រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវជនសង្ស័យបីនាក់វាយប្លន់យកម៉ូតូមួយគ្រឿង និងកាបូបលុយរួចជិះគេចខ្លួនដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៤០នាទីយប់ ថ្ងៃទី៤ តុលា ២០១៥ នៅចំណុចផ្លូវបឹងកក់ (A6) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនរងគ្រោះមានឈ្មោះ រូវៃយ៉ា អាយុ២៥ឆ្នាំ ភេទប្រុស មុខរបរធ្វើការរោងចក្រ ស្នាក់នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ បាននិយាយរៀបរាប់ថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូមកដើរលេងនៅកោះពេជ្រ ដោយជិះម៉ូតូមួយយគ្រឿង ម៉ាកអាយខន ពណ៌ក្រហមលាយប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1W-4823 ប៉ុន្តែពេលជិះមកដល់អង់តែនទួលគោកក៏បានជួបជាមួយស្ត្រីម្នាក់បានស្រែកហៅខ្លួនគេឱ្យឈប់ តែពេលនោះគេមិនបានឈប់ទេ គ្រាន់តែសួរនាំថាមានរឿងអ្វី នាងក៏បានសុំឱ្យគេជួយជូននាងទៅផ្ទះបន្តិច ដោយមានការអាណិតអាសូរពេកគេក៏ព្រមជូនស្ត្រីទៅផ្ទះតែម្តង ។
ពេលជិះតាមផ្លូវ ស្ត្រីនោះបានសុំរូបគាត់សាកជិះម៉ូតូ ហើយគាត់ក៏ព្រមឱ្យម៉ូតូរបស់ខ្លួនដោយយល់ថា មិនអី ហើយស្ត្រីខាងលើបានដឹកគាត់ជិះទៅកន្លែងផ្លូវស្ងាត់(A6) ក៏ឈប់ម៉ូតូភ្លាម ស្រាប់តែពេលនោះមានជនសង្ស័យបួនទៅប្រាំនាក់ រត់មកចាប់ និងយកកាំបិតពីរភ្ជង់គំរាមប្លន់យកម៉ូតូ និងការបូបលុយទៅបាត់អស់តែម្តង ។
ភ្លាមៗបន្ទាប់ពីកើតហេតុជនសង្ស័យរួមទាំងស្ត្រីនោះក៏គេចខ្លួនបាត់ស្រមោលតែម្តង ។ ទោះជាយ៉ាងណាជនរងគ្រោះបានស្រែកហៅគេឯង និងអ្នកធ្វើដំណើរផ្លូវនេះ ដើម្បីឱ្យគេជួយខ្លួន ខណៈនោះក៏មានបុរសម្នាក់មានការអាណិតអាសូរក៏ព្រមជួយដោយឱ្យទូរស័ព្ទរបស់គេខលទៅវិទ្យុABC សុំឱ្យសមត្ថកិច្ចចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ ។ តែក្រោយពេលកើតហេតុភ្លាមៗ ជនរងគ្រោះមិនបានមកប្តឹងសមត្ថកិច្ចភ្លាមៗ នោះទេ ដោយជនរងគ្រោះត្រលប់ទៅផ្ទះយកកាត់គ្រីម៉ូតូដែលត្រូវគេវាយប្លន់នោះសិន ហើយទើបទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ស្រះចកតាមក្រោយ ៕


ចែករំលែកព័តមាននេះ