អង្គការអូតង់ចាប់ផ្តើមពីថ្ងៃទី៤ តុលា ទៅ នូវសមយុទ្ធយោធាដ៏ធំបំផុតមួយពុំធ្លាប់មានចាប់តាំងពីឆ្នាំ២០០២មក ជាមួយការចូលរួមរបស់នាវាចម្បាំងជាង៦០គ្រឿង យន្តហោះប្រយុទ្ធ១៤០គ្រឿង និងទាហានជាង៣៦.០០០នាក់មកពីប្រទេសជាង៣០ ។
សមយុទ្ធយោធានេះមានឈ្មោះថា TRIDENT JUNCTURE-15 សំដៅធ្វើការហ្វឹកហ្វឺន និងសាកល្បងកម្លាំងប្រតិកម្មរហ័សរបស់អូតង់ហៅ NATO RESPONSE FORCE (NRF) ព្រមទាំងរបស់កងកម្លាំងសម្ព័ន្ធមិត្តឯទៀតៗ ។
ក្នុងសេចក្តីប្រកាសមួយចេញផ្សាយកាលពីថ្ងៃទី៣ តុលា ក្រសួងការពារប្រទេសអង់គ្លេសនិយាយថា កងទ័ពទាំង៣ប្រភេទរបស់ចក្រភពអង់គ្លេស គឺកងទ័ពជើងទឹក ជើងអាកាស និងជើងគោកនឹងចូលរួមក្នុងសមយុទ្ធនេះ ។ អ្នកនាំពាក្យម្នាក់របស់ក្រសួងការពារប្រទេសអង់គ្លេសគូសបញ្ជាក់នៅទីក្រុងឡុងដ៍ថា សមយុទ្ធ TRIDENT JUNCTURE-15 នឹងជាការសាកល្បងកម្លាំងរបស់ NRF ដោយផ្តោតជាពិសេសលើការរៀបចំដែលកងកម្លាំងនេះអាចឆ្លើយតបនឹងសភាពការណ៍នៃវិបត្តិ ដោយបង្ហាញពីការរៀបចំតាមភាពបត់បែន និងសមត្ថភាពរបស់អូតង់ឆ្លើយតបចំពោះបណ្តាការគំរាមកំហែងមកពីគ្រប់ទិសទី ។
គ្រោងធ្វើពីថ្ងៃទី៣ តុលា ដល់ថ្ងៃទី៦ វិច្ឆិកា សមយុទ្ធនេះនឹងប្រព្រឹត្តទៅជា២ដំណាក់កាល ។ សមយុទ្ធទ្រង់ទ្រាយធំបែបនេះ អូតង់ពុំធ្លាប់រៀបចំធ្វើឡើយចាប់តាំងពីឆ្នាំ២០០២មក ។
សមយុទ្ធ TRIDENT JUNCTURE-2015 ហៅកាត់ថា TJ-15 បង្ហាញពីកម្រិតថ្មីនៃមហិច្ឆតារបស់អូតង់ក្នុងសង្គ្រាមទំនើបរួម ដោយបង្ហាញថា សង្គ្រាមបែបនេះមានសម្ព័ន្ធភាពដឹកនាំមួយ ។
ទោះបីយ៉ាងណា ឧត្តមសេនីយ៍បារាំង លោក PALOMEROS ជាប្រមុខយោធាអូតង់ម្នាក់ថ្លែងថា សមយុទ្ធ TJ-15 ពុំទាក់ទិនជាពិសេសនឹងភាពតានតឹងបច្ចុប្បន្នជាមួយរុស្ស៊ីឡើយ ។ សមយុទ្ធប្រព្រឹត្តទៅជាពិសេសនៅអុីតាលី អេស្ប៉ាញ និងព័រទុយហ្គាល់ ។ សមយុទ្ធនឹងចូលរួមដោយប្រទេស២៧ ក្នុងចំណោមប្រទេសទាំង២៨ ជាសមាជិកអូតង់ ព្រមទាំងរបស់ប្រទេស៧ជាដៃគូអូតង់ ។
ឧត្តមសេនីយ៍ PALOMEROS បន្តថា បានជាសមយុទ្ធនេះពុំទាក់ទិនជាពិសេសជាមួយភាពតានតឹងនឹងរុស្ស៊ី ព្រោះវាត្រូវបានសម្រេចធ្វើក្នុងឱកាសនៃកិច្ចប្រជុំកំពូលអូតង់កាលពីឆ្នាំ២០១២ នៅទីក្រុងស៊ីកាហ្គោ ។ ពេលនោះយើងនៅមានទំនាក់ទំនងល្អជាមួយរុស្ស៊ី ។ វាពុំមានលក្ខណៈឈ្លានពានឡើយដោយអូតង់បំពេញតួនាទីរបស់ខ្លួនខាងកិច្ចការពាររួម និងគ្រប់គ្រងវិបត្តិ ។
សេណារីយ៉ូរបស់សមយុទ្ធ រួមបញ្ចូលរាល់សមាសភាពនៃសង្គ្រាមសម័យទំនើប ដូចជាកិច្ចការពារប្រឆាំងមីស៊ីល ការវាយប្រហារខាងព័ត៌មានវិទ្យា និងសង្គ្រាម HYBRIDE ជាមួយនឹងបណ្តាប្រតិបត្តិការឃោសនា ។ បណ្តាបណ្តាញសង្គមក៏នឹងជាផ្នែកមួយនៃសមយុទ្ធដែរ ។
យោងតាមឧត្តមសេនីយ៍ PALOMEROS ថាសមយុទ្ធធំបំផុតលើកក្រោយរបស់អូតង់ប្រឆាំងរាល់ការឈ្លានពានជាយថាហេតុនឹងប្រព្រឹត្តទៅក្នុងឆ្នាំ២០១៨ នៅន័រវេស ក្នុងសមុទ្រខាងជើង និងបាល់ទិក ។ សមយុទ្ធនេះសម្រេចធ្វើកាលពីឆ្នាំទៅមិញ បានន័យថា ពេលមានភាពតានតឹងខ្លាំងជាមួយក្រុងមូស្គូ ។
យោងតាមក្រសួងការពារជាតិន័រវែសថា គឺក្រុងអូស្លូដែលស្នើទទួលធ្វើសមយុទ្ធនេះលើទឹកដីខ្លួន ។ សមយុទ្ធ២០១៨នេះនឹងមានទាហានចូលរួមដល់ទៅ២៥.០០០នាក់ ក្នុងរដូវរងាចុងខាងជើងប្រទេស ៕


ចែករំលែកព័តមាននេះ