ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៣នាក់ត្រូវប៉ូលិសក្រុងដូនកែវឃាត់ខ្លួនបានជាបន្តបន្ទាប់រួមជាមួយថ្នាំញៀន៧កញ្ចប់ធំ(ជិតកន្លះគីឡូក្រាម)កាលពីវេលាម៉ោង១០ និង៤៥នាទីយប់ ថ្ងៃទី២ តុលា ២០១៥ នៅលើផ្លូវជាតិលេខ២ទល់មុខផ្ទះសំណាក់សុខសាន្តក្នុងភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខណៈពេលពួកគេបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ហើយត្រូវប៉ូលិសចុះទៅអន្តរាគមន៍ឆែកឃើញថ្នាំញៀន។
លោកវរសេនីយ៍ត្រីឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវបានឱ្យដឹងថា មុនពេលកើតហេតុរថយន្តម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខ២B៩១៥៣ បានបើកកៀរខឿនចិញ្ចើមថ្នល់នៅចំណុចខាងលើបណ្តាលឱ្យរថយន្តដាច់កង់ក្រោយខាងឆ្វេង ពេលនោះលោកអធិការបានដឹកនាំកម្លាំងទៅត្រួតពិនិត្យ ក៏ឃើញរថយន្តឆ្លាមពណ៌សជារបស់បក្សពួកគេបានឈប់នៅទីនោះដែរ ប៉ូលិសក៏សួរនាំស្រាប់តែអ្នកបើកបររត់គេចខ្លួនបាត់ ពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់បានភ្លាមៗ មានឈ្មោះសែស សុវណ្ណារាន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជិះរថយន្តម៉ាកកាមរីឆ្លាម ពណ៌ស ពាក់ស្លាកលេខ២D២០០៤ ។
បន្ទាប់ពីឃាត់ជាប់ហើយលោកក៏បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ត្រីអ៊ុក សំណាង ស្នងការនគរបាលខត្ត ហើយលោកស្នងការក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើការឆែកឆេររថយន្តឆ្លាមនោះដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៧កញ្ចប់ធំស្មើជិតកន្លះគីឡូក្រាម ទូរស័ព្ទដៃ២គ្រឿង ស្លាកលេខរថយន្ត១ (លេខ២D២៤៩១ភ្នំពេញ) និងសម្ភារមួយចំនួនទៀត។ ចំណែកជនសង្ស័យដែលរត់គេចខ្លួនត្រូវសមត្ថកិច្ចស្រាវជ្រាវតាមចាប់បាន២នាក់ទៀត ឈ្មោះសឿង រ៉ា ភេទប្រុស អាយុ២១ឆ្នាំ និងឈ្មោះឈិន សាន ភេទប្រុស អាយុ២៣ឆ្នាំ ពួកគេរស់នៅភូមិព្រៃទូក ឃុំអង្គញ់ ស្រុកទ្រាំង ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង៣នាក់បានសារភាពថា ពួកគេពិតជាបានរកស៊ីជួញដូរថ្នាំញៀនពិតប្រាកដមែន កុំតែរថយន្តរបស់គេគ្រោះថ្នាក់ដាច់កង់កុំអីសមត្ថកិច្ចចាប់ពួកគេមិនបានទេ៕





ចែករំលែកព័តមាននេះ