ការទម្លាក់គ្រាប់បែកដោយច្រឡំលើមន្ទីរពេទ្យមួយរបស់អង្គការគ្រូពេទ្យគ្មានព្រំដែន MSF នៅទីក្រុងគុនឌុសរបស់អាហ្វហ្គានីស្ថានបណ្តាលឱ្យមនុស្សស្លាប់១៩នាក់ ហើយនោះជាការទម្លាប់គ្រាប់បែករបស់យន្តហោះចម្បាំងអាមេរិក ។ អ.ស.ប ចាត់ទុកការវាយប្រហារនោះថា ពុំអាចអភ័យទោសឱ្យបាននិងជាអំពើឧក្រិដ្ឋមួយ ។
នាយស្នងការសិទ្ធិមនុស្ស អ.ស.ប លោក ALHUSSEIN ថ្លែងថា ការវាយប្រហារនោះអាចចាត់ទុកថាជាឧក្រិដ្ឋកម្មសង្គ្រាមប្រសិនបើតុលាការយល់ថាជាអំពើប្រព្រឹត្តដោយចេតនា ។
លោកអំពាវនាវឱ្យមានការស៊ើបអង្កេតដោយស៊ីជម្រៅនិងប្រកបដោយតម្លាភាពមួយ ។ រដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក ASHTONCARTER គូសបញ្ជាក់ថា ការស៊ើបអង្កេតយ៉ាងហ្មត់ចត់មួយកំពុងធ្វើលើឧប្បតិ្តហេតុនោះ ។
អូតង់ដែលមានទាហាន១៣.០០០នាក់ ក្នុងនោះមានទាហានអាមេរិក ១០.០០០នាក់ នៅអាហ្វហ្គានីស្ថាន ពុំបានទទួលស្គាល់ជាផ្លូវការថាការទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យរបស់អង្គការគ្រូពេទ្យគ្មានព្រំដែន ពិតជាទាក់ទិងដល់ការវាយប្រហារតាមអាកាសមួយរបស់អាមេរិកឡើយ ដោយគ្រាន់តែនិយាយពីលទ្ធភាពភាន់ច្រឡំនៃប្រតិបត្តិការតាមអាកាសមួយដែលMSF បានបដិសេធ ។
ក្នុងសេចក្តីប្រកាសមួយលោក MEINIE NICOLAI ប្រធាន MSF ទាមទារឱ្យមានការស៊ើបអង្កេតប្រកបដោយតម្លាភាពបំផុតរបស់កងកម្លាំងចម្រុះ ។ យើងពុំទទួលយកបានឡើយដែលការបាត់បង់ជីវិតមនុស្សយ៉ាងសែនទារុណបែបនេះត្រូវចាត់ទុកត្រឹមជាការខូចខាតមួយជ្រុងមួយ ។
យោងតាមតុល្យការថ្មីមួយរបស់ MSF ថាការវាយប្រហារនោះបណ្តាលឱ្យមនុស្សស្លាប់១៩នាក់ ក្នុងនោះមាននិយោជិត MSF ១២នាក់ និងអ្នកជំងឺ៧នាក់(កុមារ៣នាក់) ចំណែកមនុស្សយ៉ាងតិច៣៧នាក់ត្រូវរបួស ។
ការរៀបរាប់របស់ MSF បណ្តាលឱ្យ អ.ស.ប មានការខឹងសម្បាយ៉ាងខ្លាំង ។ ក្នុងបទសម្ភាសន៍មួយជាមួយ AFP នាយកប្រតិបត្តិការ អ.ស.ប នៅអាហ្វហ្គានីស្ថានលោក BART JANSSENS អះអាងថា ការទម្លាក់គ្រាប់បែកនៅតែបន្តរយៈពេលជាង៤៥នាទីបន្ទាប់ពី MSF ប្រាប់ទៅកងទ័ពអាហ្វហ្គានីស្ថាន និងអាមេរិកថាមន្ទីរពេទ្យខ្លួននៅក្រុងគុនឌុស រងគ្រាប់បែកដោយការវាយប្រហារដំបូងៗក្តី ។ ក្នុងពេលទម្លាក់គ្រាប់បែកក្នុងមន្ទីរពេទ្យនេះមានអ្នកជំងឺ១០៥នាក់ និងបុគ្គលិក៨០នាក់ ជាជនជាតិអាហ្វហ្គានីស្ថាននិងបរទេស ៕
ចែករំលែកព័តមាននេះ