ខេត្តស្ទឹងត្រែង ៖ គ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើងកាលពីវេលាម៉ោងជាង១១ព្រឹកថ្ងៃទី៤ តុលា ២០១៥ នៅភូមិស្រែសាណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ។
លោក លត ម៉ារ៉ន នាយនគរបាលប៉ុស្តិ៍រដ្ឋបាលក្បាលរមាស ឲ្យដឹងថា ជនរងគ្រោះឈ្មោះ សំ ប៊ុនចឹង ភេទប្រុស អាយុ៤៣ឆ្នាំ ជាអ្នកភូមិស្រែសាណុកថ្មី បានជិះម៉ូតូមួយគ្រឿងម៉ាកគុបជ្រុង ពណ៌ខៀវ អត់ស្លាកលេខ បើកឆ្លងថ្នល់ពីត្បូងទៅជើង ខណៈមានរថយន្តបើកបរក្នុងល្បឿនលឿនពីលិចទៅកើត មកដល់ក៏បុកពេញទំហឹងបណ្តាលខ្ទាតជាច្រើនម៉ែត្រស្លាប់មួយរំពេច ។ ចំណែករថយន្តបង្កមានគ្នា២នាក់ ក្រោយពីកើតហេតុ បានចុះពីលើរថយន្តរួចរត់គេចខ្លួនបាត់ស្រមោល ។
លោក ខែក សារី នាយរងការិយាល័យចរាចរណ៍ជើកគោក បានឲ្យដឹងថា រថយន្តម៉ាកឡិចស៊ីសRX300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ២T.៩៥២១ បើកបរពីខេត្តស្ទឹងត្រែងឆ្ពោះទៅខេត្តរតនគិរី ដោយបើកក្នុងល្បឿនលឿន លុះមកដល់កន្លែងកើតហេតុ ក៏បុកម៉ូតូជនរងគ្រោះឆ្លងផ្លូវពីត្បូងទៅជើងតែម្តង ។
ក្រោយកើតហេតុ នគរបាលបាននាំយករថយន្ត និងម៉ូតូមករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកខេត្ត ដើម្បីរង់ចាំដោះស្រាយជាក្រោយ ។ ចំណែកសពបានប្រគល់ឲ្យគ្រួសារសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ៕



ចែករំលែកព័តមាននេះ