ប្រទេសថៃ ៖ តាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មឲ្យដឹងថា សហរដ្ឋអាមេរិកបានយល់ព្រមពង្រីកប្រព័ន្ធអនុគ្រោះទូទៅរបស់ខ្លួន (GSP)ចំពោះផលិតផលថៃចំនួន១១មុខនៅឆ្នាំក្រោយៗទៀត ដែលជួយដល់បណ្តាអ្នកនាំចេញរបស់ថៃសន្សំសំចៃលើថ្លៃបង់ពន្ធនាំចូលបានយ៉ាងហោច៧០លានបាត ។
រដ្ឋមន្ត្រីពាណិជ្ជកម្មលោក Apiradi Tantraporn បានថ្លែងថា ចំពោះផលិតផលចំនួន៩មុខរបស់ថៃ សហរដ្ឋអាមេរិកបានសម្រេចផ្តល់នូវការអនុគ្រោះពន្ធ បើទោះជាទំនិញប៉ុន្មានមុខនោះមានអត្រាច្រើនជាង៥០%នៃទីផ្សារនាំចូលយ៉ាងណាក្តី ប៉ុន្តែវាមិនលើសពីតម្លៃដែលបានកំណត់ទុកឡើយ ។ ការអនុគ្រោះពន្ធនេះដែរ ក៏ត្រូវបានពង្រីកបន្ថែមពីរមុខថ្មីទៀត បើទោះជាមុខទំនិញទាំងពីរលើសចំណែកទីផ្សារ និងតម្លៃដែលបានកំណត់ទុកក៏ដោយ ។
ការលើកលែងពន្ធបានចូលជាធរមានកាលពីថ្ងៃទី១ តុលា កន្លងមកនេះ ដែលផលិតផលទាំងនោះមានដូចជា ផ្កាអ័រគីដេស្រស់ ទុរេនស្រស់ ដំណាប់ល្ហុង ដំណាប់អម្ពិល ពោតកែច្នៃ អាហារទុកបានយូរ ល្ហុងកែច្នៃ អាហារកែច្នៃ តុកត្តាក្មេងលេងសឺរ៉ាមិច ដូងកែច្នៃ និងខ្សែទង់ដែងជាដើម ។
លោក Apiradi បានថ្លែងថា ការលើកលែងពន្ធនឹងជួយសន្សំសំចៃដល់អ្នកនាំចូលរបស់ថៃយ៉ាងហោចក៏៧០លានបាតដែរក្នុងមួយឆ្នាំ ។ នៅគ្រានោះដែរ ក្រសួងបានចេញសេចក្តីប្រកាសស្តីពីការគ្រប់គ្រងលើការនាំចេញទំនិញដែលប្រើប្រាស់បានពីរមុខព្រួញ គឺជាប្រភេទផលិតផលនិងបច្ចេកវិទ្យាដែលអាចត្រូវបានប្រើប្រាស់សម្រាប់ទាំងគុណប្រយោជន៍និងវត្ថុបំណងគ្រោះថ្នាក់ ដើម្បីធានាបាននូវសន្តិសុខជាតិ ក៏ដូចជាទាក់ទាញការវិនិយោគបរទេស។ ច្បាប់នេះនឹងចូលជាធរមាននៅថ្ងៃទី ១ មករា ឆ្នាំ២០១៨ ។ ក្នុងនោះមុខទំនិញប្រមាណជា១.២៣០មុខនឹងចាំបាច់ត្រូវតែអនុវត្តតាមការធ្វើនិយ័តកម្មថ្មី ។ ជ្រកក្រោមក្របខ័ណ្ឌនៃការធ្វើនិយ័តកម្មនេះ អ្នកនាំចេញទំនិញប្រើប្រាស់ពីរមុខព្រួញដូចបានលើកឡើងថា ករណីនេះចាំបាច់ត្រូវតែសុំការអនុញ្ញាតពីក្រសួង ។ ប្រព័ន្ធអេឡិចត្រូនិក នឹងត្រួតពិនិត្យបញ្ជីឈ្មោះរបស់អ្នកនាំចូលទាំងនោះដើម្បីបង្ការការពារបណ្តាអ្នកនាំចេញ ថៃ ក្លាយជាអ្នកផ្គត់ផ្គង់ទំនិញគ្រោះថ្នាក់សម្រាប់ពួកភរវកម្មនិងជនទុច្ចរិត ។
ជាឧទាហណ៍មុខទំនិញពីរមុខព្រួញដូចជាកាបូនហ្វាយប័រ អាចប្រើប្រាស់ផលិតដងវាយតឺនីស ប៉ុន្តែក៏អាចជួយដល់ការផលិតអាវុធនុយក្លេអ៊ែរដែរ ។
ការផ្លាស់ប្តូរនេះគឺស្ថិតនៅក្នុងការប្រតិបត្តិតាមកិច្ចព្រមព្រៀងមួយរបស់អង្គសហប្រជាជាតិស្តីពីការកម្ចាត់ចោលទាំងស្រុងនូវសព្វាវុធដែលតម្រូវឲ្យបណ្តារដ្ឋជាសមាជិកចាប់ផ្តើមអនុវត្តវិធានការនានា ដើម្បីគ្រប់គ្រងពាណិជ្ជកម្មលើមុខទំនិញដែលជាអាវុធមុខពីរនោះ ។
តាមការឲ្យដឹងពីក្រសួង ប្រទេសថៃនាំចេញមុខទំនិញនេះបានក្នុងទំហំទឹប្រាក់១,៤ទ្រីលានបាតក្នុងឆ្នាំ២០១៣ ។ បរិមាណនេះពាក់ព័ន្ធនឹងអ្នកនាំចេញ១៤.៧០៧ក្រុមហ៊ុន និងមានមុខទំនិញ៧៣.៩៧១ពីវិស័យផ្សេង ៕
ចែករំលែកព័តមាននេះ