នាយករដ្ឋមន្ត្រីអីុរ៉ាក់ លោក ហៃ អីុដា អាល់អាបាឌី ប្រកាសកាលពីថ្ងៃទី៤ តុលា បើកឱ្យសាធារណជនចេញចូលតំបន់បៃតង ជាតំបន់មានកិច្ចការពារសន្តិសុខខ្ពស់បំផុតនៃក្រុងបាដាដ ព្រោះក្នុងតំបន់នោះមានវិមានរដ្ឋាភិបាល និងស្ថានទូតជាច្រើន ក៏ប៉ុន្តែនៅរក្សាទុកការរិតត្បិតខ្លះ ។
ក្រោយការលុកលុយចូលអីុរ៉ាក់កាលពីឆ្នាំ២០០៣ របស់កងទ័ពអាមេរិក តំបន់នោះដែលមានស្ថានទូតសហរដ្ឋអាមេរិកមានទំហំ១០គីឡូម៉ែត្រក្រឡា ស្ថិតនៅចំកណ្តាលក្រុងបាដាដ ហើយត្រូវពលរដ្ឋអីុរ៉ាក់ចាត់ទុកជានិមិត្តរូបនៃការកាន់កាប់របស់អាមេរិក មុនពេលផ្ទេរការត្រួតត្រាឱ្យដល់អាជ្ញាធរអីុរ៉ាក់កាលពីឆ្នាំ២០០៩ ។
យោងតាមសេចក្តីប្រកាសមួយរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថា លោក អាបាឌី បានប្រកាសបើកតំបន់បៃតងឱ្យមានចរាចរណ៍របស់មនុស្ស និងរថយន្ត ។ ការបើកតំបន់នេះជាវិធានការមួយក្នុងចំណោមវិធានការដែលយើងបានសន្យាចំពោះពលរដ្ឋអីុរ៉ាក់ ហើយពេលនេះយើងបានបំពេញការសន្យានោះ ។
លោក អាបាឌី ធ្លាប់ប្រកាសពីការបើកតំបន់នោះកាលពីដំណាច់ខែសីហា ក្រោយបាតុកម្មនានាប្រឆាំងអំពើពុករលួយ ហើយទាមទារឱ្យកងកម្លាំងសន្តិសុខធ្វើអ្វីដែលចាំបាច់ដើម្បីធានាថាពលរដ្ឋអាចធ្វើចរាចរណ៍កាត់តំបន់នោះ ។
ដោយសារមានការវាយប្រហារញឹកញាប់ តំបន់បៃតងនោះព័ទ្ធជុំវិញ ដោយរបងបេតុងខ្ពស់ៗការពារដោយរថក្រោះ និងរថពាសដែក ព្រមទាំងកងកម្លាំងពិសេសនៃកងកម្លាំងសន្តិសុខអីុរ៉ាក់ ។
កងទ័ពអាមេរិកបានដកចេញពីអីុរ៉ាក់កាលពីដំណាច់ឆ្នាំ២០១១ ៕
ចែករំលែកព័តមាននេះ