រាជធានីភ្នំពេញ ៖ អាជ្ញាធរខណ្ឌដូនពេញបានធ្វើការប្តេជ្ញាចិត្ត និងដាក់ឱសានវាទក្នុងការលុបបំបាត់ឲ្យអស់ទូហ្គេមក្នុងភូមិសាស្ត្ររបស់ខ្លួន នៅត្រឹមថ្ងៃទី១៦ មករា ២០១៦ឆាប់ៗខាងមុខនេះ ។
លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានឲ្យកោះសន្តិភាពដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៥ តុលា ២០១៥ នេះ ថា ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យមានភាពប្រសើរឡើង អាជ្ញាធរខណ្ឌដូនពេញមានការប្តេជ្ញាចិត្តនឹងបោសសម្អាតទូហ្គេមក្នុងខណ្ឌដូនពេញឲ្យអស់ក្នុងរយៈពេល៣ខែទៀត ឬបញ្ចប់ល្បែងហ្គេមស៊ីសងតាមសុពលភាពច្បាប់នៅត្រឹមថ្ងៃទី១៦ មករា ២០១៦ ខាងមុខនេះ ដោយមិនអនុញ្ញាតឲ្យមានការបើកថ្មីបន្តទៀតនោះទេ ។
លោក ចាន់ បណ្ឌិត នាយករងរដ្ឋបាលសាលាខណ្ឌដូនពេញ បានឲ្យដឹងថា អាជ្ញាធរខណ្ឌដូនពេញបានចាប់ផ្តើមអនុវត្តន៏ផែនការលុបបំបាត់ល្បែងហ្គេមនេះ ចាប់ពីអំឡុងខែកក្កដា ២០១៥ បន្ទាប់ពីលោក គួច ចំរើន ផ្ទេរពីអភិបាលខណ្ឌមានជ័យ មកជាអភិបាលខណ្ឌដូនពេញភ្លាម ។ ដោយពីដំបូង អាជ្ញាធរបានកោះអញ្ជើញផង និងចុះទៅផ្ទាល់ដល់ម្ចាស់អាជីវកម្មបើកល្បែងហ្គេមទាំងនោះផង ដើម្បីណែនាំពីគោលការណ៏ និងផែនការរបស់អាជ្ញាធរ នៅដើមខែសីហា ២០១៥ អាជ្ញាធរបានចាប់ និងរឹបអូសទូហ្គេមដែលអត់ច្បាប់ បានចំនួន២១ទីតាំង មានចំនួន២៦២ទូហ្គេម ក្នុងនោះ ទូហ្គេមបាញ់ត្រីមានចំនួន៤២ទូ ទូហ្គេមបៀរមានចំនួន២២០ទូ ចំពោះអ្នកមានច្បាប់ត្រូវពន្យារពេលរហូតដល់ផុតកំណត់ ដែលមានសុពលភាពត្រឹមខែមករា ២០១៦ នេះ ហើយអាជ្ញាធរដាក់បម្រាមដាច់ខាតមិនឲ្យមានបើកថ្មីទៀតនោះទេ ។
លោកបានបញ្ជាក់ថា នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញមានទីតាំងបើកល្បែងហ្គេមសរុបប្រមាណ៣៤ទៅ៣៥ទីតាំង ហើយកន្លងមកនេះ អាជ្ញាធរបង្ក្រាបនិងរឹបអូសបាន២១ទីតាំង នៅសល់ជាង១០ទីតាំងទៀត ត្រូវបញ្ចប់នៅត្រឹមខែមករា ២០១៦ នេះតែម្តង ។
គួរកត់សម្គាល់ថា ទូទាំងរាជធានីភ្នំពេញ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ មានទីតាំងបើកល្បែងហ្គេមច្រើនជាងគេ ជាពិសេសនៅតំបន់សំណង់មិនរៀបរយ គេមិនបានដឹងថា អាជ្ញាធរខណ្ឌមុនៗមានការបើកដៃ ឬយ៉ាងណានោះទេ តែសម្រាប់លោក គួច ចំរើន ជាអភិបាលខណ្ឌអាណត្តិនេះ មានការប្តេជ្ញាលុបបំបាត់ឲ្យអស់ ហើយប្រជាពលរដ្ឋក៏មានក្តីសង្ឃឹម និងមានការជឿរជាក់យ៉ាងមុតមាំពីស្នាដៃ និងទេព្យកោសលរបស់អភិបាលខណ្ឌរូបនេះ ដែលមានឆន្ទៈការងារនាពេលកន្លងមក ៕



ចែករំលែកព័តមាននេះ