ខេត្តបន្ទាយមានជ័យ ៖ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការប្រមាណជិត១០០០នាក់ នាព្រឹកថ្ងៃទី៣ តុលា ២០១៥ បានរួមគ្នាធ្វើពលកម្មសម្អាតអនាម័យ មុនថ្ងៃបុណ្យភ្ជុំបិណ្ឌនៅទីប្រជុំជនក្រុងសិរីសោភ័ណ ។
លោក គោស៊ុំ សារឿត អភិបាលខេត្ត ថ្លែងថា នៅថ្ងៃទី១២ តុលា ជាថ្ងៃបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយនៅថ្ងៃនេះ(៣តុលា) មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តប្រមាណជិត១០០០នាក់ បាននាំគ្នាសម្អាតអនាម័យ ដើម្បីឱ្យមានសោភ័ណភាពក្នុងក្រុងសិរីសោភ័ណ ដែលជាទីប្រជុំជនក្នុងខេត្តបន្ទាយមានជ័យ ។
លោកអភិបាលខេត្តបញ្ជាក់ថា ការរួមគ្នាធ្វើទិវាអនាម័យនេះ ក៏ដូចជាការដាស់តឿន និងណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យមានការភ្ញាក់រលឹក និងចូលរួមធ្វើអនាម័យ និងបរិស្ថានក្នុងក្រុងឱ្យមានសោភ័ណភាពល្អ ដើម្បីប្រឡងប្រណាំងទីក្រុងស្អាត ។ ខេត្តបន្ទាយមានជ័យ ជាខេត្តមួយដែលភ្ញៀវជាតិ-អន្តរជាតិឆ្លងកាត់ ដូច្នេះយើងរួមគ្នាសម្អាត ឲ្យមានបរិស្ថានល្អ ដើម្បីទាក់ទាញភ្ញៀវចូលសម្រាក និងកម្សាន្តក្នុងខេត្ត ។
លោកអភិបាលខេត្តបន្តទៀតថា ទិវាពលកម្មសម្អាតមុនថ្ងៃបុណ្យភ្ជុំបិណ្ឌនេះ គឺមានមន្ត្រីរាជការខេត្ត-ក្រុងជាង៤០០នាក់ និងកម្លាំងកងរាជអាវុធហត្ថខេត្ត និងមន្ត្រីនគរបាលនៃស្នងការដ្ខានខេត្តជាង៥០០នាក់ ៕





ចែករំលែកព័តមាននេះ