ក្រុមរដ្ឋអ៊ិស្លាមបានធ្វើការវាយប្រហារជាលើកទី២នៅប្រទេសបង់ក្លាដែស ។ បុរសជនជាតិជប៉ុនម្នាក់ត្រូវបាញ់សម្លាប់កាលពីថ្ងៃទី៣ តុលា ដោយពួកជនប្រដាប់អាវុធ គឺ៥ថ្ងៃបន្ទាប់ពីការសម្លាប់បុរសអីុតាលីម្នាក់ធ្វើការឱ្យអង្គការមនុស្សធម៌មួយ ។ ការវាយប្រហារទាំង២នេះប្រកាសទទួលខុសត្រូវដោយក្រុមរដ្ឋអ៊ិស្លាម ។
ប៉ូលិសបង់ក្លាដែសគូសបញ្ជាក់ថា ជនរងគ្រោះជនជាតិជប៉ុន លោកហូស៊ី គូនីអូ អាយុ៦៦ឆ្នាំ ត្រូវបាញ់សម្លាប់ក្នុងទីក្រុង KAUNIA ស្រុក RANGPUR នាវេលាម៉ោង១០និង៣០នាទីម៉ោងក្នុងស្រុក ។ លោកជិះក្នុងស៊ីក្លូមួយ ពេលរថយន្តរបស់លោកត្រូវឃាត់ដោយបុរស៣នាក់ជិះម៉ូតូ ។
យោងតាមអ្នកទទួលខុសត្រូវរបស់ប៉ូលិសថា ក្នុងចំណោមបុរសទាំង៣នាក់នេះ បុរស២នាក់បានបាញ់២លើកលើរូបគាត់ត្រង់ទ្រូង ដោយកាំភ្លើងខ្លី ចំណែកម្នាក់ទៀតត្រៀមលើម៉ូតូសម្រាប់រត់គេចខ្លួន ។ មនុស្ស៤នាក់ត្រូវបានហៅមកសួរចម្លើយ តែពុំទាន់មានការចាប់ខ្លួនជនសង្ស័យណាម្នាក់នៅឡើយ ។ ជនរងគ្រោះជនជាតិជប៉ុនរូបនេះតែងមកកាន់បង់ក្លាដែសជាញឹកញាប់ ហើយធ្វើការលើគម្រោងកសិកម្មមួយនៅ RANGPUR ។
រដ្ឋាភិបាលបង់ក្លាដែសនិយាយថា ខ្លួនចាប់អារម្មណ៍ខ្ពស់បំផុតលើការសម្លាប់ជនបរទេសទាំង២ករណីនេះ ។ រដ្ឋមន្ត្រីមហាផ្ទៃបង់ក្លាដែស លោក ASADUZZAMAN KAMAL និយាយថា ការធ្វើឃាតជនស្លូតត្រង់បែបនេះគឺដំដៅបង្កអស្ថេរភាពក្នុងប្រទេស ៕
ចែករំលែកព័តមាននេះ