អ្នកផ្សារដើមគ ឆ្លងកូវីដថែម ១១៥នាក់ ផ្សារនាគមាស ៨៩នាក់ និងពេទ្យ នៅមន្ទីរពេទ្យលោកសង្ឃ ឆ្លងថ្មី ១៦នាក់ទៀត
- ភ្នំពេញ
ភ្នំពេញ៖ ក្នុងបញ្ជីអត្តសញ្ញាណអ្នកឆ្លងកូវីដ១៩ ដែលសាលារាជធានីភ្នំពេញ បានចេញផ្សាយនៅយប់ថ្ងៃទី១៩ ខែមេសានេះ បង្ហាញថា ក្នុងចំណោមអ្នកឆ្លងកូវីដ១៩ ចំនួន ៤៦៤នាក់ កាលពីថ្ងៃទី១៨ ខែមេសា នៅរាជធានីភ្នំពេញ គឺមានគ្រូពេទ្យ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ឬមន្ទីរពេទ្យលោកសង្ឃ ចំនួន ១៦នាក់ អ្នកផ្សារអូរឫស្សីឆ្លង ៧នាក់ រោងចក្រកាត់ដេរ Fortuna នៅត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ១៣នាក់ អាជីវករផ្សារបឹងត្របែក ១១នាក់។
ក្រៅពីនោះ ក៏មានអាជីវករផ្សារដើមគ ឆ្លងកូវីដ១៩ ដែលទើបរកឃើញកាលពីថ្ងៃទី១៨មេសា ចំនួន ១១៥នាក់ និងអាជីវករ នៅផ្សារនាគមាស ចំនួន ៨៩នាក់។
សូមរម្លឹកថា កាលពីថ្ងៃទី១៧មេសា សាលារាជធានីភ្នំពេញ បានប្រកាសថា គ្រូពេទ្យ នៅមន្ទីរពេទ្យមិត្តភាពកម្ពូជា-ចិន ព្រះកុសមៈ ឬមន្ទីរពេទ្យលោកសង្ឃ បានឆ្លងកូវីដ ចំនួន ២២នាក់។ ចំណែកកាលពីថ្ងៃទី១៨មេសា រដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រកាសពីការរកឃើញអាជីវករផ្សារដើមគ ឆ្លងកូវីដ១៩ ចំនួន ១០២នាក់ ( អាជីវករ ៩៦នាក់ និងសន្តិសុខ ៦នាក់ )។ រីឯកម្មកររោងចក្រកាត់ដេរ Fortuna នៅត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១៨មេសា ក៏ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ប្រកាសថា មានអ្នកឆ្លងកូវីដចំនួន ២១៧នាក់៕
















ចែករំលែកព័តមាននេះ