ខេត្តព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី៣ តុលា ២០១៥ កន្លងមក នៅចំណតរថយន្តក្រុមហ៊ុនរោងចក្រផលិតស្រាបៀរអង្គរ ដែលមានទីតាំងស្ថិតនៅសង្កាត់១ ក្រុងព្រះសីហនុ កម្មករបានជួបជុំគ្នា ដើម្បីប្រារព្ឋខួបលើកទី២២ ថ្ងៃទិវាមហាគ្រួសារបេះដូងខ្មែរ សម្រាប់ឆ្នាំ២០១៥ នៅខេត្តព្រះសីហនុ ។
ពិធីខាងលើបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក លីម សេងហុង នាយកបច្ចេកទេសនៃរោងចក្រផលិតស្រាបៀរអង្គរ លោក ឆេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងជាន់ខ្ពស់ ផ្នែកធនធានមនុស្ស និងមានគ្រួសារ កម្មករ កម្មការិនី និយោជិត និងនិយោជក មកចូលរួមចំនួន២.៨៦៨នាក់ ផងដែរ ។
លោក ឆេង សុភ័ក្ត្រ ជួសមុខឱ្យអគ្គនាយក និងគណៈគ្រប់គ្រងរោងចក្រផលិតស្រាបៀរអង្គរ បានសម្តែងនូវភាពរំភើបរីករាយយ៉ាងក្រៃលែង និងបានពាំនាំសាកសួរសុខទុក្ខរបស់លោកអគ្គនាយក ក៏ដូចជាគណៈគ្រប់គ្រងរោងចក្រខាងលើគ្រប់លំដាប់ថ្នាក់ ។ លោកបានបន្តថា ខួបទិវាមហាគ្រួសាររបស់ក្រុមហ៊ុនខាងលើ តែងតែប្រារព្ឋធ្វើជារៀងរាល់ឆ្នាំ ជូនដល់បងប្អូនកម្មករ កម្មការិនី និយោជិត និងក្រុមគ្រួសាររបស់ពួកគាត់។ ក្នុងគោលបំណងដើម្បីបានផ្សារភ្ចាប់នូវចំណងមិត្តភាព សាមគ្គីភាព រវាងក្រុមគ្រួសារទាំងអស់គ្នា ក៏ដូចជាការរឹតចំណងសាមគ្គីភាព ឱ្យកាន់តែល្អប្រសើរឡើង រវាងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាមួយបងប្អូនកម្មករ កម្មការិនី ។
ឆ្លៀតក្នុងឱកាសនេះដែរ លោក ឆេង សុភ័ក្ត្រ បានអំពាវនាវដល់ បងប្អូន កម្មករ កម្មការិនី និយោជិតទាំងអស់ ត្រូវយកថ្ងៃទិវាជាប្រវត្តិសាស្ត្រនេះសម្រាប់ការស្គាល់គ្នា ការរាប់អានគ្នាទៅវិញទៅមក ធ្វើយ៉ាងណាប្រែក្លាយទិវាខាងលើឱ្យដិតដាមទៅដោយអនុស្សាវរីយ៍ដ៏ស្រស់ត្រកាលល្អផូរផង់ សម្រាប់អនាគតដ៏វែងឆ្ងាយ ។
លោកបានបន្ថែមទៀតថា ដោយសារតែក្រុមហ៊ុនស្រាបៀរអង្គរ បេះដូងខ្មែរ ទទួលបានការគាំទ្រ ពីអតិថិជននៅក្នុងប្រទេស ក៏ដូចជាការនិយមគាំទ្រពីអតិថិជន នៅឯក្រៅប្រទេស បានធ្វើឱ្យក្រុមហ៊ុនទទួលបានមេដាយមាស នៅលើឆាកអន្តរជាតិ ហេតុដូចនេះហើយ ទើបក្រុមហ៊ុនមានឱកាសផ្តល់ការងារជូនដល់ប្រជាពលរដ្ឋនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានការងារធ្វើ ជាក់ស្តែងនៅឆ្នាំ២០១៤ កន្លងមក ចំនួនកម្មករ កម្មការិនី មានតែ២.៥៧០នាក់ ប៉ុន្តែឆ្នាំ២០១៥នេះ ចំនួនកម្មករ កម្មការិនី កើនឡើងដល់២.៨៦៨នាក់ ដែលបញ្ជាក់ថា ចំនួននេះចេះតែកើនឡើងជាបន្តបន្ទាប់ ។
លោក ឆេង សុភ័ក្ត្រ បានបញ្ជាក់ទៀតថា កត្តាទាំងនេះហើយ គឺជាចក្ខុវិស័យរបស់ក្រុមហ៊ុនខាងលើ ក្នុងការចូលរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការស្វែងរកការងារធ្វើនៅឯក្រៅប្រទេស ដែលអាចប្រឈមទៅនឹងហានិភ័យដល់អាយុជីវិតគ្រប់ពេលវេលា ហើយក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅជូនដល់បងប្អូនជាកម្មករ កម្មការិនី ឱ្យកាន់តែបានល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ។
នៅចុងបញ្ចប់នៃកម្មវិធីសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី និយោជិតទាំងអស់ បានពិសាអាហារសាមគ្គីក្នុងបរិយាកាសរំភើបរីករាយ និងស្និទ្ឋស្នាលក្រៃលែង ៕


ចែករំលែកព័តមាននេះ