រាជធានីភ្នំពេញ ៖ ទីតាំងសម្រាប់ទទួលរៀបចំអាពាហ៍ពិពាហ៍ធំៗ និងមានលក្ខណៈទំនើប ចំនួនពីរកន្លែងនៅក្នុងខណ្ឌសែនសុខ ដែលមានឈ្មោះ ដឹព្រីមៀរ សែនសុខ និងវិមានពិភពថ្មីសែនសុខ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ជ្រើសរើសយកជាទីតាំង សម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ ដែលមានប្រមាណ២០០០គ្រែ ខណៈដែលជំងឺនេះបាននិងកំពុងបន្តរីករាលដាលយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្លៃ ។ នេះបើយោងតាម អគ្គស្នងការដ្ឋាននគរបាលជាតិបានចុះផ្សាយនាព្រឹកថ្ងៃទី២០ ខែមេសានេះ ។
ដើម្បីជំរុញឲ្យការងារ នៃការរៀបចំទីតាំងសម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ទាំង២ទីតាំងខាងលើនេះឱ្យបានលឿន និងសមស្របជាទីតាំងសម្រាប់សំរាកព្យាបាលជម្ងឺ ឯកឧត្តម ឃួង ស្រេ អភិបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៩ខែ មេសា ឆ្នាំ២០២១នេះ បានដឹកនាំអាជ្ញាធរខណ្ឌសែនសុខ និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យទីតាំងនេះជាក់ស្ដែង មុននឹងបញ្ជូនអ្នកជំងឺមកសម្រាកព្យាបាល ។
ទីតាំងទាំង២ ខាងលើនេះ មានទីតាំងនៅជិតផ្សារអី អន២ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងនោះ អាគារវិមានពិភពថ្មីសែនសុខ អាចដាក់គ្រែបានប្រមាណជា៨០០គ្រែ និងអាគារសម្រាប់រៀបចំអាពាហ៍ពិពាហ៍ ដឹព្រីមៀរ ដាក់បានប្រមាណ២០០០គ្រែ ។ សរុបទាំង២ទីតាំងនោះ អាចដាក់បានចំនួនប្រមាណជាង២០០០គ្រែ ។
ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរាជធានី បានធ្វើការណែនាំទៅអាជ្ញាធរខណ្ឌសែនសុខ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចេះការពារខ្លួនឯង កុំអោយឆ្លងកូវីដ-១៩ ពោលគឺ នៅពេលដែលក្រុមការងារបញ្ជូនអ្នកជំងឺកូវីដ-១៩ មកកាន់ទីតាំងនេះ សូមរក្សាគម្លាត និងការពារខ្លួនឲ្យបានម៉ត់ចត់បំផុត ទៅតាមការណែនាំគ្រប់យ៉ាងរបស់ក្រសួងសុខាភិបាល។
ទីតាំងទាំង២ខាងលើនេះ បានរៀបចំគ្រែសម្រាប់អ្នកជម្ងឺរួចរាល់ហើយ គឺនៅតែក្រុមគ្រូពេទ្យ និងក្រុមការងារពាក់ព័ន្ធបញ្ជូនអ្នកជម្ងឺកូវីដ-១៩ មកសម្រាកព្យាបាលតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីរហូតដល់ ៦២៤នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន៤៨នាក់បានជាសះស្បើយ។ អ្នកឆ្លងទាំង៦២៤នាក់ សុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ក្នុងនោះនៅរាជធានីភ្នំពេញ ចំនួន៤៦៥នាក់, ខេត្តកំពង់ចាម ១នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តស្វាយរៀង ៣នាក់, ខេត្តតាកែវ ១០នាក់ និងខេត្តព្រះសីហនុ ១៤៤នាក់ ៕
ចែករំលែកព័តមាននេះ