រាជធានីភ្នំពេញ ៖ ប៉ូលិសខណ្ឌមករាបានតាមចាប់មុខសញ្ញាចោរខាងជំនាញគាស់ផ្ទះលួចទ្រព្យសម្បត្តិពេលយប់២នាក់បានហើយ ពេលដឹកតាមម៉ូតូមិន ត្រូវជនសង្ស័យម្នាក់លោតចុះពីលើម៉ូតូរត់គេចខ្លួនគេច តែត្រូវចាប់បានវិញភ្លាមៗ កាលពីវេលាម៉ោង១២ និង១០នាទីយប់រំលងអធ្រាត្រទី០៥ តុលា ២០១៥ ស្ថិតនៅចំណុចវត្តថ្វាយបង្គំ ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។
សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យ១-ឈ្មោះទ្រីវ សំណាង អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ចំណែកឯជនម្នាក់ទៀតឈ្មោះចាន់ រ័ត្ន អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដដូចគ្នា ហើយជនសង្ស័យទាំង២នាក់ខាងលើនេះ ក៏ទើបតែចេញពីពន្ធធនាគារផងដែរ ។
ប្រភពបន្តថា មុនពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ គឺសម្លាំងសមត្ថកិច្ចជិះម៉ូតូធ្វើការល្បាតតាមមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យ២នាក់នេះកំពុងដើរនៅវត្តថ្វាយបង្គំ ។ ពេលនោះសមត្ថកិច្ចបានហៅជនសង្ស័យឱ្យឈប់ធ្វើការឆែកឆេររកឃើញកាំបិតប៉័ងតោ កូនកាំបិត រួមទាំងរបស់ឆ្កឹះដែលនៅជាប់ខ្លួនរបស់ជនសង្ស័យតែម្តង ។
ដោយមានភស្តុតាងគ្រប់គ្រាន់សមត្ថកិច្ចក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ភ្លាម ហើយសមត្ថកិច្ចក៏ដឹងជនសង្ស័យទៅសួរនាំ តែខណៈដែលសមត្ថកិច្ចមានការធ្វេសប្រហេសបន្តិចស្រាប់តែជនសង្ស័យម្នាក់លោតចុះពីលើម៉ូតូរត់ឡើងលើរបងវត្តថ្វាយបង្គំដើម្បីគេចខ្លួន តែត្រូវសមត្ថកិច្ចដេញតាមជាប់រហូតធ្វើអោយជនសង្ស័យភ័យរត់ឡើងទៅលើផ្ទះប្រជាពលរដ្ឋជាន់ទី៣ទៅទំលើដំបូលដូចស្វាយ បង្កអោយមានការភ្ងាក់ផ្អើលដល់សមត្ថកិច្ចចុះឡោមពន្ធ័ជិតមួយខណ្ឌ៧មករា ទើបសមត្ថកិច្ចចាប់បានមកវិញ ។





ចែករំលែកព័តមាននេះ