ខេត្តកំពត ៖ ត្រីផ្សោតក្បាលត្រឡោកទម្ងន់ជាង១០០គីឡូក្រាម មួយក្បាល ងាប់អណ្តែតទឹកសមុទ្រ ត្រូវបានក្រុមអ្នកនេសាទប្រទះឃើញកាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃត្រង់ថ្ងៃទី៤ តុលា ២០១៥ នៅក្នុងសមុទ្រកោះតូច ត្រង់ចំណុចក្បែរផែឧកញ៉ាវិញហ៊ួរ ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ។
ជុំវិញការប្រទះឃើញខ្មោចត្រីផ្សោតមួយក្បាលនេះ ត្រូវបានក្រុមអ្នកនេសាទប្រាប់អ្នកយកព័ត៌មានថា កាលពីម៉ោង៧នាទីព្រឹក គេឃើញអណ្តែតនៅក្នុងសមុទ្រមិនទាន់មកទើរក្បែរផែរនោះទេ ពួកគេក៍ចេញទូកទៅមុជរកអយស្ទ័រហួសទៅ លុះដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃ ពេលត្រឡប់មកវិញ ឃើញអណ្តែតមកទើរក្បែរផែ ក៍យកខ្សែចងកន្ទុយអូសចូលមកតាមព្រែកកោះតូច ដើម្បីឲ្យខាងមន្ត្រីអភិរក្សមច្ឆាសមុទ្រពិនិត្យពីមូលហេតុដែលត្រីដ៍កម្រនេះងាប់ដោយសារអ្វី និងអណ្តែងមកពីណា ។
មន្ត្រីជលផលខណ្ឌរដ្ឋបាលជលផល បានឲ្យដឹងថា ត្រីផ្សោតដ៍ធំជាង១០០គីឡូក្រាមមួយក្បាលនេះ មានឈ្មោះថា «ផ្សោតក្បាលត្រឡោក» ហើយត្រីនេះមិនមែនរស់នៅក្នុងសមុទ្រទឹករាក់នោះទេ អាចរស់នៅម្តុំខាងក្រៅទ្វារកោះសេះ ក្នុងទឹកដីខេត្តព្រះសីហនុ ហើយការងាប់នេះ បើតាមការសន្និដ្ឋានរបស់មន្ត្រីជំនាញថា អាចងាប់ដោយការខាំគ្នា ពីព្រោះក្នុងខែនេះ ត្រីប្រភេទនេះ ជារដូវវាចាំជើងញីឈ្មោល គ្មានអ្នកណាសម្លាប់វាទេ ។
មន្ត្រីជលផលដដែល បានបន្តថា ចំពោះអ្នកនេសាទសមុទ្រ គេមានជំនឿថា បើអូសមងជាប់ត្រីប្រភេទនេះពិតជាស៊យ ដូច្នេះពួកគេកម្រអូសមងនៅតំបន់ដែលមានត្រីផ្សោតនេះរស់នៅណាស់ ។
ក្រោយពីការពិនិត្យរួច សមត្ថកិច្ចជំនាញបានប្រគល់ឲ្យបងប្អូនក្រុមអ្នកនេសាទជួយយកខ្មោចត្រីផ្សោតមួយក្បាលនេះទៅកប់ឱ្យបានត្រឹមត្រូវ ៕


ចែករំលែកព័តមាននេះ