រាជធានីភ្នំពេញ ៖ ការប្រកួតដណ្ដើមពិន្ទុជុំចុងក្រោយក្នុងពូលB កាលពីថ្ងៃសៅរ៍ ទី៣ តុលា រវាងជើងខ្លាំង ឈាន ហុង និង វ៉ាន់ ចាន់វ៉េត បានបង្ហាញយ៉ាងច្បាស់ថា កីឡាករជើងចាស់ វ៉ាន់ ចាន់វ៉េត មិនអាចរកបាន៩ពិន្ទុតាមការចង់បាននោះទេ ។ យ៉ាងណាក៏ដោយ អ្នកទាំង២ក៏នៅតែឈរចំណាត់ថ្នាក់ទី១ និងទី២ ហើយបន្តឆ្ពោះទៅកាន់វគ្គឆ្លងពូលជាមួយពូលA ដដែល ដើម្បីឡើងទៅយកតំណែងជើងឯកក្រុមហ៊ុនស៊ីម៉ង់ត៍អូដ្ឋនៅវគ្គបន្ត ។
បន្ទាប់ពីបញ្ចប់ការប្រកួតម្នាក់៣លើក កីឡាករឈាន ហុង បានក្លាយជាអ្នកមិនធ្លាប់ចាញ់សោះនិងទទួលបាន៩ពិន្ទុពេញឈរនៅលើតារាងក្នុងពូលA ដើម្បីបន្តទៅជួបកីឡាករម្នាក់ក្នុងចំណោម២នាក់ដែលកំពុងប្រទាញប្រទង់គ្នានៅក្នុងពូលB ។ ក្នុងនោះកីឡាករវ៉ាន់ ចាន់វ៉េត ក៏ទទួលបានចំណាត់ថ្នាក់លេខ២ បន្តទៅកាន់វគ្គខ្វែងផងដែរ បើទោះការប្រកួតលើកទី៣របស់គេ គឺចាញ់ហើយបានត្រឹមតែ១ពិន្ទុយកទៅបូកបន្ថែមប៉ុណ្ណោះ ។ ការប្រកួត៣លើក វ៉ាន់ ចាន់វ៉េត ឈ្នះ២ចាញ់១ គឺចាញ់កីឡាករឈាន ហុងចុងក្រោយនេះតែម្ដង ជាមួយនឹងលទ្ធផលត្រូវសន្លប់ក្នុងទឹកទី២ ។ យ៉ាងណាក៏ដោយគេមើលឃើញថា កីឡាករវ៉ាន់ ចាន់វ៉េត មិនចង់ប្រកួតច្រើនជាង ទើបបង្ហាញការតតាំងត្រឹមតែ២ទឹក ក៏សុំចុះចាញ់តែម្ដង ដោយសារតែគេដឹងថា ទោះឈ្នះក៏បានឡើងទោះចាញ់ក៏បានឡើង ដែលចាំបាច់មិនត្រូវចំណាយកម្លាំងសម្រាប់ការប្រកួតនេះទៀតទេ ។ រវាងអ្នកទាំងពីរបើឱ្យប្រកួតត្រឹមត្រូវកីឡាករវ៉ាន់ ចាន់វ៉េត មិនអាចចាញ់ប្រៀបនោះទេ ដោយសារតែគេគឺជាជើងខ្លាំងម្នាក់ ហើយចំពោះបច្ចេកទេសក៏មិនអន់ បើទោះជាកម្លាំងស៊ុហ្វរាងធ្លាក់ខុសពីមុនបន្តិចក្ដី។ វ៉ាន់ ចាន់វ៉េត បើប្រកួតមិនចាញ់សម្លុតឈាន ហុង នោះលទ្ធផលនឹងមិនងាយចប់ដោយស្រួលនោះទេ។ អញ្ចឹងហើយទើបការប៉ះគ្នាហើយ វ៉ាន់ ចាន់វ៉េត បោះបង់ឆាកប្រយុទ្ធកណ្ដាលទី ដោយគ្រាន់តែត្រូវប៉ុន្មានជើង មិនអាចកាត់ក្ដីថាអ្នកណាខ្លាំងអ្នកណាខ្សោយបានឡើយ ។ ២នាក់នេះនឹងឡើងប្រកួតគ្នានៅវគ្គឆ្លងពូលមួយលើកទៀត ទើបអាចដឹងថាអ្នកណាខ្លាំង អ្នកណាខ្សោយពិតប្រាកដ ។ នោះគឺដោយសារតែការប្រកួតនៅក្នុងវគ្គនោះ នឹងមិនមានអ្នកណាសំចៃដៃឱ្យគ្នានោះទេ ដើម្បីឆ្មក់ឱកាសទៅយកតំណែងជើងឯក និងប្រាក់លានដែលទុករង់ចាំ ។
ជាមួយនឹងលទ្ធផលចុងក្រោយសម្រាប់ពូលA គឺរកឃើញហើយដោយឈាន ហុង ឈរលេខ១មាន៩ពិន្ទុពេញ និងកីឡាករវ៉ាន់ ចាន់វ៉េត ឈរលេខ២មាន៧ពិន្ទុ ។ ក្នុងចំណោមពួកគេនឹងទទួលបានប្រាក់លាន ព្រមទាំងពានម្នាក់មួយដោយស្វ័យប្រវត្តិ ដោយសារតែព្រឹត្តិការណ៍នេះកំណត់យកចំណាត់ថ្នាក់៤រូបដោយគ្រាន់តែតម្រូវឱ្យពួកគេបន្តការប្រកួតប្រជែងដើម្បីក្លាយជាជើងឯកនិងទទួលទឹកប្រាក់តាមលំដាប់ ។
លោកសេង កដិកា អ្នករៀបចំការប្រកួតប្រចាំប៉ុស្ដិ៍លេខ៥អះអាងថា ចំណាត់ថ្នាក់លេខ១ នឹងទទួលបានពានជើងឯក និងទឹកប្រាក់២.៥០០ដុល្លារ ។ ចំណាត់ថ្នាក់លេខ២ បានពានតូចមួយនិងទឹកប្រាក់១.០០០ដុល្លារ ។ ចំណាត់ថ្នាក់លេខ៣បានពានតូចព្រមជាមួយទឹកប្រាក់៥០០ដុល្លារ និងចំណាត់ថ្នាក់លេខ៤ បានពានតូចមួយដូចគ្នា ជាមួយទឹកប្រាក់៣០០ដុល្លារ ៕


ចែករំលែកព័តមាននេះ