បូង អំពាវនាវ​សុំ​ជំនួយ​ពី​សប្បុរសជន

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្លិប​ប្រដាល់​ច័ន្ទ​បុរី​វង្ស សំរោង​ខាងត្បូង មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដែល​មាន​លោក រ៉ុ​ង ប៊ុ​ន​រ៉ា​ក់ ជា​គ្រូបង្ហាត់​កំពុង​ជួប​ប្រទះ​ការ​លំបាកខ្លាំង​នោះ បាន​អំពាវនាវ​សុំ​ជំនួយ​ពី​សប្បុរសជន​មក​ទ្រទ្រង់​ក្លិប ។

លោក រ៉ុ​ង ប៊ុ​ន​រ៉ា​ក់ គឺជា​អតីត​កីឡាករ​ប្រដាល់​មួយ​រូប​នៅ​ក្នុង​ក្លិប​សម្រែក​រាជសីហ៍​បង្ក្រាប​គ្រឿងញៀន និង​ជា​សិស្ស​ច្បង​របស់​លោក​ឡុ​ង សាល​វ័​ន្ត ។ លោក​កម្រ​លេចមុខ​នៅ​លើ​សង្វៀន​ភ្នំពេញ​ណាស់​ទើប​ទស្សនិកជន​ភាគតិច​ណាស់​ដែល​ស្គាល់​លោក បើ​នៅ​សង្វៀន​ជាយ​ដែន​វិញ​នោះ នរណា​ក៏​ស្គាល់​លោក​ថា​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយ​រូប​គួរ​ឱ្យ​កត់សម្គាល់​ដែរ​។ លោក​បាន​ឈាន​ជើង​ឡើង​សង្វៀន​ប្រកួត​តាំងពី​ឆ្នាំ​១៩៩៣​មក​ម្ល៉េះ និង​បាន​លាឈប់​ពី​អាជីព​ប្រដាល់​នៅ​ឆ្នាំ​១៩៩៦​។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​លោក រ៉ុ​ង ប៊ុ​ន​រ៉ា​ក់ និយាយ​ថា ដោយសារ​តែ​មានចិត្ត​ស្រឡាញ់​វិស័យ​កីឡាប្រដាល់ ទោះបី​លោក​មាន​ជីវភាព​ខ្វះខាត​យ៉ាងណា​ក៏​ដោយ ក៏​លោក​សម្រេចចិត្ត​បង្កើត​ក្លិប​ប្រដាល់​មួយ​នៅ​ឆ្នាំ​២០១០​ដែរ ។ ក្លិប​ដែល​លោក​បង្កើត​នោះ​មានឈ្មោះ​ថា ក្លិប​ប្រដាល់​រ៉ា​ហាប់​ស្វាយប៉ាក ប៉ុន្តែ​ក្លិប​នេះ​ពុំ​មាន​អ្នក​ជួយ​ជ្រោម​ជ្រែង​ទេទើ​បលោក​សម្រេចចិត្ត​ប្ដូរ​ឈ្មោះ​មក​ជា​ក្លិប​ច័ន្ទ​បុរី​វង្ស សំរោង​ក្រោម​វិញ ដោយសារ​មានការ​ជួយ​ឧបត្ថម្ភ​ជា​អង្ករ និង​ម្ហូបអាហារ​ខ្លះ​ៗ​ជា​រៀង​រាល់​ខែ​ពី​សំណាក់​សម្ដេច​ព្រះ​វនរ័ត ណ​យ ច្រឹ​ក សម្ដេច​សង្ឃ​នាយករង​ទី​៣​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​ចៅអធិការ​វត្ត​ច័ន្ទ​បុរីវង្ស ។ ប៉ុន្តែ​ការ​ជួយ​ឧបត្ថម្ភ​នេះ​មិន​គ្រប់គ្រាន់​ទេ ព្រោះ​សិស្ស​ដែល​ស្នាក់​នៅ​និង​ហ្វឹកហាត់​ជាមួយ​លោក​មាន​គ្នា​ដល់​ទៅ​៨​នាក់​ដែល​សុទ្ធតែ​អ្នក​ទីទ័ល​ក្រ​មក​សុំ​ផ្ញើខ្លួន​ជាមួយ​លោក​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត​ក្លិប​លោក​ជួប​ការ​លំបាក​សព្វ​បែប​យ៉ាង​ដូច​ជា​គ្មានកន្លែង​ហ្វឹកហាត់​ត្រឹមត្រូវ​គឺ​ហាត់​នៅផ្ទះ​តូចចង្អៀត សម្ភារ​បម្រើ​ឱ្យ​ការ​ហ្វឹកហាត់​ក៏​មាន​តិចតួច​ដែរ​។

លោក រ៉ុ​ង ប៊ុ​ន​រ៉ា​ក់ បន្ត​ថា បច្ចុប្បន្ន​ដោយសារ​តែ​មានការ​អាណិត​ស្រឡាញ់​ពី​ស្ថានីយទូរទស្សន៍​មួយ​ចំនួន​ដូច​ជា​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៥ និង​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ជាដើម សិស្ស​របស់​លោក​ត្រូវ​បាន​ចាប់​គូ​ឱ្យ​ឡើង​ប្រដាល់​មិនសូវ​ទំនេរ​ឡើយ ហើយ​ពេល​នេះ​បាន​លោក ម៉ា សេរី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន ចាប់​គូ​ឱ្យ​ឡើង​ប្រដាល់​នៅ​ស​ប្ដា​ហ៍​ក្រោយ​នេះ​ទៀត​ផង ។ លោក​មិន​ភ្លេចគុណ​អ្នក​ដែល​ជួយ​សិស្ស​លោក​ទេ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​លោក​ត្រូវការ​សម្ភារ​និង​ទីកន្លែង​ហ្វឹកហាត់​ត្រឹមត្រូវ​ដើម្បី​បង្វឹក​សិស្ស​ឱ្យ​ក្លាយជាធនធាន​កីឡាករ​ដ៏​មាន​សក្តានុពល​ក្នុង​វិស័យប្រដាល់ ក៏​ដូច​ជា​ជួយ​ថែរក្សា​មរតក​ក្បាច់គុនបុរាណ​ខ្មែរ​ឱ្យ​ស្ថិត​នៅ​គង់វង្ស​ដែរ ។ សព្វថ្ងៃ​លោក​ត្រូវ​បាន​សហព័ន្ធ​កីឡាប្រដាល់​ចាត់តាំង​ឱ្យធ្វើ​ជា​អ្នក​វាយ​ជួង​ក្នុង​កម្មវិធី​ប្រដាល់​នៅ​ប៉ុស្តិ៍​ស៊ី​ធី​អិន និង​ពេលទំនេរ​ឆ្លៀត​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​៣​ដើម្បី​រក​កម្រៃ​បន្ថែម​យក​មក​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​នៅ​ក្នុង​ក្លិប​យ៉ាង​ត្រដាបត្រដួស​បំផុត ។

ជា​ចុង​ក្រោយ​លោក រ៉ុ​ង ប៊ុ​ន​រ៉ា​ក់ សង្ឃឹម​ជឿជាក់​ថា តាម​រយៈ​ការ​អំពាវនាវ​នេះ​នឹង​មាន​សប្បុរសជន​ដែល​ស្រឡាញ់​វិស័យ​កីឡាប្រដាល់​ច្បាស់​ជា​ជួយ​ឧបត្ថម្ភ​ដល់​ក្លិប​លោក
មិន​ខាន ៕