ខេត្តកណ្តាល ៖ នគរបាលស្រុកកោះធំបានឃាត់ខ្លួនជនជាតិវៀតណាម២នាក់ដែលកំពុងជញ្ជូនសត្តអណ្តើកព្រៃដើម្បីឆ្លងដែនដោយខុសច្បាប់ទៅប្រទេសវៀតណាម និងដកហូតបានសត្វអណ្តើកចំនួន៤៤ក្បាល កាលពីវេលាម៉ោង១០ និង៥៥នាទីយប់ ថ្ងៃទី២ តុលា នៅចំណុចក្រោយវត្តសំពៅមាស ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ។
លោកឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះជិន វ៉ៃ ភេទប្រុស អាយុ១៧ឆ្នាំ និងឈ្មោះវ៉ឹង ទូ ភេទប្រុស អាយុ១៩ឆ្នាំ អ្នកទាំង២ជាជនជាតិវៀតណាម រស់នៅភូមិជ្រំធំ ឃុំសំពៅពូន ស្រុកកោះធំ។
លោកអធិការបានឱ្យដឹងទៀតថា កាលពីយប់ថ្ងៃទី២ តុលា កម្លាំងនគរបាលស្រុក និងនគរបាលប៉ុស្តិ៍សំពៅពូនបានល្បាតក្នុងភូមិសាស្ត្រឃុំបានជួបមុខសញ្ញាជនសង្ស័យខាងលើកំពុងជញ្ជូនសត្វអណ្តើកច្រកស្បោងត្រៀមឆ្លងដែនទៅប្រទេសវៀតណាមនៅត្រង់ចំណុចខាងក្រោយវត្តសំពៅមាស ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន។
ពេលក្រុមជនសង្ស័យឃើញសមត្ថកិច្ច ពួកគេបានរត់គេចខ្លួនអស់ខ្លះ និងយកសត្វព្រៃមួយចំនួនដែលច្រកក្នុងស្បោងទម្លាក់ចោលក្នុងទឹកទន្លេអស់ នៅតែជនសង្ស័យ២នាក់ខាងលើត្រូវនគរបាលឃាត់ខ្លួនបានជាមួយនិងសត្វអណ្តើកព្រៃច្រកស្បោង៤ស្បោងនាំមកអធិការនគរបាលស្រុកកសាងសំណុំរឿងចាត់ការតាមច្បាប់៕



ចែករំលែកព័តមាននេះ